ឯកឧត្តមឌុច ចាន់តូ អភិបាលរងខេត្ត តំណាង ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណ:អភិបាលខេត្តរតនគិរីបានអនុញ្ញាតអោយគណ:គ្រប់គ្រង និងបុគ្គលិកអបរំ នៃសាកលវិទ្យាល័យជាតិមានជ័យ ដឹកនាំដោយ ឯកឧត្តម ជា សឿន សាលកវិទ្យាធិការ ជួបសម្តែងការគួរសម និងសិក្សាឈ្វេងយល់អំពីស្ថានភាពទូទៅរបស់ខេត្តរតនគិរី។
ជំនួបនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តរតនគិរីរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤។ ក្នុងឱកាសនេះឯកឧត្តម ឌុច ចាន់តូ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរបំពេញបេសកម្មរបស់គណៈប្រតិភូ គណ:គ្រប់គ្រង និងបុគ្គលិកអបរំ នៃសាកលវិទ្យាល័យជាតិមានជ័យ មកកាន់ទឹកដីខេត្តរតនគិរីនាពេលនេះ។ ឯកឧត្តម អភិបាលរងខេត្តបានជម្រាបអំពី ស្ថានភាពភូមិសាស្រ្ត ស្ថានភាពសេដ្ឋកិច្ច ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងស្ថានភាពវិស័យអប់រំក្នុងខេត្តរតនគិរីជូនគណៈប្រតិភូ សាកលវិទ្យាល័យជាតិមានជ័យបានយល់ដឹងជ្រួតជ្រាបផងដែរ។
ឯកឧត្តម ជា សឿន សាលកវិទ្យាធិការ សាកលវិទ្យាល័យជាតិមានជ័យ បានថ្លែងអំណរគុណចំពោះ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត ដែលបានអនុញ្ញាតអោយឯកឧត្តម ឌុច ចាន់តូ អភិបាលរងខេត្ត ទទួលជួប ប្រតិភូសាកលវិទ្យាល័យជាតិមានជ័យ។ ឯកឧត្តម ជា សឿន បានជម្រាបជូនថា សាកលវិទ្យាល័យជាតិមានជ័យ បានមករៀបចំសិក្ខាសាលាស្តីពី “គរុកោសល្យ និងកម្មវិធីសិក្សា”នៅថ្ងៃទី១១-១២ ខែកក្កដា ឆ្នាំ ២០២៤ នៅខេត្តរតនគិរី ដែលមានបុគ្គលិក អប់រំចូលរួមចំនួន ៣២រូប ស្រី២រូប។ ហើយឆ្លៀតក្នុងឱកាសនេះ ប្រតិភូនឹងទៅទស្សនាតាមតំបន់រមណីយដ្ឋានទេសចរណ៍មួយចំនួនក្នុងខេត្តរតនគិរី។
ឯកឧត្តម ជា សឿន បានកោតសរសើរ និងវាយតម្លៃខ្ពស់សម្រស់ធម្មជាតិនៅតាមរមណីយដ្ឋានទេសចរណ៍នានា និងការរីកចម្រើនក្នុុងខេត្តរតនគិរីផងដែរ។
សូមជម្រាបផងដែរ សាកលវិទ្យាល័យជាតិមានជ័យ ជាគ្រឹះស្ថានអប់រំឧត្តមសិក្សាសាធារណៈមួយដែលស្ថិត នៅក្នុងទីរួមខេត្តបន្ទាយមានជ័យ បានផ្តួចផ្តើមស្ថាបនាដោយឯកឧត្តម កែ គឹមយ៉ាន និងជំទាវ ម៉ៅម៉ាល័យ ព្រមទាំងសប្បុរសជនជាតិនិងអន្តរជាតិ និងបានអនុញ្ញាតឱ្យដំណើរការដោយអនុក្រឹត្យលេខ ២០អនក្រ.បក ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០០៧ ដើម្បីបណ្តុះបណ្តាលធនធានមនុស្សឱ្យមានចំណេះដឹងជំនាញការស្រាវជ្រាវ និងនវានុវត្តន៍ប្រកបដោយឧត្តមភាពឆ្លើយតបតម្រូវការទីផ្សារការងារជាតិនិងអន្តរជាតិ។
សាកលវិទ្យាល័យមាននិស្សិតកំពុងសិក្សាជិត ២ពាន់នាក់ មានមហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្មនិងទេសចរណ៍ មហាវិទ្យាល័យកសិកម្មនិងកែច្នៃអាហារ មហាវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា មហាវិទ្យាល័យសង្គមសាស្ត្រនិងអភិវឌ្ឍន៍សហគមន៍ និងសាលាក្រោយឧត្តម (សាកលវិទ្យាល័យមានជ័យ, ២០២៣)។ ក្នុងរយៈកាលជាង១០ឆ្នាំកន្លងមកនេះ សាកលវិទ្យាល័យជាតិមានជ័យ បានបណ្តុះបណ្តាលធនធានមនុស្ស ៣០០០នាក់ ដែលបាននិងកំពុងធ្វើការនៅទូទាំងប្រទេសកម្ពុជា និងមួយចំនួនតូចក៏បានចេញទៅធ្វើការងារនៅឯបរទេសដូចជាប្រទេសថៃ កូរ៉េ ជប៉ុន និងអ៉ីស្រាអែល។ ធនធានមនុស្សដែលបានទទួលការបណ្តុះបណ្តាលពីសាកលវិទ្យាល័យតែងតែទទួលបានការទទួលស្គាល់លើគុណភាព ក្រមសីលធម៌ការងារ និងទំនាក់ទំនងផងដែរ៕