2024-05-31 15:43
251

ភ្នំពេញ:សពក្មេងប្រុសអាយុ៥ឆ្នាំម្នាក់ត្រូវបានគេប្រទះឃើញអណ្ដែតទឹកស្រះក្នុងវត្តឬស្សីសាញ់ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋានកាលពីវេលាម៉ោង៦នឹង៣០នាទីព្រេកថ្ងៃទី៣១ខែឧសភាឆ្នាំ២០២៤ ស្ថិតនៅចំណុចស្រះត្រីក្នុងបរិវេណវត្តឬស្សីសាញ់ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

 តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាសពក្មេងប្រុសរងគ្រោះមានឈ្មោះ សៅ សាន អាយុ ៥ឆ្នាំ រស់នៅជាមួយម្ដាយជាស្រ្តីមេម៉ាយមានកូនប្រុសស្រី៤នាក់ នៅភូមិ សង្កាត់កើតហេតុខាងលើ 

 ប្រភពបន្ថែមថាមុនពេលកើតហេតុ កាលពីថ្ងៃទី៣០ខែ ឧសភា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១១ព្រឹក មានក្មេងប្រុសតូចៗ២នាក់ ត្រូវជាបងប្អូនជីដូនមួយនិងគ្នាបាននាំគ្នាមកលេងស្រះកន្លែងកើតហេតុ ដើម្បីរកចាប់ត្រី ដែលឡើងគោកបន្ទាប់ពីមេឃភ្លៀង លុះនៅពេលរសៀលឃើញក្មេងប្រុសម្នាក់ដែលទៅលេងទឹកស្រះជាមួយបានត្រឡប់ទៅផ្ទះវិញ ខណៈនោះម្តាយក្មេងប្រុសរងគ្រោះបានសួររកកូន ប៉ុន្តែក្មេងប្រុសនោះមិនឆ្លើយជាហេតុធ្វើឲ្យ ម្ដាយក្មេងប្រុសរងគ្រោះ មានការងឿងឆ្ងល់ ក៏បានដើររកកូនតែមិនឃើញរហូតដល់យប់ ទើបរាយការណ៍ប្រាប់សមត្ថកិច្ច ។លុះព្រឹកឡើងស្រ្តីម្នាក់បានដើរមកមើលត្រីងាប់ក្នុងស្រះក៏ស្រាប់តែប្រទះឃើញសពក្មេងប្រុសរងគ្រោះអណ្តែតទឹកស្រះ ក៏រត់ទៅប្រាប់ម្ដាយ និងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យមើលភ្លាមៗផងដែរ ។

 បន្ទាប់ពីកើតហេតុក៏មានសមត្ថកិច្ចជំនាញចុះទៅពិនិត្យនិងធ្វើកោសល្យវិច័យ រួចបានបញ្ជាក់ថាក្មេងប្រុសរងគ្រោះស្លាប់ដោយសារលង់ទឹក មិនមានជាប់ពាក់ព័ន្ធទៅនិងករណី ឃាតកម្មនោះទេ ក្រោយមកក៏បានធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារដើម្បីរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។