ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើលិខិតថ្លែងអំណរគុណចំពោះ លោកជំទាវ Tanzila Narbaeva ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋអ៊ូសបេគីស្ថាន ដែលបានចូលរួមអបអរសាទរក្នុងឱកាសដែលសម្តេចត្រូវបានបោះឆ្នោតជ្រើសរើសជា ប្រធានព្រឹទ្ធសភា សម្រាប់នីតិកាលទី៥។
សម្តេចតេជោ បានសរសេរក្នុងលិខិតថា៖ «
កម្ពុជា និងអ៊ូសបេគីស្ថាន មានទំនាក់ទំនងមិត្តភាពល្អជាមួយគ្នា ដោយផ្អែកលើការគោរព និងការយោគយល់គ្នាទៅវិញទៅមក ចាប់តាំងពីថ្ងៃបង្កើតទំនាក់ទំនងការទូត រវាងប្រទេសយើងទាំងពីរក្នុងឆ្នាំ១៩៩៥»។
ក្នុងនាមជាប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោទន្ទឹងរង់ចាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយ លោក ជំទាវ និងព្រឹទ្ធសភា នៃសភា នៃសាធារណរដ្ឋអ៊ូសបេគីស្ថាន ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅថែម ទៀតនូវទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការអន្តរសភារបស់យើង ដើម្បីជាប្រយោជន៍ ទៅវិញទៅមករវាងប្រទេស និងប្រជាជនយើងទាំងពីរ៕