2024-11-04 10:32
94

(កំពង់ចាម)៖ រដ្ឋាភិបាលបានផ្តល់ស្រូវពូជ២៦១,៩តោនសម្រាប់ផ្ដល់ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅទូទាំងខេត្តកំពង់ចាម។

ជាក់ស្តែងនៅរសៀលថ្ងៃទី២ខែវិច្ឆិកាឆ្នាំ២០២៤ស្រូវពូជត្រូវបានចែកជូនប្រជាពលរដ្ឋជាង៨០០គ្រួសារនៅសាលាស្រុកស្ទឹងត្រង់ក្រោមវត្តមានលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ, លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងប្រតិភូអមដំណើរជាច្រើន។

លោក អ៊ុន ចាន់ដា បានឲ្យដឹងថាក្នុងរដូវវស្សាឆ្នាំ២០២៤នេះស្ថានភាព នៃការបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករក្នុងខេត្តកំពង់ចាមបានជួបប្រទះបញ្ហាដោយគ្រោះមហន្តរាយ រាំងស្ងួត ជំនន់ទឹកទន្លេមេគង្គ និងជំនន់ទឹកភ្លៀងក្នុងចុងរដូវ ដែលបណ្តាលឱ្យប៉ះពាល់ និងខូចខាតដំណាំស្រូវសរុបចំនួន ៥.៣៨៧ហ.ត ស្មើនឹង ៩.២៦៥ គ្រួសារ ក្នុងនោះ សម្រាប់ស្រុកស្ទឹងត្រង់ ខូចខាតផ្ទៃដីសរុប ៦៨៦ ហ.ត ១.២៥០ គ្រួសារ ៧ឃុំគឺ៖ ឃុំទួលសំបួរ ឃុំខ្ពបតាងួន ឃុំពាមកោះស្នា ឃុំអារក្សត្នោត ឃុំព្រែកបាក់ ឃុំព្រែកកក់ និងឃុំទួលព្រះឃ្លាំង។

ក្នុងឱកាសនោះលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថាគោលដៅរបស់រាជរដ្ឋាភិបាលគឺជួយបងប្អូនប្រជាកសិករឱ្យមានសន្តិសុខស្បៀងនិងមានប្រសិទ្ធភាពសេដ្ឋកិច្ចពោលគឺមានហូបគ្រប់គ្រាន់និងមានបានដោយរាជរដ្ឋាភិបាលមិនទុកនរណាម្នាក់ចោលនោះទេ និងតែងតែយកចិត្តទុកដាក់ផ្តល់ជំនួយ ព្រមទាំងជួយស្តារនូវផលប៉ះពាល់កន្លងមក។

លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ថាក្រោមការដឹកនាំដ៏ស្វាហាប់និងឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជារាជរដ្ឋាភិបាល បានដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាព ក្នុងការរក្សាស្ថេរភាពថ្លៃកសិផល កាត់បន្ថយថ្លៃដើមផលិត ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ និងការរៀបចំសហគមន៍កសិកម្មទំនើបដើម្បីជួយគាំទ្រលើផ្នែកបច្ចេកទេស ការផ្តល់ព័ត៌មានការប្រឹក្សាយោបល់និងជួយដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការងារកសិកម្មដល់កសិករក្នុងគោលបំណងបង្កើនផលិតភាពកសិកម្មជំរុញជីវភាពធានាបាននូវសន្តិសុខនិងសុវត្តិភាពស្បៀងផងដែរ៕