2025-01-31 20:36
28

កំពង់ធំ៖ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ នេះ ប្រមុខដឹកនាំកម្ពុជា សម្តចធិបតី ហ៊ុន ម៉ាណែត បានឆ្លៀតឱកាសចុះជួបសំណេះសំណាលជាមួយប្រជាសហគមន៍ និងពិនិត្យវឌ្ឍនភាពនៃការរៀចជាសហគមន៍កសិកម្មទំនើប ប្រាសាទសំបូររុងរឿង ដែលផ្តោតលើដំណាំស្វាយចន្ទី ស្ថិតនៅក្នុងឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានលើកឡើងថា៖ សហគមន៍កសិកម្មទំនើប ប្រាសាទសំបូររុងរឿង គឺជាសហគមន៍ទំនើបមួយ ក្នុងចំណោមសហគមន៍ទំនើបទាំង ៣ (សហគមន៍កសិកម្មទំនើបកំពង់ធំសាលាវិស័យ និងសហគមន៍កសិកម្មទំនើបទំរីងកំពង់ធំ) ដែលផ្តោតលើដំណាំស្វាយចន្ទី នៅក្នុងខេត្តកំពង់ធំ ដោយមានសមាជិក សរុបចំនួន ១៥៣ គ្រួសារ និងមានផ្ទៃដីផលិតកម្ម ចំនួន ៦៤៤ ហិកតា ដោយរំពឹងបរិមាណផលគ្រាប់ស្វាយចន្ទីសើមប្រមាណ ១ ០០០ តោន។  

សម្តេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរដល់សហគមន៍ ក្នុងការរៀបចំផែនការបានយ៉ាងល្អ ដោយមានយុទ្ធសាស្ត្រក្នុងការលក់គ្រាប់ស្វាយចន្ទីសើម ៧០% និងគ្រាប់ស្វាយចន្ទីស្ងួត ៣០% ជាមួយនឹងការរៀបចំធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យាថ្លៃល្អជាងមុន ១០-១៥%។ បន្ថែមពីនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ដល់ការជួយសម្របសម្រួល និងជ្រោមជ្រែងរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្នុងគោលដៅប្រែក្លាយការធ្វើកសិកម្មបែបគ្រួសារ ឱ្យទៅជាសហគ្រាសសេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ មានសមាហរណកម្មខ្ពស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន និងមានសមត្ថភាពប្រកួតប្រជែងទាំងបរិមាណ និងគុណភាព។

បន្ថែមពីនេះទៀត ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា៖ «ការចងក្រងជាសហគមន៍កសិកម្មទំនើប ប្រជាកសិករ ក៏អាចទទួលបាននូវយន្តការគាំទ្រចំនួនពីរ ដូចជា៖ ទី១/ ក្រុមប្រឹក្សាគោលនយោបាយសហគមន៍កសិកម្ម និង ទី២/ មូលនិធិអភិវឌ្ឍសហគមន៍កសិកម្ម»។

សម្តេចធិបតីបានគូសបញ្ជាក់ថា៖ ជាលទ្ធផលដ៏វិជ្ជមានមួយក្នុងការកែប្រែការធ្វើកសិកម្មបែបគ្រួសារ មកក្លាយជាសហគ្រាសសេដ្ឋកិច្ចកសិកម្មរឹងមាំ។ រាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ បានរៀបចំបង្កើតជាសហគមន៍កសិកម្មទំនើប បានចំនួន ៩ មានដូចជា៖ សហគមន៍កសិកម្មទំនើបស្រូវនាងអំ, បន្លែសរសី, ទំរឹងកំពង់ធំ, ប្រាសាទសំបូររុងរឿង, កំពង់ធំសាលាវិស័យ, បន្លែផ្ទះសំណាញ់ត្រាំកក់, ស្រូវផ្ការំដួលខ្នារឆ្មារ, បន្លែកោះខ្សាច់ទន្លេ និង សហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ ព្រមទាំងកំពុងសម្របសម្រួល និងជ្រោមជ្រែងក្នុងការបង្កើតសហគមន៍ថ្មីមួយទៀត ក្នុងស្រុកកំពង់ស្វាយ និងក្រុងស្ទឹងសែន ដែលនឹងលេចជារូបរាងឆាប់ៗនាពេលខាងមុខ ហើយសហគមន៍ថ្មីនេះ គឺផ្តោតលើការដាំស្រូវសែនក្រអូប០១ ដែលជាដំណាំយុទ្ធសាស្ត្រមួយរបស់កម្ពុជា៕