សិល្បៈជាតិ៖ ចម្លាក់បដិមាទ្វារបាលចំនួន១២ ធ្វើពីថ្មភក់ត្រូវបានក្រុមបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា សហការជាមួយក្រុមការងាររដ្ឋាភិបាលចិន-កម្ពុជា ដើម្បីថែរក្សារមណីយដ្ឋានអង្គរ(CCSA) ប្រទះឃើញពេលធ្វើកំណាយស្រាវជ្រាវនៅខ្លោងទ្វារខាងជើងជ្រុងខាងលិចនៃព្រះបរមរាជវាំងនៃក្រុងអង្គរធំកាលពីថ្មីៗនេះ។
បុរាណវិទ្យា លោក សន ចាន់ថន បានឱ្យដឹងថាចម្លាក់ទ្វារបាលធ្វើពីថ្មភក់ចំនួន១២ ត្រូវបានក្រុមអ្នកបុរាណវិទ្យាធ្វើកំណាយស្រាវជ្រាវនៅខ្លោងទ្វារខាងជើងព្រះបរមរាជវាំងនៃក្រុងអង្គរធំ ដើម្បីសិក្សាស្រាវជ្រាវរចនាសម្ពន្ធនៃខ្លោងទ្វារ និងស្វែងរកថ្ម ដែលជ្រុះធ្លាក់ដើម្បីជួសជុលខ្លោងទ្វារនេះឡើងវិញ។
បុរាណវិទ្យារូបនេះបានឱ្យដឹងទៀតថាចម្លាក់បដិមាទ្វារបាលទី១២ ដែលទើបរកឃើញនេះ ស្ថិតនៅក្នុងដីជម្រៅ១៤០សង់ទីម៉ែត្រ គឺស្រទាប់ដីគ្រឹះសម័យកាលកសាង គឺអាចថា ចម្លាក់នេះបានធ្លាក់អស់រយៈពេលជាយូរមកហើយ។
ចម្លាក់បដិមាទ្វារបាលទាំង១២ ដែលមួយចំនួនធ្លាក់នៅរាយប៉ាយលើដីក្បែរខ្លោងទ្វារ គឺមានទំហំ និងទម្រង់ខុសៗគ្នាទៅតាមជាន់នីមួយៗ។
លោក ចាន់ថន បញ្ជាក់ថាចម្លាក់ទ្វារបាលនៅជាន់ទី១ មានកម្ពស់១១០សង់ទីម៉ែត្រ និងជាន់ទី២មានកម្ពស់១០០សង់ទីម៉ែត្រមួយចំនួននៅមានរូបរាងនៅលល្អពេញលេញ ខ្លះទៀត ខូចខាតដោយអន្លើដោយសារធ្លាក់ពីកម្ពស់ខ្ពស់។
ចំណែក រូបចម្លាក់ទ្វារបាលនីមួយៗមានលម្អគ្រឿងអលង្ការ សក់ ផ្ទៃមុខខុសៗគ្នា។
ក្រោយពីបានរកឃើញចម្លាក់ទ្វារបាលទាំងអស់នេះ ក្រុមការងារបានកំណត់ទីតាំងដើមចុះបញ្ជី ថតរូប រៀបចំឯកសារ មុនឈានដល់ការលើកមកសម្អាត និងជួសជុល ដើម្បីយកទៅដាក់នៅទីតាំងដើម។
ក្រុមអ្នកជំនាញសន្និដ្ឋានថា ចម្លាក់បដិមាទ្វារបាល ដែលប្រទះឃើញគឺស្ថិតក្នុងរចនាប័ទ្មឃ្លាំងដែលស្របពេលជាមួយគ្នានៃការកសាងព្រះបរមរាជវាំងស្ថិតនៅសតវត្សរ៍ទី១១៕