2024-10-22 01:10
39

(កែប)៖ នៅថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២៤នេះឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍លើកឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ៩ ខែឆ្នាំ២០២៤និងលើកទិសដៅបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែបដោយមានវត្តមានចូលរួមពីដំណាក់ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែបនិងមានការអញ្ជើញចូលរួមឯកឧត្តម លោកជំទាវអភិបាលរងខេត្តនិងលោកលោកស្រីប្រធានអនុប្រធានសមាជិកសមាជិកាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប ក្រុង ស្រុក ទាំងពីរ ឃុំ កង្កាត់ ភូមិនិងមន្ត្រីរាជការពាក់ព័ន្ធមួយចំនួនបានអញ្ជើញចូលរួមយ៉ាងច្រើនកុះករផងដែរ។
 

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប មានប្រសាសន៍ថា ខេត្តកែប ជាទីក្រុងទេសចរណ៍ ដូចនេះយើងត្រូវផ្តោតសម្រេចឱ្យបាននូវចក្ខុវិស័យយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ក្នុងការផ្គត់ផ្គង់ទឹក ភ្លើង ផ្លូវ ដោយឡែកធនធានមនុស្ស និងបច្ចេកវិទ្យា ត្រូវផ្ដើមចេញពីសេវាពេញលេញផ្នែកទូរគមនាគមន៍។
 

ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍ថា ខេត្តកែប ជាខេត្តដែលមានសក្តានុពល លើវិស័យទេសចរណ៍ ដូច្នេះរាល់ការអភិវឌ្ឍខេត្តត្រូវផ្តោតសំខាន់ ទៅលើការកែលម្អសោភ័ណភាព ហេដ្ឋារចនាសម្ព័ន្ធ តួយ៉ាងកន្លងមកខេត្តកែបសម្រេចបានជាបណ្តើរៗ នូវសមិទ្ធផលដែលគាំទ្រដល់វិស័យទេសចរណ៍ ដូចជា ឆ្នេរ២,៧០០ម៉ែត្រ ផែទេសចរណ៍កោះទន្សាយទាំងលើគោក និងលើកោះ ផ្លូវប្របមាត់សមុទ្រ ភ្ជាប់ពីរមណីយដ្ឋានក្រុងកែប ឆ្ពោះទៅកាន់ឆ្នេរអង្កោលប្រវែងប្រមាណជាង ១២គីឡូម៉ែត្រ ទីលានចាក់សម្រាម និងសមិទ្ធផលនានាជាច្រើនទៀត និងមានគម្រោង ផ្លូវជិះកង់ពីខេត្តកែប ទៅខេត្តកោះកុង ការកែលម្អតាមបណ្តាកោះ ឆ្នេរ ឧទ្យានជាតិនៅចំកណ្ដាលក្រុង ដែលសុទ្ធសឹងតែជាសក្កានុពលក្នុងវិស័យទេសចរណ៍។
 

ក្នុងនោះដែរ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំដល់មន្ទីរ អង្គភាពជំនាញខេត្តត្រូវអនុវត្តតួនាទីភារកិច្ចអោយបានល្អ ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ជាពិសេសជំរុញឱ្យមានហេដ្ឋារចនាសម្ព័ន្ធផ្លូវ អគ្គិសនី និងប្រព័ន្ធធារាសាស្រ្តទៅដល់ប្រជាពលរដ្ឋនៅតាមជនបទឲ្យបានគ្រប់គ្រាន់។
 

ឯកឧត្ដម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានមានប្រសាសន៍ថា តាមរយ:រាជរដ្ឋាភិបាល ដែលបានដាក់អោយអនុវត្តនូវគោលនយោបាយ  ភូមិ ឃុំ សង្កាត់ មានសុវត្ដិភាព ខេត្តកែប ជាបន្តបន្ទាប់ បានប្រឹងប្រែងអនុវត្តន៍ ក្នុងរយ:ពេល៩ខែដើម ឆ្នាំ២០២៤នេះ ខេត្តសម្រេចបាននូវលទ្ធផលល្អប្រសើរ។
 

ជាមួយគ្នានោះ ខេត្តបានជម្រុញលើកទឹកចិត្តប្រជាពលរដ្ឋគ្រប់មជ្ឃដ្ឋាន  រួមគ្នាបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រប់ប្រភេទនៅតាមមូលដ្ឋាន ពិសេសបទល្មើសគ្រឿងញៀន ក្មេងទំនើង ការជួញដូរមនុស្សសកម្មភាពលួចឆក់ប្លន់ និងល្បែងស៊ីសងខុសច្បាប់ជាដើម ព្រោះបទល្មើសទាំងនោះ សុទ្ធសឹងតែជាបទល្មើសដែលបង្ករអសន្ដិសុខនៅក្នុងមូលដ្ឋាន។


ឯកឧត្តមអភិបាលខេត្ត  ក៏បានបន្ថែមថា តាមរយៈក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប ខេត្តនៅតែបន្តអនុវត្តបណ្តាសកម្មភាពជាអាទិភាពនានា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ធ្វើឱ្យសម្រេចបាននៅចក្ខុវិស័យប្រទេសកម្ពុជា ជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ តាមរយៈការកៀគរដៃគូអភិវឌ្ឍន៍នានាមកអភិវឌ្ឍន៍ខេត្ត ដើម្បីបង្កើនមុខរបរ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋ។(សឹង រ៉ាត់)