2024-06-26 13:54
395

ភ្នំពេញ៖ គ្រូមន្តអាគមអូមអាប រហ័សមាន «គ្រូផេះ គ្រូអង្កាម» ដែលបានប្រើប្រាស់កាំភ្លើងខ្លីបាញ់ខ្លួនឯងមិនធ្លុះបានថតវីដេអូបងង្ហោះចែកចាយលើបណ្តាញសង្គម ដើម្បីបង្អូតនូវមហិទ្ធិប្ញទ្ធិមន្តគារថា និងវត្ថុស័ក្តសិទ្ធរបស់ខ្លួន ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនមកសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់។

គ្រូមន្តអាគមដែលបង្អូតការបាញ់មិនមុតដុតមិនឆេះប្រឡាក់ផេះមិនស្អុយនោះ មានឈ្មោះ ណុប សក្កដា ហៅ «គ្រូផេះ គ្រូអង្គាម» ភេទប្រុស អាយុ ៥៤ឆ្នាំ រស់នៅភូមិត្រពាំងស្នោរ សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ត្រូវបានបញ្ជូនខ្លួនទៅកាន់តុលាការ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ។

សូមបញ្ជាក់ថា នៅពេលថ្មីៗនេះ មានការបង្ហោះចែកចាយឃ្លីបវីដេអូផ្សព្វផ្សាយលើបណ្ដាញសង្គមពាក់ព័ន្ធសកម្មភាពប្រើប្រាស់អាវុធ ដើម្បីយកមកបាញ់ខ្លួនឯងផ្ទាល់ ដោយសារចង់បញ្ជាក់អំពីក្បួនវេទមន្តខ្លាំងពូកែបង្ហាញដល់អ្នកដទៃមើលថាខ្លួនពូកែបាញ់មិនមុតដុតមិនឆេះ។ 

បន្ទាប់ពីឃើញការផ្សព្វផ្សាយពត៌មាននេះភ្លាម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានដាក់បទបញ្ជាទៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ចុះស្រាវជ្រាវ និងកោះហៅគ្រូឈ្មោះ ណុប សក្កដា ហៅ គ្រូផេះ គ្រូអង្គាម ភេទប្រុស អាយុ ៥៤ឆ្នាំ រស់នៅភូមិត្រពាំងស្នោរ សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ យកមកសួរនាំនៅអអិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ជុំវិញការប្រើប្រាស់អាវុធ។ ក្រោយពីកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ សាកសួររួចនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ លោកស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យឃាត់ខ្លួនជនសង្ស័យ ដើម្បីអនុវត្តតាមផ្លូវច្បាប់។

បើយោងតាមចម្លើយសារភាពរបស់ ជនសង្ស័យ គឺអាវុធខ្លីនោះ គាត់រើសបានជាប្រភេទ អាវុធខ្លី ម៉ាក lock ហើយគាត់ប្រើប្រាស់បាញ់មកលើខ្លួនឯង ចំនួន ០៤គ្រាប់ ដើម្បីអួតអ្នកភូមិពីមហិទ្ធិប្ញទ្ធិខ្លាំងពូកែបាញ់មិនមុត ក្នុងពិធីឡើងអាស្រមបារមីនៅផ្ទះរបស់គាត់កាលពីខែមេសា ឆ្នាំ២០២២ កន្លងទៅ។ ចំពោះអាវុធខ្លីនៅខែដដែលបន្ទាប់មកគាត់យកទៅបោះចោលនៅក្នុងជ្រោះមួយកន្លែងក្នុងខេត្តក្រចេះ។

បច្ចុប្បន្នជនសង្ស័យជាគ្រូមន្ត្តអាគមអូមអាម នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ត្រូវបានកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ កសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕