ភ្នំពេញ៖ តាមប្រភពច្បាស់ការបានបង្ហើបឱ្យដឹងថា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ ក្រុមការងារពិសេសរបស់ក្រសួងមហាផ្ទៃ បានចុះប្រមូលព័ត៌មាន និងស្រាវជ្រាវករណីបណ្តឹងរបស់លោក អ៊ាន រិទ្ធី ដែលប្តឹងមកកាន់ក្រសួងមហាផ្ទៃ ពាក់ព័ន្ធការចេញលិខិតអនុញ្ញាតបន្តសុពលភាពសត្តឃាតដ្ឋានមួយកន្លែង មានភាពមិនប្រក្រតីរបស់ប្រធានអង្គភាពច្រកចេញតែមួយខេតត្តកំពង់ធំ។
តាមប្រពភបានបង្ហើបថា អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ បានចេញលិខិតមួយច្បាប់ជម្រាបជួន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ស្តីពី ការចុះទៅប្រមូលព័ត៌មាន និងពិភាក្សាជាមួយរដ្ឋបាលខេត្តកំពង់ធំ ពាក់ព័ន្ធនឹងករណី ប្តឹងប្រធានអង្គភាពច្រកចេញចូលតែមួយ ស្តីពី «ភាពមិនប្រក្រតីក្នុងការចេញលិខិតអនុញ្ញាតបន្តសុពលភាពសត្តឃាតដ្ឋាន» ស្ថិតនៅភូមិត្នោត ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ យោងតាមលិខិតចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ របស់ឈ្មោះ អ៊ាង រិទ្ធី។
ពាក់ព័ន្ធករណីខាងលើ អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានជម្រាបជូន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ថា៖ «កន្លងមកអគ្គនាយកដ្ឋានរដ្ឋបាលទទួលបានបណ្ដឹងពី លោក អ៊ាង វិទ្ធី ដែលបានប្តឹងលោកប្រធានអង្គភាពច្រកចេញចូលតែមួយខេត្តកំពង់ធំ ពាក់ព័ន្ធនឹងភាពមិនប្រក្រតីក្នុងការចេញលិខិតអនុញ្ញាតបន្តសុពលភាពសត្តឃាតដ្ឋាន នៅភូមិត្នោត ឃុំកំពង់ចិនជើងស្រុកស្ទោង ខេត្តកំពង់ធំ»។
ពាក់ព័ន្ធនឹងករណីនេះ អគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ នឹងចាត់តាំងក្រុមការងារចុះទៅប្រមូលព័ត៌មាន និងពិភាក្សាជាមួយរដ្ឋបាលខេត្ត និងភាគីពាក់ព័ន្ធនៅខេត្តកំពង់ធំ ចាប់ពីថ្ងៃទី២៩ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ និងស្នើដល់លោកអភិបាលខេត្ត មេត្តាជ្រាប និងផ្តល់កិច្ចសហការដល់ការចុះប្រមូលព័ត៌មាន និងការពិភាក្សាខាងលើតាមការគួរ។
ជុំវិញការចុះប្រមូលព័ត៌មាន និងពិភក្សាលើការងារនេះជាមួយរដ្ឋបាលខេត្តកំពង់ធំ នៅមិនទាន់មានប្រភពណាអះអាងអំពីលទ្ធផលរកឃើញភាពមិនប្រក្រតី ឬមិនប្រក្រតីរបស់ប្រធានអង្គភាពច្រលចេញចូលតែមួយ នៃរដ្ឋបាលខេត្តកំពង់ធំឡើយ៕