(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ បានផ្ដល់គោលការណ៍ឲ្យពិនិត្យបញ្ចូលក្រុមស្ម័គ្រចិត្តពន្លត់អគ្គិភ័យ ទៅជាមន្ដ្រីនគរបាលជាតិតែម្ដង ដើម្បីជាការលើកទឹកចិត្តចំពោះការលះបង់ក្នុងបេសកកម្មពន្លត់អគ្គិភ័យ ជាមួយមន្ដ្រីនគរបាលជំនាញនាពេលកន្លងមក។
ក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «មជ្ឈមណ្ឌលប្រចាំបញ្ជាសង្គ្រោះអគ្គិភ័យ» នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នាយឧត្តមសេនីយ៍ ស ថេត បានមើលឃើញថា ក្រុមស្ម័គ្រចិត្តពន្លត់អគ្គិភ័យ ត្បិតមិនមែនជាមន្ដ្រីដែលទទួលបានការឧបត្ថម្ភ ប៉ុន្ដែមានឆន្ទៈខ្ពស់ក្នុងការចូលរួមជាមួយកម្លាំងនគរបាលជំនាញ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋមិនថាយប់ថ្ងៃឡើយ។
នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងយ៉ាងដូច្នេះថា «អ្នកដែលស្ម័គ្រចិត្តចូលរួមក្នុងការបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះនេះ គឺជាការប្ដេជ្ញាចិត្តរបស់ខ្លួនយ៉ាងធំធេងដើម្បីមិនឲ្យប្រជាពលរដ្ឋបាត់បង់ ឬខូចខាតទ្រព្យសម្បត្តិ។
គាត់សុខចិត្តចូលរួម ដោយមិនទទួលបានអ្វីច្រើនលើសលប់ទេ ដូច្នេះខ្ញុំគិតថា នៅតាមអង្គភាពដែលមានមន្ដ្រីកិច្ចសន្យា ដែលមិនទាន់មានក្របខ័ណ្ឌនគរបាលជាតិ អ្នកដែលសកម្មល្អត្រូវរៀបចំជូន»។
ចំពោះការងារនេះ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានប្រគល់ភារកិច្ចជូនប្រធាននាយដ្ឋានជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំងអស់ ពិនិត្យមើលអ្នកស្ម័គ្រចិត្តរូបណាដែលសកម្មជាមួយការងារកន្លងមក ហើយមានអតីតភាពបម្រើការងារដោយស្ម័គ្រចិត្តយូរ ដើម្បីបំពេញក្របខ័ណ្ឌទៅតាមជំហ៊ានជាបន្ដបន្ទាប់តែម្ដង។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ស ថេត បានណែនាំឲ្យខិតខំលើកកម្ពស់សមត្ថភាពមន្ត្រីប្រចាំប្រចាំបញ្ហា ប្រកបដោយគុណភាព និងមានប្រសិទ្ធភាព ជាពិសេសកម្លាំងប្រតិបត្តិការបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ រួមទាំងភ្នាក់ងារកាតព្វកិច្ចពន្លត់អគ្គិភ័យ ក្រុមពន្លត់អគ្គិភ័យស្ម័គ្រចិត្តនៅមូលដ្ឋាន ដោយត្រូវផ្ដល់ការគាំទ្រលើការងារបណ្តុះបណ្តាល ការបំពាក់មធ្យោបាយ ឧបករណ៍ សម្ភារបច្ចេកទេស សម្ភារសាមញ្ញ ឬបុរាណឲ្យអស់លទ្ធភាព ដើម្បីឲ្យពួកគេមានលទ្ធភាពគ្រប់គ្រាន់ចូលរួមបង្ការ ពន្លត់ និងសង្គ្រោះបានទាន់ពេលវេលា។
ដោយឡែក អង្គភាពនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវត្រៀមលក្ខណៈសម្បត្តិ គ្រប់បែបយ៉ាង និងគ្រប់កាលៈទេសៈ ក្នុងការចេញអន្តរាគមន៍សង្គ្រោះពេលមានហេតុការណ៍ គ្រោះថ្នាក់អគ្គិភ័យកើតឡើង។
នេះបើតាមអ្វីដែលជាការបញ្ជាក់បន្ថែមពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ។