2024-11-01 12:11
6

(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានណែនាំដល់អ្នកទទួលបន្ទុកការងាររថយន្តគិលានុសង្រ្គោះទាំងអស់ ត្រូវពិនិត្យបច្ចេកទេសរថយន្តឱ្យបានត្រឹមត្រូវ និងទៀងទាត់ ដើម្បីធានាសុវត្ថិភាពក្នុងការធ្វើដំណើរ ជាពិសេសក្នុងពេលបញ្ជូនអ្នកជំងឺ។

ជាងពិសេសរូបសញ្ញាលើរថយន្តគិលានុសង្រ្គោះ ត្រូវតែច្បាស់ល្អ និងងាយសម្គាល់បានដោយសាធារណជន។ 

បន្ថែមពីលើនេះលោកសាស្រ្តាចារ្យក៏បានណែនាំដល់មន្រ្តីសុខាភិបាលប្រចាំការសូមរៀបចំឱសថសារវន្ត សម្រាប់ការប្រើប្រាស់ឱ្យបានលើសពីចំនួនដែលគ្រោងទុកនិងរក្សាបានល្អទោះបីមិនប្រើប្រាស់អស់ក្នុងបេសកកម្មមួយពេលត្រឡប់ទៅវិញក៏នៅតែជាឱសថមានគុណភាពត្រៀមយកប្រើបានគ្រប់ពេលវេលា។

ការថ្លែងយ៉ាងដូច្នេះក្នុងឱកាសលោកសាស្រ្តាចារ្យរដ្ឋមន្រ្តីបានអញ្ជើញចូលរួម «ពិធីបើកការប្រកួតកីឡាជាតិលើកទី៤និងកីឡាជាតិជនពិការលើកទី២» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាដែលរៀបចំឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិកកាលពីរសៀលថ្ងៃទី៣០ខែតុលាឆ្នាំ២០២៤។

ក្នុងឱកាសចូលរួមក្នុងពិធីបើកនេះដែរ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានឆ្លៀតសួរសុខទុក្ខមន្រ្តីសុខាភិបាលបម្រើសេវាផ្នែកគិលានុសង្រ្គោះបឋមដែលកំពុងប្រចាំការថែទាំសុខភាពជូនថ្នាក់ដឹកនាំកីឡាករ កីឡាការី និងអ្នកចូលរួមទស្សនា នៅក្នុងពិធី។

ក្នុងនោះដែរ លោកសាស្រ្តាចារ្យ បានពិនិត្យរួមទាំងផ្នែកបច្ចេកទេស អំពីសេវាសង្រ្គោះបឋមរួមមាន សម្ភារៈ បរិក្ខារវេជ្ជសាស្រ្ត ឱសថសារវន្ត និងបច្ចេកទេសរថយន្តគិលានសង្រ្គោះ ដោយត្រូវធានាបាន នូវសុវត្ថិភាព ប្រសិទ្ធិភាព និងគុណភាព ចំពោះមុខការត្រៀមសេវាសង្គ្រោះនិងបញ្ជូនបានទាន់ពេលវេលា។

ទន្ទឹមនឹងនោះដែរ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តីក៏បានណែនាំដល់ថ្នាក់ដឹកនាំទទួលបន្ទុក និងមន្រ្តីសុខាភិបាលដែលកំពុងប្រចាំការ ដោយត្រូវមានភាពភាពស្វាហាប់ និងវាងវៃជាប់ជាប្រចាំជាមួយទឹកចិត្តប្រកបដោយក្តីមេត្តាធម៌ ខិតខំក្នុងបំពេញភារកិច្ចរបស់ខ្លួនឱ្យបានប្រសើរបំផុតដែលនេះជាបេសកម្មដ៏ក្នុងគុណតម្លៃខ្ពស់សម្រាប់ប្រទេសជាតិ៕