2025-01-25 09:44
42

ដូចដែរប្រិយមិត្តបានដឹងហើយថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនបានខិតជិតចូលមកដល់ហើយ ខណៈដែលបងប្អូនអាជីវករខ្មែរ ដែលនិយមបើកមុខរបរលក់ផ្កាមានការមមាញឹកយ៉ាងខ្លាំងជាមួយនឹងមុខរបររបស់ពួកគេ។ 

ក្នុងនោះគេសង្កេតឃើញថា ដើមផ្កាអង្គាសីល ត្រូវបានអាជីវករខ្មែរយើងដាក់លក់ជាហូរហែនៅតាមដងផ្លូវមួយចំនួនក្នុងភូមិសាស្រ្តក្នុងរាជធានីភ្នំពេញ។
 
ជាទម្លាប់ ដើមផ្កាអង្គាសីលនេះ បើនិយាយចំពោះប្រជាពលរដ្ឋខ្មែរដែលជាប់សែស្រឡាយចិន ឬជនជាតិចិនដែលរស់នៅកម្ពុជាយើង ពួកគេតែងតែនិយមទិញនូវដើមផ្កាអង្កាសីលនេះ ដើម្បីយកទៅដាក់តាំងលម្អនៅក្នុងគេហដ្ឋានរៀងៗខ្លួនក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនផងដែរ។ 

តើផ្កាអង្គាសីលមានអត្ថន័យបែបណាទើបបានជាប្រជាពលរដ្ឋដែលជាប់សែស្រឡាយចិន ឬជនជាតិចិននិយមយកផ្កានេះមកតាំងលម្អក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនបែបនេះ?

បើយោងទៅតាមសម្ដីរបស់អាជីវករដែលលក់ផ្កាអង្គាសីលបានឲ្យដឹងថា ផ្កាអង្គាសីលគឺពិតជាមានការពេញនិយម ក៏ដូចជាលក់ដាច់ខ្លាំងមែនទែន ជាពិសេសគឺក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនជិតកៀកចូលមកដល់នេះតែម្ដង។ 

ហើយមូលហេតុនេះ ដោយសារតែអ្នកដែលជាប់សែស្រឡាយចិន ឬជនជាតិចិនជឿថា ការដាក់តាំងលម្អផ្កាអង្គាសីលនៅក្នុងផ្ទះ គឺនឹងធ្វើឱ្យមានសិរីសួស្ដី ហើយប្រសិនជាផ្កានេះរីកចំពេលចូលឆ្នាំចិននោះ វានឹងជួយឱ្យពួកគេមានសំណាងល្អ រកទទួលទានមានបាន និងធ្វើកិច្ចការផ្សេងៗទទួលបានលទ្ធផលល្អ និងជោគជ័យជាដើម។ 

បន្ថែមពីលើនេះផងដែរ ចំពោះបងប្អូនខ្មែរដែលជាប់សែស្រឡាយចិនក៏បានធ្វើការបញ្ជាក់បន្ថែមពីលើនេះថា មូលហេតុដែលពួកគេពេញនិយមយកផ្កាអង្គាសីលដាក់តាំងនៅតាមគេហដ្ឋាន និងក្រុមហ៊ុននានា ដោយសារតែជនជាតិចិនបានយកផ្កាអង្គាសីលនេះធ្វើជាតំណាងនៃសិរីសួស្ដីហើយប្រសិនបើផ្កានេះរីកចំពេលចូលឆ្នាំចិនគឺតំណាងឲ្យការរកស៊ីមានបាននិងជោគជ័យតាមសេចក្ដីប្រាថ្នាទៀតផង។ 

ពួកគេក៏បានបន្តទៀតថា ការទិញដើមផ្កាអង្គាសីលដាក់តាំងលម្អក្នុងគេហដ្ឋាននេះ គឺត្រូវបានធ្វើឡើងតាមទម្លាប់តាំងពីដូនតាមកម្ល៉េះ។

យ៉ាងណាមិញ បើយោងទៅតាមឯកសារខ្លះបានឱ្យដឹងថា ចំពោះមេដឹកនាំបដិវត្តន៍ចិន ម៉ៅ សេទុង លោកគឺជាអ្នកដែលចូលចិត្តខ្លាំងបំផុតជាពិសេសចំពោះផ្កាអង្គាសីលនេះតែម្ដង ហើយចំពោះប្រជាជនចិនវិញ ក៏ចូលចិត្តយកផ្កានេះដាក់ក្នុងផ្ទះនាឱកាសចូលឆ្នាំថ្មីប្រពៃណីចិនផងដែរ។ 

ហើយជុំវិញនៃជំនឿនេះ ត្រូវបានជនជាតិចិនតែងជឿថា គេនឹងទទួលបានលាភជ័យសំណាងល្អក្នុងឆ្នាំថ្មី ព្រោះថាផ្កាអង្គារសីលពណ៌របស់វា ត្រូវបានតំណាងឱ្យពណ៌មាសជាពណ៌ដែលនាំមកនូវទ្រព្យសម្បត្តិ ភាពរុងរឿងនៅក្នុងឱកាសឆ្នាំថ្មីនេះ៕