ភ្នំពេញ៖ បុរសម្នាក់មានជំងឺប្រចាំកាយជិត១០ឆ្នាំមកហើយព្យាបាលមិនជាសោះ ហើយគាត់បានទៅរកគ្រូខ្មែរអោយមើល ត្រូវបានគ្រូខ្មែរប្រាប់ថា កាលពីជាតិមុនគាត់ជាស្ដេចហើយសម្លាប់គេអស់១គ្រួសារ ពេលនេះគេមកចងកម្មពារវិញហើយ។ ក្រោយពីបានដឹងរឿងជាតិមុនបែបនេះបុរសខាងលើតែងតែនិយាយបែបរវើរវាយប្រាប់ប្រពន្ធ បងប្អូនប្អូននិងសាច់ញាតីជាច្រើនថ្ងៃមកហើយថា ជាតិនេះគាត់ចង់ចងកសម្លាប់ខ្លួនដើម្បីសងជីវិតគ្រួសារគេវិញ បន្ទាប់មកក៏ស្រាប់តែចងកស្លាប់មែន ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នៅលើដើមស្វាយតាមផ្លូវបេតុងក្នុងបុរីពិភពថ្មីឈូកវ៉ា២ ភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។
បុរសខាងលើឈ្មោះនូ ពីឡង់ អាយុ៤៧ឆ្នាំ មុខរបរលក់ដូរ មានប្រពន្ធនិងកូនប្រុស២នាក់ មានទីលំនៅផ្ទះលេខ៣៦ ផ្លូវលេខ១២ បុរីឈូកវ៉ា២ គាត់បានយកខ្សែចងអីវ៉ាន់ទៅចងកជាប់ជាមួយដើមស្វាយតាមផ្លូវបេតុងក្នុងបុរីខាងលើ ។
ស្រ្តីចំណាស់ម្នាក់ដែលជាអ្នករស់នៅជិតខាងបាននិយាយថា ជនរងគ្រោះរូបនេះបានមានជំងឺផ្លូវចិត្តប្រចាំកាយជិត១០ឆ្នាំមកហើយព្យាបាលយ៉ាងណាក៏មិនជាដែរ ក្រោយមកបានទៅរកគ្រូខ្មែរឲ្យជួយព្យាបាល ។ ពេលនោះគ្រូខ្មែរប្រាប់ថា កាលពីជាតិមុនគាត់ធ្វើធំណាស់ធ្វើជាស្ដេច ហើយបានសម្លាប់គេអស់១គ្រួសារដោយអត់មានទោស ពេលនេះគេមកចងកម្មពារ ហើយ ។ ក្រោយឮបែបនេះគាត់រួមជាមួយក្រុមគ្រួសារជនរងគ្រោះបាននាំគ្នាអង្វរថា អ្នកអើយឲ្យខ្ញុំសុំទៅ ជាតិមុនគេអញ្ចឹងទៅហើយ ជាតិនេះយកទៅដើម្បីអី ប៉ុន្តែពេលនោះគេអត់ព្រមគេថាគេចង់សងសឹក ព្រោះសម្លាប់គ្រួសារគេដោយអត់មានទោសសោះ ។
ស្រ្តីរូបនេះបាននិយាយទៀតថា ក្រោយមកជនរងគ្រោះតែងតែនិយាយប្រាប់ប្រពន្ធ ប្អូនប្អូននិងសាច់ញាតិជាច្រើនថ្ងៃមកហើយថា ជាតិនេះគាត់ចង់ចងកសម្លាប់ខ្លួនដើម្បីសងជីវិតគ្រួសារគេវិញ ។ រហូតមកដល់យប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ គាត់ដែលជាអ្នកជិតខាងបាននិយាយថា ឡង់អើយកុំគិតផ្ដេសផ្ដាស ប៉ុន្តែជនរងគ្រោះឆ្លើយមកវិញថា អ៊ុំហាខ្ញុំចេះតែចង់ចងក ។ គេនាំខ្ញុំទៅ២ -៣ដងហើយ ប៉ុន្តែចិត្តខ្ញុំចេះតែទាញមកវិញបាន បន្ទាប់មកក៏បានចូលដេក រហូតដល់ពាក់កណ្ដាលអាធ្រាត្រ ជនរងគ្រោះបានក្រោកអុជធូបនិយាយទៅកាន់ព្រលឹងអ្នកដែលត្រូវគាត់សម្លាប់ពីជាតិមុន និងមានបំណងទៅវត្តឧទ្ទិសដល់ព្រលឹងខ្មោចទាំងនោះ ពេលអុជធូបរួចក៏ចូលដេកវិញ ។
ស្រ្តីខាងលើបាននិយាយទៀតថា ក្រោយមកមិនដឹងថាជនរងគ្រោះក្រោកដើរចេញពីផ្ទះតាំងពីពេលណាទេ ប្រពន្ធនិងកូនដេកលក់អត់ដឹងឡើយ រហូតដល់វេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី២៨ ខែមិថុនា ។ ស្រាប់តែមានអ្នកដើរហាត់ប្រាណតាមផ្លូវប្រទះឃើញចងកស្លាប់បាត់ទៅហើយ ទើបទៅប្រាប់ប្រពន្ធនិងកូនបានដឹង និងទៅមើលសពប្ដីនិងឪពុកហើយស្រែកទ្រហ៊ោយំ។ ខណៈនោះបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិក៏រាយការណ៍ទៅសមត្ថកិច្ច មូលដ្ឋាន ជំនាញ កុសលវិច្ច័យ និងវិទ្យាសាស្រ្ត ស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញចុះទៅពិត្យផងដែរ ៕ ស៊ន រតនា