2024-06-13 19:35
287

ភ្នំពេញ៖ បុរសម្នាក់បានជិះម៉ូតូ១គ្រឿងមកពីលេងផ្ទះបងប្អូន តាមផ្លូវបេតុងរួចបត់ស្ដាំឡើងលើ ផ្លូវក្រវ៉ាត់ក្រុងទី ៣ ក៏ត្រូវបានរថយន្តកុងតឺន័១គ្រឿងបើកលឿនទៅបុកនិងកិន បណ្ដាលឲ្យបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗ នៅនឹងកន្លែង កើតហេតុ។ 
    បន្ទាប់មករថយន្តបានបើកហួសទៅមុខជាង១០០ម៉ែត្រទើបឈប់ហើយអ្នកបើកបរចុះរត់គេចខ្លួនបាត់ ដោយឡែកប្រជាការពារម្នាក់ក៏បានស្នើរសុំដល់អាជ្ញាធរពាក់ព័ន្ធជួយបំពាក់ភ្លើងស្តុបនៅត្រង់ចំណុចកើតហេតុនោះផង ព្រោះទីនោះមានគ្រោះថ្នាក់កើតឡើងញឹកញប់មកហើយ ។
ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង៦និង០០នាទីល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នៅតាម បណ្ដោយ ផ្លូវក្រវាត់ក្រុងទី៣ ស្ថិតនៅក្នុងភូមិគោកមាសសង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ។
   ជនរងគ្រោះឈ្មោះកុយ នីម ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅម្ដុំវត្តស្លែងសង្កាត់ពងទឹក ខណ្ឌដង្កោ និងមានស្រុកកំណើតនៅភូមិបន្ទាយមាស ឃុំបន្ទាយមាស ស្រុកបន្ទាយមាស ខេត្តកំពត ។
   ប្រជាពលរដ្ឋបាននិយាយថា នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូ១គ្រឿងម៉ាកហុងដាវ៉េវពណ៍ខ្មៅ ពាក់ស្លាកលេខតាកែវ1S-3551 តាមផ្លូវបេតុងក្នុងទិសដៅពីលិចទៅកើតមកពីលេងផ្ទះបងប្អូននៅក្នុងភូមិគោកមាស សង្កាត់ប្រទះឡាង ខណ្ឌកំបូល ។ លុះដល់ត្រង់ចំណុចកើតហេតុបានបត់ស្ដាំឡើងលើ ផ្លូវក្រវ៉ាត់ក្រុងទី៣ក្នុងទិសដៅពីជើងទៅត្បូង ស្រាប់តែមានរថយន្តកុងតឺន័រ១គ្រឿងម៉ាកហុីណូ ពណ៍ស ពាក់ស្លាកលេខភ្នំពេញ3F-5751 បើកបរយ៉ាងលឿនក្នុងទិសដៅពីជើងទៅត្បូងបុកនិងកិនបែកក្បាលស្លាប់ភ្លាមៗតែម្ដង ។
ប្រជាពលរដ្ឋបាននិយាយទៀតថា ក្រោយបុកនិងកិនជនរងគ្រោះស្លាប់ហើយ រថយន្តបង្កនេះបានបើកហូសទៅមុខបានចំងាយប្រមាណជាង១០០ម៉ែត្រទើបឈប់ស្ងៀម ហើយអ្នកបើកបរបានចុះរត់គេចខ្លួនបាត់ស្រមោល ។ ក្រោពេលកើតហេតុនគរបាលប៉ុស្តិ៍ប្រទទះឡាង និងនគរបាលខណ្ឌកំបូលបានចុះទៅកាន់ទីតាំងនោះដើម្បីសម្រួលមិនឲ្យមានការកកស្ទះនិងរាយការណ៍ទៅកាន់នគរបាលការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញចាត់ចែងបន្ត ៕ ស៊ន រតនា