មណ្ឌលគិរី៖ ពិតជារឿងដ៏កម្រកើតមាន និងចម្លែកបំផុត សត្វថ្លែនមួយក្បាលបានរត់ចូលក្នុងមុងហើយខាំម្រាមដៃក្មេងប្រុសម្នាក់ស្លាប់បណ្តាលឲ្យមានឈាមហូរ និងឈឺចុកចាប់យ៉ាងខ្លាំងរួចឪពុកម្តាយបានដឹកបញ្ជូនកូនទៅមណ្ឌលសុខភាព ប៉ុន្តែដោយសារស្ថានភាពផ្លូវលំបាកធ្វើដំណើរភ្លៀង និងរអិល ត្រូវចំណាយរយៈពេលយូទើបទៅដល់ ប៉ុន្តែអ្វីបានហួលពេលក្នេងរងគ្រោះបានស្លាប់តាមផ្លូវមុនដល់មណ្ឌលសុខភាពបាត់ទៅហើយ។
ពាក់ព័ន្ធករណីដ៏កម្រនឹងជួបប្រទះសត្វថ្លែនខាំមនុស្សស្លាប់នេះ បានកើតឡើង នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ភូមិពូរ៉ាប៉េត (អូរតេ) ឃុំ ក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
តាមរបាយការណ៍ បានឲ្យដឹងថា សពកុមាររងគ្រោះ មានឈ្មោះ ហែល បញ្ញា ប្រុស អាយុ៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្ន ភូមិ ពូរ៉ាប៉េត (អូរតេ) ឃុំ ក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
តាមការឆ្លេីយបំភ្លឺរបស់ ឈ្មោះ វណ្ណា ហែល ភេទ ប្រុស អាយុ ៣៨ឆ្នាំ ត្រូវជាឪពុក និងស្ត្រីឈ្មោះ ស្រី ចាន់រ៉ា អាយុ ៣៥ឆ្នាំ ត្រូវជាម្ដាយ បានឲ្យដឹងថា៖ នៅវេលាម៉ោង ០១ និង២០នាទីយប់រំលងអាធ្រាត្រកូនរបស់ពួកគាត់កំពុងតែដេកលង់លក់ក្នុងផ្ទះស្រាប់តែមានសត្វថ្លែនមួយបានចូលក្នុងមុងហើយបានខាំមេដៃខាងឆ្វេងកូនប្រុស បណ្ដាលឲ្យមានឈាមហូរ និងមានភាពឈឺចុកចាប់យ៉ាងខ្លាំងហេីយក៍នាំគ្នាវាយសត្វថ្លែនងាប់បាត់ទៅ។
លុះរហូតដល់ម៉ោង ០២និង០០នាទី ដោយសារកូនឈឺចុកចាប់ខ្លាំងពេក ក៍បានយកកូនទៅមណ្ឌលសុខភាព ឃុំពូជ្រៃ ប៉ុន្តែដោយស្ថានភាពផ្លូវលំបាកមានភ្លៀង និងរអិលផងនោះដល់ពាក់កណ្តាលផ្លូវកូនក៍ធ្វេីទុក្ខកាន់តែខ្លាំង និងមានស្ថានភាពដកចង្កាមាន់ កន្ត្រាក់ដៃ កន្ត្រាក់ជេីង ពេលទៅដល់ប៉ុស្តិ៍សុខភាព នៅវេលាម៉ោង ០៥ និង៣០នាទី ហើយក្រុមគ្រូពេទ្យបានពិនិត្យ និងបានប្រាប់ថា «កូនរបស់គាត់បានស្លាប់បាត់ទៅ ហើយ» មូលហេតុនៃការស្លាប់ដោយសារ «សត្វថ្លែនខាំ»។
ក្រោយកើតមានករណីសត្វថ្លែនខាំស្លាប់ កម្លាំងជំនាញ ដោយមានការចូលរួម ពិនិត្យសពកុមាររងគ្រោះ មានការចូលពីក្រុមប្រឹក្សាឃុំ, ប្រធានមជ្ឈមណ្ឌលសុខភាព ឃុំក្រង់តេះ និងក្រុមគ្រួសារ បានធ្វើកោសលវិច្ឆ័យ និងត្រួតពិនិត្យលើសពពុំឃើញមានស្លាកស្នាមដាច់រលត់នៅលេីសាកសពអ្វីក្រៅពីស្នាមខាំលើមេដៃខាងឆ្វេងរបស់សាកសពឡើយ។ តាមការស្រាវជ្រាវ និងពិនិត្យសព និងប្រមូលព័ត៌មានឃើញថាពុំមានអ្វីគួរឲ្យកត់សម្គាល់ទឡេីយ។
ក្រោយការពិនិត្យទៅលើសពរបស់ជនរងគ្រោះ កម្លាំងជំនាញ ព្រមទាំងគ្រូពេទ្យសន្និដ្ឋានថា «សពខាងលើពិតជាបានស្លាប់ដោយសារសត្វថ្លែនខាំ ពិតប្រាកដមែន»។
បច្ចុប្បន្ន សពត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកពេជ្រាដា បានប្រគល់ជូនក្រុមគ្រួសារ សាច់ញាតិសព ដើម្បីរៀបចំធ្វើ បុណ្យតាមប្រពៃណី៕