ប្រធានាធិបតីអាមេរិកលោក Joe Biden បានផ្ដល់ភ្លើងខៀវដោយឲ្យអ៊ុយក្រែនប្រើប្រាស់នូវមីស៊ីល ដែលមានរយៈចម្ងាយឆ្ងាយដែលជាការផ្ដល់ដោយអាមេរិកដើម្បីវាយប្រហារទៅលើរុស្ស៊ី។
អស់រយៈពេលជាច្រើនខែមកហើយ ដែលប្រធានាធិបតីអ៊ុយក្រែនគឺលោក Volodymyr Zelensky បានធ្វើការជម្រុញឲ្យមានការឹតបន្តឹងទៅលើកាំជ្រួចដែលត្រូវបានគេស្គាល់ថា ATACMS ដែលត្រូវបានលុបចោល ក៏ដូចជាការអនុញ្ញាតឲ្យទីក្រុង Kyiv មានការវាយប្រហារទៅខាងក្រៅព្រំដែនរបស់ខ្លួន។
ចំណែកឯប្រធានាធិបតីរុស្ស៊ីគឺលោក វ្ល៉ាឌីមៀ ពូទីន ក៏ធ្លាប់បានព្រមានប្រទេសលោកខាងលិចប្រឆាំងនឹងទង្វើបែបនេះ ដោយបាននិយាយថា វានឹងតំណាងឲ្យ “ការចូលរួមដោយផ្ទាល់” របស់សម្ប័ន្ធយោធាណាតូ នៅក្នុងសង្គ្រាមអ៊ុយក្រែន។
ការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោង ទៅលើ ATACMS ត្រូវបានកំណត់ចំពោះការការពារកងកម្លាំងអ៊ុយក្រែននៅក្នុងតំបន់ Kursk របស់រុស្ស៊ី ដែលជាកន្លែងដែលទីក្រុង Kyiv បានចាប់ផ្ដើមមានការលុកលុយដ៏គួរឲ្យរន្ធត់មួយកាលពីខែសីហា។
ជាក់ស្ដែង រដ្ឋបាលរបស់លោកបៃឌិន (Biden) បានប្រាប់ទៅកាន់អ៊ុយក្រែនថា ខ្លួននឹងគាំទ្រទៅដល់កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន នៅក្នុងការកាន់កាប់នូវផ្នែកតូចមួយនៃទឹកដីរុស្ស៊ី ដែលខ្លួនកំពុងតែកាន់កាប់នាពេលបច្ចុប្បន្ននេះ ដែលវាប្រៀបដូចជាឥទ្ធិពលសម្រាប់ការចចារដែលអាចកើតមាននាពេលអនាគតបាន។
ប្រធានមជ្ឈមណ្ឌលសន្តិសុខ និងសហប្រតិបត្តិការអ៊ុយក្រែនដែលមានមូលដ្ឋាននៅទីក្រុង Kyiv បានប្រាប់ BBC ថាការសម្រេចចិត្តរបស់លោក Joe Biden គឺ “សំខាន់ណាស់” សម្រាប់ប្រទេសអ៊ុយក្រែន។
មន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះម្នាក់ បានប្រាប់កាសែត New York Times និង Washington Post ថាការយល់ព្រមរបស់លោកបៃឌិន ទៅលើការប្រើប្រាស់ ATACMS របស់អ៊ុយក្រែនបានធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់រុស្ស៊ីនៅក្នុងការអនុញ្ញាតឲ្យទាហានកូរ៉េខាងជើង ធ្វើសង្គ្រាមនៅអ៊ុយក្រែន។
នៅក្នុងការសម្រេចចិត្តរបស់ប្រធានាធិបតី Biden គឺលោកនឹងអនុញ្ញាតឲ្យអង់គ្លេស និងបារាំងផ្ដល់ការអនុញ្ញាតឲ្យអ៊ុយក្រែន ប្រើប្រាស់មីស៊ីល Storm Shadow ដែលមានរយៈចម្ងាយឆ្ងាយនៅក្នុងប្រទេសរុស្ស៊ី។
ហើយទាំងចក្រភពអង់គ្លេស និងបារាំងនៅមិនទាន់មានការឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់លោក Joe Biden នៅឡើយទេ។
ស្របពេលនេះដែរលោក Joe Biden ដែលនឹងចាកចេញពីសេតវិមាននៅក្នុងខែមករានេះ បាននឹងកំពុងតែស្វែងរកការពន្លឿនជំនួយបន្ថែមទៀតទៅដល់អ៊ុយក្រែន។
ដោយកំពុងតែមានការព្រួយបារម្ភថា លោកដូណាល់ ត្រាំ ដែលជាអ្នកស្នងតំណែងបន្ទាប់ពីលោក បៃឌិន នោះអាចនឹងមានការយឺតយាវ ឬក៏អាចបញ្ឈប់នូវការគាំទ្របន្ថែមទៀតទៅលើអ៊ុយក្រែនថែមទៀតផង។
ព្រោះ ដូណាល់ ត្រាំ ធ្លាប់បាននិយាយថាការគាំទ្រផ្នែកយោធា គឺជាការបង្ហូរទៅលើធនធានរបស់សហរដ្ឋអាមេរិក ហើយលោកក៏ធ្លាប់បានផ្ដល់សញ្ញាដែរថា គាត់នឹងបញ្ឈប់សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនដោយមិនមានការពន្យល់ពីរបៀបដែលវាអាចនឹងកើតឡើងដោយរបៀបណានោះឡើយ។
គួរបញ្ជាក់ថា អាមេរិកគឺជាអ្នកផ្គត់ផ្គង់អាវុធដ៏ធំបំផុតទៅដល់អ៊ុយក្រែន ចាប់តាំងពីការចាប់ផ្ដើមនៃសង្គ្រាម រហូតមកដល់ខែមិថុនា នៃឆ្នាំ២០២៤ នេះ។