2024-05-28 16:34
241

ភ្នំពេញ ៈ ក្មេងស្រីម្នាក់ត្រូវរថយន្តសណ្ដោងរ៉ឺម៉កមួយគ្រឿងបើកកិនបែកក្បាលស្លាប់             ភ្លាមៗយ៉ាងរន្ធត់ បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៨និង ៣០នាទីព្រឹកថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៤ ស្ថិតនៅតាបណ្ដោយមហាវិថីឈ្នះឈ្នះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ 

 តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាសពក្មេងស្រីរងគ្រោះមានឈ្មោះសោម ម៉ាលីស អាយុ៤ឆ្នាំ ស្នាក់នៅម្តុំសាលាកូរ៉េ ជាមួយឪពុកម្តាយ។ មុនពេលកើតហេតុស្ត្រីជាម្ដាយបានជិះម៉ូតូមួយគ្រឿងម៉ាក ZOOMER  ពាក់ផ្លាកលេខភ្នំពេញ1IH-3252 ឌុបកូនស្រី ចេញពីផ្ទះ ក្នុងទិសដៅពីជើងទៅត្បូង តាមបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះ ខណៈមកដល់ចំណុចកើតហេតុពេលដែលជាកន្លែអផ្លូវកំពុងជួសជុល ក៏បានព្យាយាមជិះគេច របាំងដែកដែលនៅពីខាងមុខចៃដន្យស្រាប់តែ ទាក់ដៃចង្កូតហើយធ្លាក់កូនស្រី ពីលើម៉ូតូ ស្របពេលនោះក៏មានរថយន្តសណ្ដោងរ៉ឺម៉កមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 3E-1565 បើកបរក្នុងទិសដៅស្របគ្នា បានកិនចំក្បាលក្មេងស្រីបណ្ដាលឲ្យស្លាប់ភ្លាមៗយ៉ាងអាណោចអធម៌នៅនិងកន្លែងកើតហេតុតែម្ដង។ក្រោយកើតហេតុអ្នកបើកបររថយន្តបានព្យាយាមបើកគេចបានចំងាយប្រហែលជា ៣០០ម៉ែត្រ ទើបបើកទ្វាររថយន្តចុះរត់គេចខ្លួនបាត់ស្រមោលផងដែរ ។

 បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យនិងធ្វើការវាស់វែងរួចបានអូសយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ។

 ចំណែកសពក្មេងស្រីរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕