សៀមរាប៖ អ្នកនាំពាក្យអយ្យការសាលាដំបូងខេត្តសៀមរាបបានឱ្យដឹងថា តំណាងអយ្យការមានចំណាត់ការលើសំណុំរឿងចំនួន០២ករណីលើអតីតព្រះសង្ឃមួយអង្គ គង់នៅវត្តប្រាសាទសង្កែសិង្ហ ហៅ វត្តត្រពាំងខ្ទះស្ថិតក្នុងភូមិត្រពាំងខ្ទះ ឃុំស្វាយលើ ស្រុកស្វាយលើខេត្តសៀមរាបពាក់ព័ន្ធនឹងករណី«ឃាតកម្មដោយមានអំពើរំលោភសេពសន្ថវៈ» និង ករណី «រំលោភសេពសន្ថវៈដោយមានស្ថានទម្ងន់ទោស»។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប បានឱ្យបានដឹងថា៖ នៅថ្ងៃទី២៩ ខែតុលាឆ្នាំ២០២៤និងថ្ងៃទី៣០ខែតុលាឆ្នាំ២០២៤អយ្យការអមសាលាដំបូងខេត្តសៀមរាប បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌ ចំនួន ២រឿង គឺ៖ ទី១៖ សំណុំរឿង លេខ ១៤០៥ ចុះថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ និង ទី២៖ សំណុំរឿង លេខ ១៤០៨ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ដែលមានជនល្មើសឈ្មោះ ណាន់ សំនៀង ភេទប្រុស អាយុ៥៤ឆ្នាំ(ឃាត់ខ្លួន)ជាអតីតព្រះសង្ឃបានធ្វើសកម្មភាពរំលោភសេពសន្ថវៈលើជនរងគ្រោះ ចំនួន ០២នាក់ ជាបងប្អូនបង្កើតនឹងគ្នា ដោយជនរងគ្រោះទី១ មានឈ្មោះ ឧ.រ.ន (ជាប្អូន)ភេទស្រីអាយុ០៣ឆ្នាំត្រូវបានជនល្មើសរំលោភសេពសន្ថវៈរួចបានវាយទៅលើផ្ទៃមុខនិងច្របាច់កជនរងគ្រោះរហូតដល់ស្លាប់បាត់បង់ជីវិត។នៅថ្ងៃបន្ទាប់ជនល្មើសបានធ្វើសកម្មភាពរំលោភសេពសន្ថវៈទៅលើជនរងគ្រោះទី២ម្នាក់ទៀត មានឈ្មោះ ផ.ស.ខ ភេទស្រី អាយុ ១០ឆ្នាំ ដែលត្រូវជាបងបង្កើតជនរងគ្រោះទី១ រហូតដល់បានសម្រេច។
ក្រោយពីបានស្តាប់ចម្លើយជនល្មើសនិងពិនិត្យលើកស្តុតាងនានាដែលមាននៅក្នុងសំណុំរឿងរួចមក តំណាងអយ្យការបានសម្រេចចោទប្រកាន់ជនល្មើសខាងលើ៖ ទី១៖ សំណុំរឿងព្រហ្មទណ្ឌ លេខ ១៤០៥ ចុះថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ចោទប្រកាន់ពី បទ៖ «ឃាតកម្មដោយមានអំពើរំលោភសេពសន្ថវៈ» ដែលប្រព្រឹត្តនៅចំណុច ចំការដំឡូង ស្ថិតនៅភូមិត្រពាំងខ្លះ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌមានចែងឱ្យផ្តន្ទាទោស តាមបញ្ញត្តិ មាត្រា ២០៥ នៃក្រមព្រហ្មទណ្ឌ តាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ លេខ ២១៧៤ អយធ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ និង ទី២៖ សំណុំរឿងព្រហ្មទណ្ឌ លេខ ១៤០៨ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ចោទប្រកានពី បទ៖ «រំលោភសេពសន្ថវៈ មានស្ថានទម្ងន់ទោស» (ទាក់ទងនឹងអាយុជនរងគ្រោះ) ប្រព្រឹត្តនៅភូមិត្រពាំងខ្ទះ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌមានចែងឱ្យផ្តន្ទាទោស តាមបញ្ញត្តិមាត្រា ២៤១ នៃ ក្រមព្រហ្មទណ្ឌ តាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ លេខ ២១៧៥ អយធ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ និងបញ្ជូនទៅចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
សូមជម្រាបថា ព្រះសង្ឃទ្រុស្តសីលមានឈ្មោះ ណាន់ សំនៀង ភេទប្រុស អាយុ ៥៤ឆ្នាំ (មុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារនៅខេត្តប៉ៃលិនរយៈពេល៣ខែ)បច្ចុប្បន្នសាងផ្នួសជាព្រះសង្ឃស្នាក់នៅវត្តប្រាសាទសង្កែសិង្ហ ហៅ វត្តត្រពាំងខ្ទះ ត្រូវបានចាប់ខ្លួនផ្សឹក និងនាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកស្វាយលើ កាលពីថ្ងៃទី២៨ ខែតុលា ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅកាន់តលាការពាក់ព័ន្ធករណីរំលោភសេពសន្ថវៈលើក្មេងស្រី ចំនួន ០២ នាក់ បងប្អូនបង្កើត ក្នុងនោះក្មេងស្រីម្នាក់ ត្រូវបានសម្លាប់យកសពទៅបោះចោលក្នុងវាលបញ្ជូនទៅកាន់តុលាការដើម្បីចំណាត់ការបន្តតាមនិតិវិធី។បច្ចុប្បន្នក្រោយពីតំណាងអយ្យការសម្រេចចោទប្រកាន់ជាផ្លូវការពីបទ៖ «ឃាតកម្មដោយមានអំពើរំលោភសេពសន្ថវៈ»និងបទ៖«រំលោភសេពសន្ថវៈដោយមានស្ថានទម្ងន់ទោស» តំណាងអយ្យការបានបញ្ជានសំណុំរឿងទៅចៅក្រមស៊ើបសួរ ដើម្បីចំណាត់ការតាមនិតិវិធីច្បាប់បន្ត៕