ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំចំនួន២ ដាច់ដោយឡែកពីគ្នា ក្នុងនោះរួមមាន ត្រួតពិនិត្យ និងតាមដានអំពីវឌ្ឍនភាពការងារក្នុងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ព្រមទាំងវឌ្ឍនភាពការងារក្នុងការរៀបចំតុលាការពាណិជ្ជកម្ម។
កិច្ចប្រជុំនេះធ្វឡើងនៅថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០២៤ ក្រោយមអធិបតីភាព ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដោយបានដឹកនាំកិច្ចប្រជុំ ចំនួន២ ដាច់ដោយឡែកពីគ្នា ដើម្បីតាមដាន និងត្រួតពិនិត្យអំពីវឌ្ឍនភាពការងារសំខាន់ៗ ដែលក្រសួងយុត្តិធម៌បានដាក់ចេញនាពេលកន្លងមក សំដៅលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃវិស័យយុត្តិធម៌។
ពាក់ព័ន្ធនឹងកិច្ចប្រជុំទាំងពីរនេះ, នៅពេលព្រឹក ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក្នុងនាមជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ បានអញ្ជើញដឹកនាំកិច្ចប្រជុំបច្ចេកទេសជាមួយគណៈកម្មការដឹកនាំយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ និងក្រុមវិភាគ និងប្រឹក្សាយោបល់ ដែលជាសេនាធិការចំណុះឱ្យគណៈបញ្ជាការលើការងារនេះ។
ចំណែកឯពេលរសៀល, ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញដឹកនាំកិច្ចប្រជុំមួយទៀត ដើម្បីពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាព នៃការរៀបចំតុលាការពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា។
កិច្ចប្រជុំទាំងពីរនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងសមាជិកនៃគណៈកម្មការ និងក្រុមការងារដែលមានការពាក់ព័ន្ធ៕