រតនគិរី ៖ នាថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០២៤ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីបច្ចេកទេស លោក ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានអញ្ជើញទៅពិនិត្យស្ថាបភាពផ្លូវ ចំនួនពីរខ្សែ និងទីតាំងសង់ស្ពានមួយកន្លែង។
តាមរបាយការណ៍របស់ក្រសួងបានឱ្យដឹងថា ខ្សែទី១ ឈ្មោះ កញ្ចាញ-ចាអុង-ហាត់ប៉ក (RK-3) គ្រោងសាងសង់ជាផ្លូវក្រាលកៅស៊ូ ២ ជាន់ ប្រវែងសរុប ៣៨,៦០ គីឡូម៉ែត្រ ក្នុងនោះប្រវែង ក្រសួងបានដាក់បញ្ចូលក្នុងគម្រោងស្ដារបន្ទាន់របស់មន្ទីរ ប្រវែង ៧គីឡូម៉ែត្រ ស្ថិតក្នុងឃុំត្រពាំងច្រេស ដល់ឃុំសេរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី។
ផ្លូវមួយខ្សែរនេះ ត្រូវបានក្រសួងដាក់ជួសជុលជាផ្លូវល្បាយក្រួសប្រវែង ៧គីឡូម៉ែត្រ និងឱ្យមន្ទីអភិវឌ្ឍន៍ជនបទខេត្តរតនគិរី ជួសជុលលក្ខណៈបន្ទាន់ជាផ្លូវល្បាយក្រួស ប្រវែង ៣គីឡូម៉ែត្រ ជូនប្រជាពលរដ្ឋប្រើប្រាស់មុននឹងលើកកម្រិតផ្លូវនេះ ជាផ្លូវក្រាលកៅស៊ូពីរជាន់ DBST ក្នុងក្របខណ្ឌគម្រោង NRCIP ។
ចំពោះខ្សែទី២ គម្រោងស្ថាបនា ផ្លូវដីល្បាយក្រួសប្រវែង ៩គីឡូម៉ែត្រ និងបានពិនិត្យការដ្ឋានសាងសង់ទំនប់បង្ហៀរ ១កន្លែងមានប្រវែង ៦០ ម៉ែត្រ ទទឹង ៧ម៉ែត្រ ស្ថិតក្នុងឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរីក្នុងគម្រោងទឹកជំនន់។
បន្ទាប់មកលោករដ្ឋមន្រ្ដី រួមដំណើរដោយ លោកអភិបាលខេត្ត និងនាយឧត្ដមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការកងវិស្វកម្ម
សម្តេចតេជោ ហ៊ុន សែន សៀមរាប ព្រមទាំងប្រតិភូ បានអញ្ជើញទៅពិនិត្យទីតាំងសាងសង់ស្ពាមួយកន្លែងឆ្លងកាត់អូរទទឹង មានប្រវែង ៣៦ម៉ែត្រ ស្តិតនៅភូមិសាមខា ឃុំជ័យឧត្តម ស្រុកលំផាត់។
បច្ចុប្បន្នទីតាំងនេះ មិនទាន់មានស្ពានឆ្លងកាត់នៅឡើយ ដោយប្រជាពលរដ្ឋត្រូវប្រើប្រាស់ទូកដើម្បីចម្លង។ ក្នុងឱកាសចុះត្រួតពិនិត្យនេះ លោករដ្ឋមន្ត្រីបានណែនាំឲ្យមន្ទីអភិវឌ្ឍន៍ជនបទខេត្តរតនគិរី ពិនិត្យលទ្ធភាពក្នុងការសាងសង់ស្ពានដែក បណ្តោះអាសន្នសម្រាប់សម្រួលដល់ការធ្វើដំណើរបស់ប្រជាពលរដ្ឋទៅមក។
សូមបញ្ជាកផងដែរថា ការអញ្ជើញទៅពិនិត្យស្ថានភាពផ្លូវខ្សែទី១ និងទីតាំងសាងសង់ស្ពានមួយកន្លែងខាងលើនេះ ដើម្បីឆ្លើយតបតាមសំណូមពរ និងសេចក្ដីត្រូវវការជាចាំបាច់របស់អាជ្ញាធរក៏ដូចជាប្រជាពលរដ្ឋនៅតំបន់នោះ ៕