2024-11-04 10:11
12

(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាលបានថ្លែងថា បញ្ហាទឹកនោមផ្អែមជាបញ្ហាធំសម្រាប់នៅកម្ពុជាហើយបញ្ហាសុខភាពសាធារណៈដ៏ធំហើយមិនត្រឹមតែនៅកម្ពុជានោះទេគឺនៅលើសកលលោក ដូច្នេះលោកសាស្ដ្រាចារ្យបន្ដអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធទាំងអស់រួមទាំងថ្នាក់ដឹកនាំក្រសួងសុខាភិបាលសមាជិកសមាជិការសមាគមបច្ចេកវិទ្យាទឹកនោមផ្អែមនិងក្រពេញកម្ពុជាបង្កើនការផ្សព្វផ្សាយទៅលើបណ្តុំមនុស្សដូចជាសាលារៀននិងសហគមន៍ពីការបង្ការការពារដោយការប្រុងប្រយ័ត្នខ្ពស់ពីជំងឺនេះ។

ការថ្លែងដូច្នេះរបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសន្និសីទប្រចាំឆ្នាំលើកទី៣របស់សមាគមបច្ចេកវិទ្យាទឹកនោមផ្អែមនិងក្រពេញកម្ពុជា ក្រោមប្រធានបទ «នវានុវត្តន៍ក្នុងការព្យាបាលជំងឺទឹកនោមផ្អែម និងជំងឺក្រពេញទីរ៉ូអ៊ីត» នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីបានថ្លែងបន្ដថាជំងឺទឹកនោមផ្អែម គឺអាចមានចំនួនកើនឡើងច្រើនជាបន្ដបន្ទាប់យ៉ាងកំហុគតាមរយៈរបៀបនៃការរស់នៅមានដូចជាការហូបចុកជាដើម។ 

ដូច្នេះនៅពេលនេះអ្វីដែលយើងចង់បាន គឺមិនចង់ឱ្យមានករណីថ្មីកើនឡើងច្រើន និងស្លាប់ដោយជំងឺទឹកនោមផ្អែមនៅថ្ងៃស្អែកជាងថ្ងៃនេះនោះទេដើម្បីកាត់បន្ថយអត្រាស្លាប់នៃជំងឺទឹកនោមផ្អែមទៅអនាគត»។

«ដូច្នេះស្នើដល់ថ្នាក់ដឹកនាំក្រសួងសុខាភិបាលសមាជិកសមាជិការសមាគមសូមបន្ដរួមចំណែក ផ្ដល់កិច្ចសហការនិងការគាំទ្របន្ថែមទៀតក្នុងការអភិវឌ្ឍកែទម្រង់ក្នុងការបណ្ដុះបណ្ដាលនៅក្នុងវិស័យសុខាភិបាលឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ 

ពិសេសការបង្កើនការផ្សព្វផ្សាយអប់រំទៅដល់បណ្តុំមនុស្ស សាលារៀន រោងចក្រ និងសហគមន៍ជាដើម»។ការបញ្ជាក់បន្ថែមរបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី។

លោកសាស្រ្តាចារ្យក៏បានថ្លែងគាំទ្រគ្រប់សមាគមទាំងឡាយ ដែលមានអ្នកជំនាញ ពាក់ព័ន្ធក្នុងវិស័យរបស់ខ្លួនទាំងជាតិនិងអន្ដរជាតិដោយត្រូវអញ្ជើញចូលរួមដើម្បីជាការផ្តល់តម្លៃដល់ស្ថាប័ននិងការឈានដល់ការចែករំលែកនូវបទពិសោធន៍ដល់អង្គពិធី។

ក្នុងឱកាសនោះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តីបានផ្តល់អនុសាសន៍គន្លឹះបន្ថែមមួយចំនួនទៀត ធ្វើយ៉ាងណាកាត់បន្ថយអត្រាអ្នកជំងឺទឹកនោមផ្អែមដូចខាងក្រោម៖
១៖ពង្រឹងការការពារនិងថែទាំសុខភាពតាមរយៈការហាត់ប្រាណពិសារអាហារប្រចាំថ្ងៃឱ្យបានត្រឹមត្រូវកុំពិសារភេសជ្ជៈណាដែលបណ្ដាលឱ្យឆាប់កើតជំងឺទឹកនោមផ្អែម (យល់ដឹងពីរបៀបរបបនៃការរស់នៅប្រចាំថ្ងៃ)។

២៖ការរុករករោគវិនិច្ឆ័យឱ្យឆាប់ឃើញហើយឆាប់បានការព្យាបាលគឺការពង្រឹងការពារបឋម(Early Protection)ដើម្បីកុំឱ្យជំងឺនេះធ្លាក់ក្នុងស្ថានភាពធ្ងន់ធ្ងរ បណ្ដាលឱ្យមានផលលំបាក។

៣៖ការលើកកម្ពស់នូវមធ្យោបាយព្យាបាលនិងថែទាំឱ្យកាន់តែប្រសើរឡើងទាំងរបៀបនេះនៃការរករោគវិនិច្ឆ័យ និងថ្នាំព្យាបាលដោយការព្យាបាលជំងឺទឹកនោមផ្អែមត្រូវមានស្ដង់ដារតែមួយពីក្រសួងសុខាភិបាលហើយបន្ដអនុវត្ដនៅគ្រប់មូលដ្ឋានសុខាភិបាលទាំងអស់។

៤៖ការរួមបញ្ចូលបច្ចេកវិទ្យាថ្មីៗ (Integrating technology) ដើម្បីបង្កើនប្រសិទ្ធភាពនៃតាមដានការព្យាបាលនិងថែទាំជំងឺទឹកនោមផ្អែមព្រោះជំងឺទឹកនោមផ្អែមនេះគឺត្រូវព្យាបាលមួយជីវិត។

៥៖ត្រូវមានកិច្ចសហការនៅក្នុងសង្គមទាំងមូលទាំងគ្រូពេទ្យនិងសាធារណៈជនរួមទាំងស្ថាប័នពាក់ព័ន្ធផ្សេងទៀតទាំងរដ្ឋ និងឯកជនឱ្យយល់ដើម្បីចូលរួមក្នុងការទប់ស្កាត់ និងលើកកម្ពស់ការមើលថែជំងឺទឹកនោមផ្អែម។

៦៖ការជួយគំាទ្រដល់អ្នកជំងឺក្រុមគ្រួសារអ្នកជំងឺនិងសហគមន៍ដើម្បីឱ្យប្រជាជនយើងយល់ និងចូលរួមក្នុងការព្យាបាល ថែទាំជំងឺទឹកនោមផ្អែម។

ជាពិសេសរាល់អ្នកជំងឺទាំងអស់ ឈឺលើជំងឺអ្វីផ្សេងៗក៏គ្រូពេទ្យត្រូវយកចិត្ដទុកដាក់ក្នុងការស្រាវជ្រាវជំងឺទឹកនោមផ្អែមគាត់ផងដែរ។

សូមជម្រាបថា សន្និសីទប្រចាំឆ្នាំលើកទី៣ របស់សមាគមបច្ចេកវិទ្យាទឹកនោមផ្អែម និងក្រពេញកម្ពុជានាពេលនេះគឺបានបង្កើតជាវេទិកាដ៏មានសារៈសំខាន់មួយដែលបានចូលរួមពិគ្រោះពិភាក្សាផ្លាស់ប្តូរមតិយោបល់ និងចែករំលែកឱ្យគ្នាទៅវិញទៅមកនូវចំណេះដឹងសំដៅស្វែងយល់ឱ្យកាន់តែច្បាស់និងស៊ីជម្រៅពីសកម្មភាពអនុវត្តវេជ្ជសាស្ត្រថ្មីៗនិងបច្ចេកវិទ្យាឌីជីថលក្នុងវិស័យសុខាភិបាល ដែលមន្ត្រីសុខាភិបាលគ្រប់រូបត្រូវមានមូលដ្ឋានចំណេះដឹងសម្រាប់ធ្វើបច្ចុប្បន្នភាពក្នុងពេលបំពេញភារកិច្ចរបស់ខ្លួននិងអាចចាប់យកឱកាសនិងបទពិសោធន៍ល្អៗ ដើម្បីបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាពមានទំនួលខុសត្រូវនិងប្រកបដោយមនសិការវិជ្ជាជីវៈ។

នេះបើតាមការបញ្ជាក់របស់លោកសាស្ដ្រាចារ្យជំនួយ ស៊ុ សត្ថា ប្រធានសមាគមបច្ចេកវិទ្យាទឹកនោមផ្អែម និងក្រពេញកម្ពុជា។សន្និសីទនេះដែររៀបចំឡើងនៅសណ្ឋាគារសុខាភ្នំពេញ រយៈពេល ១ថ្ងៃពេញ ដោយមានការអញ្ជើញចូលរួមពីសាស្រ្តាចារ្យ ថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យជំនាញ និងវាគ្មិនជាតិ និងអន្តរជាតិ ដែលអញ្ជើញមកពី សឹង្ហបុរី, ឥណ្ឌា និងស្រីលង្កា៕