ភ្នំពេញ៖ អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៅព្រលប់ថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២៥ នេះ បានទម្លាយសារសំឡេងឆ្លើយឆ្លងរវាងសម្តេចជាមួយយុវជនម្នាក់ ជាពលករបម្រើការងារនៅប្រទេសជប៉ុន បន្ទាប់ពីយុវជនរូបនេះ ព្យាយាមសុំលុយពីសម្តេចជាហូរហែរ ប៉ុន្តែសម្តេចមិនឆ្លើយតបរហូតមានការស្នើសុំការងារជាមន្ត្រីរាជការ ឬជាមន្ត្រីក្នុងជួររដ្ឋាភិបាល ប៉ុន្តែត្រូវបានសម្តេចបដិសេធ ព្រោះរូបគេគ្មានសមត្ថភាពគ្រប់គ្រាន់។
សម្តេចតេជោបានបញ្ជាក់ថា៖ «កន្លងមកសម្តេចធ្លាប់បានជួយលុយដល់ឪពុកម្តាយរបស់គេ ដើម្បីជាដើមទន់រកស៊ីផងដែរ បែរជាចុងក្រោយវាយប្រហារជាច្រើនគោលដៅទៅវិញ»។
សម្តេចតេជោ បានសរសេរសារយ៉ាងដូច្នេះថា៖ «បើបានតែវាជ្រុលបែកធ្លាយទៅហើយទម្លាយវាតែម្តងទៅ។ ពាក្យចាស់តែងនិយាយថា “កុំពត់ស្រឡៅកុំប្រដៅក្មេងពាល” ពិតជាត្រឹមត្រូវ»។
សម្តេចតេជោ ហ៊ុន សែន បានសរសេរបញ្ជាក់ថា៖ «ខ្ញុំបានជួយឧបត្ថម្ភក្មេងនេះ ទៅឪពុកម្តាយ ដើម្បីមានដើមទុនរកស៊ី។ កូនមួយនេះ បានផ្ញើសារសុំ លុយជាបន្តតែខ្ញុំមិនឆ្លើយ។ ចុងក្រោយសុំការងារធ្វើតែខ្ញុំបានពន្យល់កូន មួយនេះ ដូចមានសំឡេងក្នុងនេះស្រាប់។ មិនបានប៉ុន្មានស្រាប់តែកូននេះចេញវាយប្រហារច្រើនគោលដៅ»។
សម្តេចតេជោបានបញ្ជាក់ថា៖ «កន្លងមកដោយមានការសម្របសម្រួលតុលាការបានពន្យារពេលបណ្តោះអាសន្នលើរឿងក្តី ១៨សីហា២០២៤។ ពេលនេះ ខ្ញុំមិនស្នើសុំពន្យារពេលសម្រាប់រឿងក្តីនេះទៀតទេ ព្រោះសាមីខ្លួនបានចាកចេញពីការសន្យារបស់ខ្លួនហើយ»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា៖ «កន្លងមកខ្ញុំស្នើសុំត្រឹមពន្យារពេលកាត់ក្តីប៉ុណ្ណោះមិនមែនលើកលែងការចោទប្រកាន់នោះឡើយ»។
សម្តេចតេជោ បានបង្ហោះនូវសារសំឡេងឆ្លើយឆ្លងគ្នារវាងសម្តេច ជាមួយយុវជនរូបនោះ ដោយបានសរសេរបញ្ជាក់ថា៖ «សូមមិត្តជប៉ុនស្តាប់សំឡេងកូនប្រុសម្នាក់នេះឲ្យ ច្បាស់តើគាត់សមនឹងទទួលបានការអនុគ្រោះ ឲ្យនៅប្រទេសជប៉ុនឬទេបន្ទាប់ពីអស់រយៈពេលស្នាក់នៅ»៕