2024-10-21 10:10
109

ហឺណាន៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងក្រុមកីឡាករ គុនល្បុក្កតោកម្ពុជា ចូលរួមព្រឹត្តិការណ៍បើក «ការសម្តែងក្បាច់គុនរួមគ្នា ល្បុក្កតោ-សៅលីញ ហឺណាន-កម្ពុជា» នាឱកាសព្រឹត្តការណ៍ពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣ (The 13th China Zhengzhou International Shaolin Wushu Festival)។

ព្រឹត្តការណ៍ពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣ (The 13th China Zhengzhou International Shaolin Wushu Festival) បានរៀបចំឡើងនៅរសៀលថ្ងៃសៅរ៍ ទី១៩ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងតឹងហ្វឹង ខេត្តហឺណាន ប្រទេសចិន។ ក្រុមកីឡាករ គុនល្បុក្កតោកម្ពុជា បានចូលរួមកម្មវិធី «ការសម្តែងក្បាច់គុនរួមគ្នា ល្បុក្កតោ-សៅលីញ ហឺណាន-កម្ពុជា» ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកទី១ ដែលក្បាច់គុនល្បុក្កតោរបស់កម្ពុជា បានសម្តែងនៅមុខព្រះវិហារសៅលីញដ៏ល្បីល្បាញក្រោមការដឹកនាំរបស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

នេះជាព្រឹត្តការណ៍ដ៏អស្ចារ្យ ប្រកបដោយមោទកភាពក្រៃលែង និងមិនធ្លាប់មានពីមុនមកដែលមានការសម្តែងក្បាច់គុនពីប្រទេសផ្សេង ធ្វើនៅមុខក្លោងទ្វារព្រះវិហារសៅលីញនោះទេ។ 

ដើម្បីអបអរសាទរការប្រារព្ធ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤» កាលពីខែមេសា  ឆ្នាំ២០២៤ នាពេលកន្លងមកនៅលើទឹកដីសៀមរាប-អង្គរ រដ្ឋបាលខេត្តហឺណាន បានដឹកនាំអ្នកសម្តែង និងកីឡាករសៅលីញ ទៅសម្តែងរួមគ្នាជាមួយក្រុមកីឡាករល្បុកតោកម្ពុជា ក្នុងព្រឹត្តិការណ៍ “When Shaolin Meets Bokator at Angkor” ។ 

នៅថ្ងៃនេះកម្ពុជាបាននាំល្បុក្កតោមកជួបសៅលីញ នៅវិហារសៅលីញ  ខេត្តហឺណាន ប្រទេសចិនវិញម្តង។

តាមរយៈព្រឹត្តិការណ៍អន្តរជាតិនេះដែលមានការចូលរួមពី ៥៦ប្រទេស កីឡាករ សមាគមទេសចរណ៍ ផ្នែកឯកជន និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណ ១២០០នាក់ និងសិស្ស គ្រូ     សម្តែងក្បាច់គុន មានចំនួនប្រមាណ ៣ ម៉ឺននាក់ ដូច្នេះ ឯកឧត្តមរដ្ឋមន្ត្រី មានជំនឿយ៉ាងមុតមាំថា «កម្ពុជាអាចផ្សព្វផ្សាយកាន់តែទូលំទូលាយនូវក្បាច់គុនខ្មែរ វប្បធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជាទៅកាន់ពិភពលោក»៕