ភ្នំពេញ៖ ប្រជាពលរដ្ឋជាង១០នាក់តំណាងអោយរាប់រយគ្រួសារដែលបានចាញ់បោកស្រ្តីម្នាក់ដែលជាមេខ្យល់ម្នាក់នាំទៅធ្វើការនៅប្រទេសកូរ៉េ មិនបានសម្រេចហើយអស់ប្រាក់ម្នាក់ៗរាប់ពាន់ដុល្លារនោះ បានលើកគ្នាពីខេត្តកំពង់ចាម មកកាន់រាជធានីភ្នំពេញដើម្បីអោយអាជ្ញាធរនិងសមត្ថកិច្ចជួយស្វែងរកយុត្តិធម៌ ចាប់ខ្លួនស្រ្តីមេខ្យល់រូបនោះដោះស្រាយជាមួយពួកគាត់ ។
ប្រជាពលរដ្ឋខាងលើជាអ្នករស់នៅក្នុងស្រុកចំការលើ ខេត្តកំពង់ចាម បានមកដល់រាជធានីភ្នំពេញកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ហើយជួបជុំគ្នានៅមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។
ពួកគាត់បាននិយាយថា ស្រ្តីដែលជាមេខ្យល់ខាងលើនោះឈ្មោះកូយ ឡៃហ៊ាង អាយុ៣៨ឆ្នាំ មានស្រុកកំណើតនៅឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម និងមានទីលំនៅបច្ចុប្បន្នផ្ទះលេខ១០២អឺហ៊្សេរ៉ូ ផ្លូវបេតុង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជននេះបានបោកពួកគាត់រយៈពេល៧ឆ្នាំមកហើយ ធ្វើអោយពួកគាត់ខាតប្រាក់ក្នុងម្នាក់ៗអស់ចាប់ពី៣,៥០០ដុល្លារដល់៤,៥០០ ដុល្លារសរុបជាង១០នាក់អស់ជាង៥០,០០០ដុល្លារ ជាថ្នូរនិងការនាំពួកគាត់ទៅធ្វើការនៅប្រទេសកូរ៉េ ដោយស្រ្តីនោះប្រាប់ថា ការបង់ប្រាក់នេះទៅតាមការងារដែលទទួលបានប្រាក់ខែតិចឬច្រើន ។
ប្រជាពលរដ្ឋបាននិយាយទៀតថា ស្រ្តីឈ្មោះកូយ ឡៃហ៊ាងនោះបានប្រាប់ពួកគាត់ថា ទៅធ្វើការនៅប្រទេសកូរ៉េនោះទទួលបានប្រាក់ខែចាប់ពី២,០០០ដុល្លារឡើងទៅ ហើយធានាថានិងនាំពួកគាត់ទៅដល់គោលដៅ ទើបពួកគាត់ជឿជាក់ហើយនាំគ្នាខ្ចីប្រាក់ធនាគារអោយទៅស្រ្តីនេះនិងសង្ឃឹមថាបានទៅធ្វើការដូចបំណង ។ ប៉ុន្តែដល់ពេលកំណត់ត្រូវឡើងយន្តហោះទៅប្រទេសកូរ៉េ ស្រាប់តែស្រ្តីឈ្មោះកូយ ឡៃហ៊ាង នោះប្រាប់ថាបាត់លិខិតឆ្លងដែនអស់ហើយ និងពន្យាពេលទៅថ្ងៃក្រោយ លុះដល់ពេលកំណត់ក្រោមមកទៀតប្រាប់ថាឆេះលិខិតឆ្លងដែនអស់ហើយ គឺរកលេសដោះសាររហូតតាំងពីឆ្នាំ២០១៨មកទល់និងពេលនេះគឺអត់រហូត ។
ប្រជាពលរដ្ឋបាននិយាយបន្តថា មិនតែប៉ុណ្ណោះមេខ្យល់រូបនេះបានគេចលែងជួបពួកគាត់តែម្ដង ហើយពួកគាត់បានស្រាវជ្រាវដឹងថា ស្រ្តីនេះបានចាប់ផ្ដើមបោកគេតាំងពីអំឡុងឆ្នាំ២០១៤មកម្ល៉េះ ដែលមានអ្នកចាញ់បោករាប់ពាន់ ដោយមានអ្នកខាតបង់ប្រាប់ដល់៦០,០០០ដុល្លារទៀតផង ។ រហូតមកដល់បច្ចុប្បន្នក៏នៅតែមានអ្នកចាញ់បោកជាបន្តបន្ទាប់ទៀត ហើយមិនត្រឹមតែបោកអ្នកនៅស្រុកខ្មែរប៉ុណ្ណោះទេ គឺបោកទាំងអ្នកនៅប្រទេសកូរ៉េថែមទៀតផង មុនដំបូងពួកគាត់ពុំដឹងថាស្រ្តីរូបនោះរស់នៅកន្លែងណាទេ លុះក្រោយមកទើបដឹងថាមានទីលំនៅផ្ទះលេខ១០២អឺហ៊្សេរ៉ូ ផ្លូវបេតុង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ប្រជាពលរដ្ឋដដែលនិយាយថា បន្ទាប់មកពួកគាត់បានដាក់ពាក្យប្ដឹងទៅកាន់អាជ្ញាធរនិងសមត្ថកិច្ចខណ្ឌដង្កោហើយ ដោយឡែកពេលនេះពួកគាត់បានស្វែងរកការអន្តរាគមន៍ពីស្ថាប័ន និងក្រសួងពាក់ព័ន្ធដើម្បីអោយជួយដល់ពួកគាត់បន្តទៀត ហើយសំណូមពរដល់សមត្ថកិច្ចជួយឃាត់ខ្លួនស្រ្តីនោះយកមកដោះស្រាយជូនពួកគាត់ផង ៕