កំពង់ស្ពឺ៖ ឯកអគ្គរាជទូតប្រទេសឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា លោក Santo Darmosumarto បានលើកឡើងថា៖ «អង្ករពីតាមបណ្តាទេសនានាជាង ៣លានតោន ត្រូវបាននាំចូលទៅកាន់ប្រទេសឥណ្ឌូនេស៊ី ជារៀងរាល់ឆ្នាំ ប៉ុន្តែក្នុងចំណោមនោះ មានអង្កររបស់ប្រទេសកម្ពុជា បាននាំចូលទៅប្រទេសឥណ្ឌូនេស៊ី តិចតួចប៉ុណ្ណោះ»។ នេះបើយោងតាមការលើកឡើងរបស់ ឯកអគ្គរាជទូតប្រទេសឥណ្ឌូនេស៊ី ក្នុងជំនួបពិភាក្សាការងារជាមួយ លោកបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤នេះ។
លោក Santo Darmosumarto ឯកអគ្គរាជទូត នៃប្រទេសឥណ្ឌូនេស៊ីប្រចាំកម្ពុជា បានបញ្ជាក់ថា៖ «ជំនួបនេះ គឺក្នុងគោលបំណងពង្រីកទំនាក់ទំនងពាណិជ្ជកម្ម ជាពិសេស ផ្តោតលើវិស័យកសិកម្ម និងកសិឧស្សាហកម្ម ទំនាក់ទំនងរវាងប្រជាជន នៃខេត្តកំពង់ស្ពឺ ពិសេសប្រជាជនកម្ពុជាទាំងមូល និងប្រជាជន នៃប្រទេសឥណ្ឌូនេស៊ីសរុបប្រមាណជាង ២៧១លាននាក់»។
លោកបន្ថែមថា៖ «ប្រជាជនដ៏ច្រើនរបស់ប្រទេសឥណ្ឌូនេស៊ី បាននាំចូលនូវអង្ករប្រមាណជាង ៣លានតោនក្នុងមួយឆ្នាំៗ ពីតាមបណ្តាប្រទេសនានា ដើម្បីបំពេញនូវការហូបចុក ក្នុងនោះក៏មានការនាំចូលអង្ករពីប្រទេសកម្ពុជាផងដែរ។ ប៉ុន្តែក្នុងចំណោមជាង ៣លានតោននេះ គឺអង្ករដែលនាំចេញពីកម្ពុជាក្នុងឆ្នាំ២០២៣ បានត្រឹមតែ ១ ៥០០តោន ឆ្នាំ២០២៤ បានត្រឹមតែ ២ ៣០០តោនប៉ុណ្ណោះ»។
ជាការឆ្លើយតបនឹងការលើកឡើងរបស់ ឯកអគ្គរាជទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា លោកបណ្ឌិត ជាម ចន្ទ័សោភ័ណអភិបាលខេត្តកំពង់ស្ពឺ ក៏បានបញ្ជាក់អំពីសក្តានុពល នៃខេត្តកំពង់ស្ពឺ គឺមានផ្ទៃដីកសិកម្មធំ ជាពិសេសដំណាំស្រូវដែលបំពេញដល់តម្រូវការដល់អ្នកវិនិយោគផ្នែកកសិកម្ម និងកសិឧ្សាហកម្មបាន ហើយជាងនេះផ្នែកឧស្សាហកម្ម ក៏កំពុងមានការលូតលាស់យ៉ាងខ្លាំង ដែលគិតមកទល់ពេលនេះមានរោងចក្រ សហគ្រាសជាង ៤០០កន្លែងផងងដែរ។
អភិបាលខេត្តកំពង់ស្ពឺ ក៏បានសុំឱ្យឯកអគ្គរាជទូតឥណ្ឌូនេស៊ី ជួយគៀងគរអ្នកវិនិយោគ នៃប្រទេសឥណ្ឌូនេស៊ី ដែលមានបំណងចង់រកស៊ីនៅកម្ពុជា ឱ្យងាកមកដាក់ទុនវិនិយោគនៅខេត្តកំពង់ស្ពឺ ដើម្បីបង្កើនឱកាសការងារដល់ប្រជាពលរដ្ឋ៕