2024-05-30 15:27
365

(បាត់ដំបង)ៈ សត្វកែះដែលជាប្រភេទសត្វដ៏កម្រមួយប្រភេទ ត្រូវបានក្រសួងបរិស្ថានអះអាងថា បានបង្ហាញវត្តមាននៅក្នុងកាមេរ៉ាដែលក្រុមអភិរក្សបានបង្កប់ នៅក្នុងតំបន់ទេសភាពភ្នំថ្មកំបោរ ក្នុងភូមិសាស្ដ្រខេត្តបាត់ដំបង។

 មន្រ្តីបរិស្ថានបានអះអាងថា ថនិកសត្វ ដ៏កម្រប្រភេទនេះ បានបង្ហាញវត្តមានជាមួយនឹងសត្វ ឆ្មាដាវ ឆ្កែចចក ក្តាន់ញ៉ែងតូច ប្រម៉ា សំពោចក្រអូប ឈ្លូស ស្វាត្រោស ស្វាក្ដាម កន្ថឹក និងមាន់ព្រៃ ជាដើម ។

 គួរបញ្ជាក់ថាមន្ត្រីជំនាញក្រសួងបរិស្ថាន និងអង្គការសត្វព្រៃ និងរុក្ខជាតិប្រចាំកម្ពុជា (FFI) សហការជាមួយរដ្ឋបាលខេត្តបាត់ដំបង អាជ្ញាធរ និងសហគមន៍មូលដ្ឋានបានចុះដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិចំនួនជាង៣០គ្រឿងកាលពីខែមករា ឆ្នាំ២០២៤ កន្លងមកនេះនៅតំបន់ទេសភាពភ្នំថ្មកំបោរ ក្នុងភូមិសាស្ដ្រខេត្តបាត់ដំបង ដើម្បីប្រមូលទិន្នន័យជីវចម្រុះក្នុងការគាំទ្រផែនការអភិរក្សការការពារភ្នំថ្មកំបោរ ។ មកដល់ពេលនេះសត្វកែះ គឺជាថនិកសត្វ ដែលកំពុងប្រឈមនឹងគ្រោះថ្នាក់ ដោយសារការបាត់បង់ទីជម្រក ការទាក់ចាប់ ឬបរបាញ់ ដើម្បីយកឈាម សាច់ ស្នែង និងឆ្អឹង ជាដើម ដូច្នេះហើយ ទើបវាត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមអង្គការសហភាពអភិរក្សធម្មជាតិអន្តរជាតិ ( IUCN) ថាជាសត្វងាយរងគ្រោះថ្នាក់ជាសាកល ។

 សត្វកែះ ជាសត្វ ចូលចិត្តរស់នៅតំបន់ព្រៃភ្នំជ្រលង ផ្ទាំងថ្មខ្ពស់ៗ ដែលមានគម្របព្រៃ និងមានស្រទាប់រុក្ខជាតិថ្នាក់ក្រោមច្រើន ហើយមាន ភាពរហ័សរហួន ពូកែស្រង់ក្លិន ភ្នែកពូកែ និងរស់នៅតាមទីជម្រកស្ងាត់ដូច្នេះគេកម្រជួបប្រទះជាមួយវាណាស់ ៕