ភ្នំពេញ៖ គិតត្រឹមដំណាច់ខែមករា ឆ្នាំ២០២៥ នេះ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ជាបួនគន្លង (ពីរទៅពីរមក) ស្គន់-កំពង់ចាម ដែលមានប្រវែងសរុប ៤៥,៥០ គីឡូម៉ែត្រ (PK000+000 – PK45+502.84)ចាប់ផ្តើមពីស្រុកជើងព្រៃ ខេត្តកំពង់ចាម រហូតដល់ក្រុងកំពង់ចាម ខេត្តកំពង់ចាម ការអនុវត្តគម្រោងសម្រេចបានលទ្ធផលជារួម ៣២,០១% ហើយ។ នេះបើតាមការបញ្ជាក់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២៥ នេះ។
ក្រសួងសាធារណការ បានឱ្យដឹងថា៖ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ជាបួនគន្លង ចាប់ពីទីប្រជុំជនស្គន់ រហូតដល់ក្រុងកំពង់ចាម ខេត្តកំពង់ចាម កំពុងលេចចេញវឌ្ឍនភាពយ៉ាងឆាប់រហ័ស ដោយការដ្ឋានគ្រប់កំណាត់បានបង្កើន និងធានាវឌ្ឍនភាពតាមការគ្រោងទុក។
គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ត្រូវធ្វើឡើងជាប្រភេទអ៊ុតកៅស៊ូ AC (Asphalt concrete) កម្រាស់ ៩ សង់ទីម៉ែត្រ ទទឹងផ្លូវ ២៤,៥ ម៉ែត្រ (៤គន្លង) ដោយត្រូវសាងសង់ស្ពានថ្មីតូច-ធំ ចំនួន ០៨ ស្មើប្រវែងសរុប ១៥៦ ម៉ែត្រ ជួសជុលស្ពានតូច-ធំ (ចាស់) ចំនួន ០៧ ស្ពាន ស្មើប្រវែងសរុប ១១៦ ម៉ែត្រ លូរំដោះទឹកភ្លៀង លូរំដោះទឹកកខ្វក់ និងជាបរិក្ខារចរាចរណ៍នានា។
ក្រសួងបានបញ្ជាក់ថា៖ ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវយ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្ដានុពល ដើម្បីជួយសម្រួលការធ្វើដំណើរការដឹកជញ្ជូនផលិតផលកសិកម្ម កសិឧស្សាហកម្ម ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍ និងសកម្មភាពសេដ្ឋកិច្ច-សង្គមជាតិ។ ផ្លូវនេះជាខ្សែផ្លូវតភ្ជាប់ជាមួយផ្លូវជាតិលេខ៦ ពីរង្វង់មូលស្គន់ ឆ្ពោះទៅទិសដៅរាជធានីភ្នំពេញ និងជាទិសដៅទៅខេត្តកំពង់ធំ សៀមរាប...។ល។ និងតភ្ជាប់ទៅតាមបណ្ដាញផ្លូវសំខាន់ៗផ្សេងៗទៀត។
កំណាត់ផ្លូវជាតិនេះ ក៏តភ្ជាប់ជាមួយផ្លូវជាតិលេខ៨ និងផ្លូវជាតិលេខ១១ ឆ្ពោះទៅកាន់ខេត្តព្រៃវែង និងតភ្ជាប់ជាមួយផ្លូវ ៧១C ផ្លូវជាតិលេខ៧៣ ឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ និងផ្លូវជាតិលេខ៧៦ ផ្លូវជាតិលេខ៧៨ ឆ្ពោះទៅកាន់ខេត្តស្ថិតនៅភូមិភាគឦសាន ដូចជា៖ ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងខេត្តរតនគិរី។ ខ្សែផ្លូវនេះក៏ភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវរបស់បណ្តាប្រទេស នៃមហាអនុតំបន់មេគង្គ(GMS)ផងដែរ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
ក្រសួងក៏បានបញ្ជាក់ទៀតថា៖ «គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ បានចាប់ផ្តើមសាងសង់នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ រយៈពេលសាងសង់៤០ខែ ដែលតាមផែនការគម្រោងនឹងសាងសង់បញ្ចប់ ១០០% នៅអំឡុងខែកក្កដា ឆ្នាំ២០២៧ ខាងមុខនេះ»។
ខណៈដែលការដ្ឋានកំពុងមមាញឹកខ្លាំង ក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវដល់អ្នកប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម) មេត្តាប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវបើកបរក្នុងល្បឿនមួយអាចគ្រប់គ្រងបាន ដើម្បីធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ និងបើកបរក្នុងល្បឿនសមល្មម ដែលជាផ្នែកមួយជួយកាត់បន្ថយការហុយធូលីលើបងប្អូនប្រជាពលរដ្ឋនៅតាមដងផ្លូវ៕