លោកជំទាវ ជា សុផាកន្នី បានមានប្រសាសន៍ជំរុញភាពស្អាត និងបំផុសការយល់ដឹងជាសាធារណៈឱ្យកាន់តែទូលំទូលាយនៅទូទាំងប្រទេស ជាពិសេសនៅតាមទីជនបទ ដើម្បីផ្លាស់ប្ដូរផ្នត់គំនិត និងទម្លាប់រស់នៅប្រចាំថ្ងៃស្អាត ការពារកុំឱ្យមានការចម្លងជំងឺគ្រុនចាញ់ ដើម្បីអនាគតកម្ពុជាគ្មានជំងឺគ្រុនចាញ់។
នៅក្នុងឱកាសនោះ លោកជំទាវ ជា សុផាកន្នី បានលើកឡើងថា៖ «ការផ្សព្វផ្សាយចំណេះដឹង ស្ដីពី ការការពារ ទប់ស្កាត់ និងលុបបំបាត់ជំងឺគ្រុនចាញ់ និងគ្រុនឈាមនាពេលនេះពិតជាមានសារៈសំខាន់ណាស់ ចំពោះបងប្អូនប្រជាសហគមន៍ និងមន្រ្តីឧទ្យានរក្ស ដែលបាននឹងកំពុងរស់នៅចុះល្បាត និងបម្រើសេវាកម្មអេកូទេសចរណ៍ នៅតាមតំបន់ការពារធម្មជាតិ»។
លោកជំទាវភរិយារដ្ឋមន្រ្តីក្រសួងបរិស្ថាន បានចែកមុងជ្រលក់ថ្នាំ ព្រមទាំងគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ជាច្រើន ជូនដល់ប្រជាសហគមន៍ និងមន្រ្តីឧទ្យានុរក្ស ដែលកំពុងឈរជើងនៅក្នុងតំបន់ការពារធម្មជាតិក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ៕