2024-10-10 13:48
130

ខេត្តតាកែវ៖ ក្រោយស្ពានថ្មមួយកន្លែងតភ្ជាប់ស្រុកបូរីជលសារ ត្រូវបានកាត់ផ្ដាច់ដោយទឹកហូរច្រោះ ពេលនេះ លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាន កាលពីរសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ថា មន្ត្រីជំនាញកំពុងជួសជុលស្ពានថ្មដែលបាក់ស្រុត ដើម្បីប្រើប្រាស់ជាបណ្ដោះអាសន្ន ខណៈជំហានបន្ទាប់ និងកែប្រែថ្មីទាំងស្រុងតែម្ដង...។ 

លោកអភិបាលខេត្តតាកែវ បានឱ្យដឹងថា បន្ទាប់ពីរូបលោកចុះទៅត្រួតពិនិត្យជាក់ស្ដែង ជាមួយរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទ រួច ជំហានដំបូងលោកសម្រេចឱ្យក្រុមការងារជំនាញជួសជុល ដើម្បីប្រើប្រាស់បណ្ដោះអាសន្នសិន ពោលគឺប្រើប្រាស់គ្រឿងចក្រកាយយកអាចម៍ដីចាស់ៗចេញសិន បន្ទាប់មកបុកស្មាច់ ព្រមទាំងទម្លាក់បាវខ្សាច់ចូលតែម្ដង។ 

លោក វ៉ី សំណាង បញ្ជាក់យ៉ាងដូច្នេះថា៖«ទោះជាយ៉ាងណា ជុំវិញបញ្ហានេះ បើតាមការបញ្ជាក់របស់លោករដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទ គឺសម្រេចកែប្រែស្ពានថ្មទាំង៤ នៅភូមិសាស្ត្រស្រុកបូរីជុលសារទាំងស្រុង។ 

មិនត្រឹមតែប៉ុណ្ណោះគម្រោងផ្លូវខាងលើនេះ និងប្រែក្លាយជាផ្លូវបេតុងនាពេលអនាគត»។ សូមជម្រាបថា កាលពីព្រឹកថ្ងៃទី០៩តុលា ឆ្នាំ២០២៤ដដែលនោះ ស្ពានថ្មមួយកន្លែងស្ថិតនៅភូមិកំពុងអំពិល ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ ត្រូវបានកាត់ផ្ដាច់ដោយសារទឹកហូរច្រោះ។ ភ្លាមៗ...ជុំវិញបញ្ហានេះ អាជ្ញាធរបានអំពាវនាវប្រជាពលរដ្ឋ ដែលបាននិងកំពុងធ្វើដំណើរឆ្លងកាត់លើកំណាត់ផ្លូវមួយខ្សែនេះ តាមរយៈមធ្យោបាយ រថយន្ត ម៉ូតូ សូមមេត្តាផ្អាកជាបណ្តោះអាសន្ន ដោយប្តូរទៅប្រើប្រាស់លើការធ្វើដំណើរតាមផ្លូវទឹកជំនួសវិញ ៕