2024-10-21 02:10
109

មណ្ឌលគិរី៖ ដំណើរទស្សនកិច្ចទិសឦសានជើងទី៦ លើតម្រាយផ្លូវខេត្តក្រចេះ មណ្ឌលគិរី រយៈពេលមួយយប់ពីរថ្ងៃ (១៩-២០) បានបញ្ចប់ដោយជោគជ័យ ពោរពេញដោយក្តីរីករាយ ស្នាមញញឹម និងមោទនភាពចំពោះរាជរដ្ឋាភិបាលដែលបានស្ថាបនាផ្លូវក្រវាត់ព្រំដែន និងបោះបង្គោលព្រំដែនកម្ពុជា-វៀតណាមបានយ៉ាងត្រឹមត្រូវនិងរឹងមាំ។

ដំណើរទស្សនកិច្ចទិសឦសានជើងទី៦ ខេត្តក្រចេះ-មណ្ឌលគិរី នៅថ្ងៃទី១៩ និងទី២០ ខែតុលា ឆ្នាំ២០២៤ នេះ មានបងប្អូនប្រជាពលរដ្ឋសរុបជាង ២០០ នាក់ចូលរួមដើម្បីស្វែងយល់ពីការពិតនៃកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ។ 

ក្នុងនោះប្រជាពលរដ្ឋ បានទស្សនាច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ ស្រុកស្នួល ខេត្តក្រចេះ ផ្លូវក្រវាត់ព្រំដែន បង្គោលព្រំដែន ចំការដំណាំរបស់ប្រជាពលរដ្ឋ ការនេសាទត្រីតាមអូព្រំដែន ច្រកទ្វារព្រំដែនឡាប៉ាខេ ខេត្តមណ្ឌលគិរី និងបង្គោលព្រំដែនដាក់ដាំ ក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី មុននឹងធ្វើដំណើរវិលត្រឡប់មករាជធានីភ្នំពេញវិញ។ 

ក្រោយពីបញ្ចប់ដំណើរទស្សនកិច្ចនេះប្រជាពលរដ្ឋបានថ្លែងថា៖ «ឮ១០០០ដង មិនស្មើនឹងឃើញផ្ទាល់ភ្នែក១ដង» ហើយការភូតកុហក និងបំភ្លៃការពិតនៅលើបណ្តាញសង្គមគ្មានតម្លៃសម្រាប់ការជឿជាក់របស់គាត់នោះទេ។ 
 

ពួកគាត់ជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិឱ្យបានគង់វង្សស្ថិតស្ថេរជារៀងដរាបតទៅ។
 

សូមជម្រាបថា ដំណើរទស្សនកិច្ចទិសឦសានដែលផ្តល់ជូនដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ដោយឥតគិតថ្លៃនេះ នឹងបន្តធ្វើរហូតដល់ខែធ្នូ ដាច់ឆ្នាំ២០២៤៕