បាត់ដំបង៖ គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង មានចម្ងាយប្រមាណ ៩០ គីឡូម៉ែត្រ ភាគពាយ័ព្យពីក្រុងបាត់ដំបង ក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ រហូតមកដល់បច្ចុប្បន្នសម្រេចបានលទ្ធផល ៩២% ហើយ ដោយគ្រោងនឹងសាងសង់រួចរាល់នៅខែតុលា ឆ្នាំ២០២៥។
គម្រោងនេះ ក្រោយការកសាងរួចរាល់ បរិមាណទឹកស្តុកសរុប ១៦៣.១ លានម៉ែត្រគូប និងផ្គត់ផ្គង់ទឹកស្រោចស្រព សម្រាប់បង្កើនផលិតផលកសិកម្មបានទំហំប្រមាណ ៣៣ ០០០ ហិកតា នៅរដូវវស្សា និង ៤ ៥០០ ហិកតា នៅរដូវប្រាំង និងមានប្រជាពលរដ្ឋទទួលផល ចំនួន ៨ ៥០០គ្រួសារ។
សម្រាប់កិច្ចការការងារសំខាន់ៗនៅក្នុងគម្រោងនេះ រួមមាន៖ ទំនប់មេ សំណង់បង្ហៀរ រូងទូនេលពង្វាងទឹក សំណង់គ្រប់គ្រងទឹក ទំនប់បណ្តោះអាសន្នផ្នែកខាងលើ និងផ្នែកខាងក្រោម ព្រមទាំងផ្លូវក្រាលថ្មភ្នំ ផងដែរេ។
បើតាមការរំពឹងទុកក្រោយពេលសាងសង់រួចគម្រោងនេះ នឹងផ្តល់ផលអត្ថប្រយោជន៍ជាច្រើនដូចជា៖ បរិមាណទឹកស្តុក សរុប ១៦៣.១ លានម៉ែត្រគូប (ប្រសិទ្ធភាព ១៣៣.២ លានម៉ែត្រគូប Inactive ១៤.៣ លានម៉ែត្រគូប និងដោះទឹកជំនន់ ១៥.៦ លានម៉ែត្រគូប)។ មានលទ្ធភាពផ្គត់ផ្គង់ទឹកស្រោចស្រព សម្រាប់បង្កើនផលិតផលកសិកម្មបានទំហំ ប្រមាណ ៣៣ ០០០ ហិកតា នៅរដូវវស្សា និង ៤ ៥០០ ហិកតា នៅរដូវប្រាំង និងមានប្រជាពលរដ្ឋទទួលផលចំនួន ៨ ៥០០គ្រួសារ។
សម្រាប់បរិមាណធារទឹកអតិបរមាចេញពីទំនប់ គឺ ៤៦.៥ ម៉ែត្រគូប ក្នុង១វិនាទី ដែលនឹងត្រូវបង្ហូរតាមស្ទឹងដូនទ្រី និងនាំទៅតំបន់ស្រោចស្រពតាមប្រឡាយព្រែកជីក។ លទ្ធភាពស្រោចស្រពនៅរដូវវស្សាប្រមាណ ៣៣ ០០០ហិកតា ស្ថិតនៅស្រុកមោងឫស្សី (ឃុំរបស់មង្គល ឃុំមោង ឃុំគារ ឃុំព្រៃស្វាយ និងឃុំឫស្សីក្រាំង) ស្រុករុក្ខគិរី (ឃុំព្រែកជីក ឃុំព្រៃត្រឡាច ឃុំស្តុកប្រវឹក និងឃុំមុខរាជ) និងស្រុកបាកាន(ឃុំស្វាយដូនកែវ) ខេត្តពោធិ៍សាត់។ លទ្ធភាពស្រោចស្រពនៅរដូវប្រាំងប្រមាណ ៤ ៥០០ហិកតាស្ថិតនៅស្រុកមោងឫស្សី (ឃុំគារ) និងស្រុករុក្ខគិរី (ឃុំព្រែកជីក ឃុំព្រៃត្រឡាច ឃុំស្តុកប្រវឹក និងឃុំមុខរាជ)។
គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតក្នុងស្រុករុក្ខគិរី ជាសមិទ្ធផលបន្ថែមទៀង ដែលបានរួមចំណែកដល់ការផ្គត់ផ្គង់ទឹកស្អាត និងកាត់បន្ថយទឹកជំនន់តាមតំបន់មួយចំនួននៅផ្នែកខាងក្រោម ផងដែរ៕