2024-12-27 21:02
11

ភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២៧ ខែធ្នូ ២០២៤ បានបង្ហាញមុខ ជនសង្ស័យចំនួន១២នាក់(ស្រី៣នាក់) ក្នុងនោះមាន៩នាក់ពាក់ព័ន្ធនិងករណីហិង្សារបង្ករបួសស្នាម និង៣នាក់ ពាក់ព័ន្ធករណី ឆក់និងកាប់ប្លន់យកម៉ូតូ ។យោងតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលយោខណ្ឌ៧មករា,កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់សរុបចំនួន ១២ នាក់(ស្រី០៣នាក់) ពាក់ព័ន្ធបទល្មើសចំនួន ០៧ ករណី ដោយក្នុងនោះ មានករណីករណីឆក់យកទូរស័ព្ទដៃចំនួន៤ករណីមាន៦លើក និងកាប់ប្លន់យកម៉ូតូ១ករណី១លើក ឃាត់ខ្លួនជនសង្ស័យបានចំនួន ៣នាក់ ។ ចំណែក២ករណីទៀត គឺករណីក្មេងទំនើង យកជើងធាក់ផ្តួលម៉ូតូនិងវាយបង្ករបួសស្នាម ឃាត់ខ្លួនបានចំនួន៩នាក់(ស្រី៣នាក់)។

គួរបញ្ចាក់ផងដែរ កាលពីវេលាម៉ោង ២៣និង៣០នាទីថ្ងៃទី១៩ខែធ្នូ ឆ្នាំ២០២៤ នៅចំនុច ផ្លូវជាតិលេខ២ សង្កាត់ ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានក្រុមក្មេងទំនើងមួយក្រុមបានជិះម៉ូតូ បង្កហិង្សាដោយចេតនា ដោយជិះទៅធាក់ម៉ូតូអ្នកធ្វើដំណើររួច ទៅវៃស្រ្តីម្នាក់រងរបួស ធ្វើបាត់បង់សណ្ដាប់ធ្នាប់ និងសុខសុវត្ថិភាពដល់ពលរដ្ឋ ជាពិសេសបង្ករបួសស្នាមដល់អ្នកដទៃ។

ដោយឡែកជនសង្ស័យ៣នាក់ផ្សេងទៀតនោះ ធ្វើសកម្មភាព ឆក់ទូរស័ព្ទ៤ករណីផ្សេងគ្នា ដោយនៅក្នុងថ្ងៃទី៤ ខែធ្នូ ២០២៤ ធ្វើសកម្មភាពចំនួន៣លើកផ្ទួនៗ និងកាប់ប្លន់យកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខភ្នំពេញ១KC-៩៧៤៤) ប្រព្រឹត្តនៅចំណុចចុងស្ពានព្រែកសំរោង ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង០៣ និង១៥ នាទី។

នគរបាលជំនាញព្រហ្មទណ្ឌបានបញ្ជាក់ថា នគរបាលការិយាល័យ ជំនាញកំពុងស្រាវជ្រាវបន្តយកបក្សពួកសេះសល់បន្តទៀត។ ចំពោះ មុខសញ្ញាសេះសល់ និងរត់គេចខ្លួន ដែលធ្វើសកម្មភាពហិង្សា ដោយចេតនា ក្មេងទំនេីង សមត្ថកិច្ចនិងតាមបង្ក្រាបឲ្យដល់ឬសគល់ដោយមិនយោគយល់នោះឡើយ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងនគរបាលជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលឃាត់ខ្លួននិង កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕