2025-01-24 14:59
49

នៅក្នុងការប្រារព្ធនូវពិធីបុណ្យនីមួយៗ គឺសុទ្ធសឹងតែមានការបង្កប់នូវអត្ថន័យ ឬដើមចមអ្វីមួយដែលជាហេតុនាំឲ្យកើតមាននូវពិធីបុណ្យនោះ។ 

មិនថាតែចំពោះពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរក្ដី គឺសុទ្ធតែមានបង្កប់នូវប្រវត្តិនៅក្នុងនោះទាំងអស់។ 

ក្នុងចំណោមពីធីបុណ្យជាច្រើនដែលប្រជាជនខ្មែរយើងតែងតែប្រារព្ធ និងតែងធ្វើការរំឭកពីប្រវត្តិនៃពិធីបុណ្យនោះ ក្នុងនោះក៏មាននូវពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនផងដែរ។ 

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន គឺជាពិធីបុណ្យដ៏សំខាន់មួយរបស់បងប្អូនជនជាតិចិន ឬប្រជាជនខ្មែរយើងដែលជាប់សែស្រឡាយចិន តែងតែធ្វើការប្រារព្ធជារៀងរាល់ឆ្នាំមិនដែលអាក់ខានម្ដងណាឡើយ។ តើមូលហេតុអ្វីទើបបានជាកើតមាននូវពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននេះឡើងមក? តើពិធីបុណ្យនេះមានប្រវត្តិបែបណាខ្លះ?

ថ្ងៃនេះផងដែរ ដើម្បីជាការចូលរួមអបអរក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំចិន នាពេលខាងមុខនេះ ក្រុមការងារសារព័ត៌មាន MSJ TV សូមធ្វើការលើកយកនូវប្រវត្តិសង្ខេបនៃពិធីបុណ្យចូលឆ្នាំចិនជូនទៅកាន់ប្រិយមិត្តបានធ្វើការសណ្ដាប់ដូចតទៅ៖

ចំពោះឆ្នាំ ២០២៥ នេះ ថ្ងៃសែនចូលឆ្នាំចិន គឺចំថ្ងៃ អង្គារ ១៥ រោច ខែ បុស្ស ឆ្នាំ រោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០២៥។ 

ហើយចំពោះថ្ងៃចូលឆ្នាំថ្មីប្រពៃណីចិនវិញ គឺមានរយៈពេលបីថ្ងៃ ពោលគឺថ្ងៃទី ២៩, ៣០, និង ៣១ ខែ មករា ឆ្នាំ ២០២៥។ 

ចំពោះពិធីបុណ្យចូលឆ្នាំចិន គឺជាពិធីបុណ្យដ៏សំខាន់មួយរបស់ជនជាតិចិន ក៏ដូចជាបងប្អូនជនជាតិខ្មែរដែលជាប់សែស្រឡាយចិន ដែលតែងតែប្រារព្ធធ្វើឡើងនៅពេលផ្លាស់ប្តូរពីប្រតិទិនចាស់ចូលប្រតិទិនថ្មីរបស់ប្រទេសចិន។ ម្យ៉ាងទៀតគេអាចហៅបុណ្យចូលឆ្នាំនេះថា ជាពិធីបុណ្យនិទាឃរដូវ ឬបុណ្យនៃរដូវផ្ការីក «Spring Festival» ក៏បានដែរ។ 

ទាក់ទិនជាមួយនឹងពិធីបុណ្យចូលឆ្នាំចិននេះ គឺមានអាយុកាលរាប់សតវត្សរ៍មកហើយ ព្រមទាំងមានសារៈសំខាន់យ៉ាងខ្លាំងផងដែរចំពោះជនជាតិចិន។ 

ពិធីបុណ្យនេះធ្វើឡើង ដើម្បីសម្តែងការគោរពដល់ទេវតា និងជីដូនជីតាសាច់សារលោហិត។ 

វាត្រូវបានប្រារព្ធឡើងនៅក្នុងបណ្តាប្រទេសនិងដែនដីមួយចំនួន ដែលសម្បូរជនជាតិចិនរស់នៅ ក្នុងនោះមានដូចជា ចិនដីគោក ហុងកុង ម៉ាកាវ តៃវ៉ាន់ សិង្ហបុរី ថៃ កម្ពុជា ឥណ្ឌូនេស៊ី ហ្វីលីពីន ក៏ដូចជានៅ China Towns ដែលស្ថិតនៅក្នុងបណ្តាប្រទេសមួយចំនួនផ្សេងៗទៀតនៅលើពិភពលោកផងដែរ។ 

ហើយពិធីបុណ្យនេះ ត្រូវបានគេចាត់ទុកជាបុណ្យឈប់សម្រាកដ៏សំខាន់មួយសម្រាប់ជនជាតិចិន ព្រមទាំងបានជះឥទ្ធិពលមួយផ្នែកទៅលើវប្បធម៌នៃបណ្តាប្រទេសជិតខាងទៀតផង។ 

សម្រាប់ជនជាតិចិន បុណ្យចូលឆ្នាំជាឱកាសពិសេស សម្រាប់ក្រុមគ្រួសារក្នុងការជួបជុំដើម្បីបរិភោគអាហាររួមគ្នាជាពិសេស គឺអាហារពេលល្ងាច។ 

វាក៏ជាឱកាសសម្រាប់ជនជាតិចិនផងដែរ ក្នុងការបោសសម្អាតគេហដ្ឋានជាថ្មីដើម្បីបណ្តេញរឿងមិនល្អនិងវិញ្ញាណអាក្រក់ ហើយទទួលយកសំណាងល្អនៅឆ្នាំថ្មី។ 

បើក្រឡេកទៅមើលនៅតាមបង្អួច និងទ្វាវិញ ជនជាតិចិនតែងតែតុបតែងលំអជាមួយនឹងក្រដាសឬកំណាព្យពីរប្រយោគ ដែលមានពណ៌ក្រហមតំណាងឲ្យ «សំណាងល្អ សុភមង្គល ទ្រព្យសម្បត្តិ និងអាយុយ៉ឺនយូរ»។

ក្រៅពីការសែនព្រេន នៅមានសកម្មភាពផ្សេងៗទៀត ដែលប្រជាជនចិននិយមធ្វើនៅថ្ងៃចូលឆ្នាំដែលមានដូចជា ការដុតផាវ ការចែកអាំងប៉ាវ ឬចំណីអាហារដល់គ្នាទៅវិញទៅមក។ 

បើយោងទៅតាមរយៈការលើកឡើងរបស់បងប្អូនជនជាតិចិនបានបញ្ជាក់ថា «ប្រសិនបើមនុស្សចំណាយ ឬចែករំលែកដល់អ្នកដទៃកាន់តែច្រើននៅក្នុងឱកាសបុណ្យចូលឆ្នាំនឹងនាំឲ្យលាភហូរចូលគ្រួសាររបស់ពួកគេកាន់តែច្រើនដូចគ្នា»។ 

តែបើយោងទៅតាមរឿងនិទាន និងរឿងព្រេងខ្លះទៀតបានឲ្យដឹងថា ការចាប់ផ្ដើមនៃពិធីបុណ្យចូលឆ្នាំចិននេះ បានចាប់ផ្ដើមឡើងជាមួយនឹងការវាយប្រយុទ្ធប្រឆាំងជាមួយសត្វក្នុងទេវកថា ដែលមានឈ្មោះថា «នៀន» មានន័យថា ឆ្នាំជាភាសាចិន។ នៅថ្ងៃទីមួយក្នុងឆ្នាំថ្មី «នៀន» បានមកខាំស៊ីពួកបសុសត្វសូម្បីតែអ្នកភូមិក៏ដោយជាពិសេសគឺពួកក្មេងៗ។ 

ដើម្បីការពារខ្លួន ពួកអ្នកភូមិបានដាក់ចំណីអាហារនៅមុខផ្ទះរបស់ពួកគេជារៀងរាល់ដើមឆ្នាំ។ 

គេមានជំនឿថាបន្ទាប់ពី «នៀន» បានស៊ីចំណីអាហារដែលពួកគេដាក់ឲ្យរួចហើយ វានឹងមិនធ្វើបាបខាំស៊ីប្រជាជនទៀតនោះទេ។

គ្រាមួយអ្នកភូមិបានឃើញ «នៀន» មានភាពភ័យខ្លាចជាមួយនឹងក្មេងៗ ដែលស្លៀកពាក់ពណ៌ក្រហម។ 

រួចហើយ អ្នកភូមិក៏នាំគ្នាយល់ថា «នៀន» ខ្លាចពណ៌ក្រហម។ 

ហេតុនេះហើយនៅពេលដែលឆ្នាំថ្មីមកដល់ អ្នកភូមិនាំគ្នាបំពាក់គោមពណ៌ក្រហមនិងបិទក្រដាសពណ៌ក្រហមនៅតាមទ្វារនិងបង្អួចផ្ទះរៀងៗខ្លួន។ 

ក្នុងនោះ អ្នកភូមិក៏បានប្រើផាវដើម្បីបណ្ដេញ «នៀន» ឲ្យទៅឆ្ងាយផងដែរ។ បន្ទាប់ពីពេលនោះមក «នៀន» ពុំបានមកក្នុងភូមិម្ដងទៀតឡើយ។ 

នៅចុងក្រោយ ហុងជុនឡាវស៊ូ ជាព្រះសង្ឃសាសនាតាវបុរាណម្នាក់ បានចាប់សត្វ «នៀន» នោះ។ សត្វ «នៀន» ក៏ខ្លាចទៅជាយានជំនិះរបស់ព្រះសង្ឃហុងជុនឡាវស៊ូទៅ។

ហើយទាំងនេះគឺជាប្រវត្តិសង្ខេបដែលប្រជាជនចិន តែងតែនិយមធ្វើការប្រារព្ធនូវពិធីបុណ្យចូលឆ្នាំចិននេះឡើងជារៀងរាល់ឆ្នាំ ដោយមិនមានការអាក់ខានម្ដងណាសោះឡើយ។