(ភ្នំពេញ)៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ កងរាជអាវុធហត្ថប្រចាំរយៈពេល៩ខែ និងលើកទិសដៅសកម្មភាពការងារត្រីមាសទី៤ ឆ្នាំ២០២៤។កិច្ចប្រជុំនេះមានការចូលរួមពី លោកនាយសេនាធិការ លោកមេបញ្ជាការរង លោកនាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ លោកមេបញ្ជាការ-មេបញ្ជាការរង នាយសេនាធិការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងលោកមេបញ្ជាការ-មេបញ្ជាការរង វរសេនាតូច ព្រមទាំងសមាជិកអាវុធហត្ថពាក់ព័ន្ធជាច្រើនរូបទៀត។
នៅក្នុងឱកាសនោះលោកឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង បានថ្លែងអំណរគុណ និងកោតសរសើរដល់អង្គភាពចំណុះ រួមទាំងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ដែលបានខិតខំបំពេញតួនាទីភារកិច្ចចូលរួម ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ និងនៅតាមមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនាពេលថ្មីៗនេះ បានយ៉ាងល្អប្រសើរផងដែរ ។
ជាមួយគ្នានោះលោកក៏បានណែនាំឲ្យកម្លាំងអាវុធហត្ថ ត្រូវបន្តខិតខំ អនុវត្តភារកិច្ច បទបញ្ជាទាំងឡាយដែលថ្នាក់លើបានដាក់ចុះ ដោយត្រូវរួមសាមគ្គីគ្នាពង្រឹងការអនុវត្តការងារស្នូល បង្ការ បង្ក្រាប សង្គ្រោះ គោរពច្បាប់ គោរពសិទ្ធិមនុស្ស ប្រកាន់ភ្ជាប់នូវវិន័យសណ្តាប់ធ្នាប់ឲ្យបានល្អបន្ថែមទៀត ជាពិសេសត្រូវចូលរួមអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់ ក្នុងការទប់ស្កាត់បញ្ហាគ្រឿងញៀន ក៏ដូចជា បញ្ហាក្មេងទំនើង ដោយត្រូវអនុវត្តគ្រប់វិធានការឲ្យបានតឹងរឹងបំផុត ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ជាដើម៕