2025-01-31 20:37
7

ភ្នំពេញ៖ កម្លាំងនាយកដ្ឋានប្រឆាំងគ្រឿងញៀន អគ្គស្នងការនគរបាលជាតិ បើកប្រតិបត្តិការបង្ក្រាបករណីជួញដូរទ្រង់ទ្រាយធំពីរគោលដៅផ្សេងគ្នា ដោយរឹបអូសគ្រឿងញៀន ប្រមាណជិត ៥០ គីឡូក្រាម និងឃាត់ឧក្រឹដ្ឋជនជនជាតិចិន នាំមកសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់។

ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១៣និង៣០នាទី កម្លាំងការិយាល័យរដ្ឋបាល-សរុប (ក១) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរប្រឆាំងគ្រឿងញៀន និងលោកវរសេនីយ៍ទោ នួន ចាន់ ដោយមានការដឹកនាំសម្រសម្រួលដោយលោក គឹម ហុងសាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ និងបង្រ្កាបការណី រក្សាទុក ដឹកជញ្ជូន នៅគោលដៅ ចំនួន ០២គោលដៅផ្សេងគ្នា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

គោលដៅទី១៖ នៅក្បែរខុនដូរ SKY31 សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យបាន ចំនួន ០១ នាក់ មានឈ្មោះ CHEN YAN CHENG ជាជនជាតិចិន ភេទប្រុស កើតថ្ងៃទី០៩ ខែមិនា ឆ្នាំ១៩៩៨ ដោយចាប់យកគ្រឿងញៀន ប្រភេទកេតាមីន ០៣ កញ្ចប់ (១ធំ ២ធំល្មម) ស្មើនឹង ១គីឡូក្រាម ២០៦ក្រាម និង គ្រឿងញៀន អ៉ិចស្តាស៉ី ១០ កញ្ចប់ ស្មើទម្ងន់ ១៨៨.៦៩ក្រាម។

ចំពោះគោលដៅទី២៖ ឆែកឆេរនៅបន្ទប់ខុនដូរ SKY31 បន្ទប់លេខ ១៣០៦ ជាន់ទី១៣ ផ្លូវ២៨៧ ក្រុម៥០ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ លទ្ធផលចាប់យកវត្ថុតាងរួមមាន៖ ម៉្សៅកេតាមីន ២ កញ្ជប់ធំ ២គីឡូក្រាម ៤៨៨ក្រាម, មេតំហ្វេតាម៉ីន (គ្រាប់) ចំនួន ៣១ កញ្ចប់ធំ ស្មើទម្ងន់ ៤០ គីឡូក្រាម ៥៦៦.១១ ក្រាម, អ៉ិចស្តាស៉ី ( F3 + ផ្លែឈើ) ១៧២ កញ្ចប់ ស្មើ ៣ គីឡូក្រាម ៤១៤.៣៩ ក្រាម, កញ្ជាក្រៀម ចំនួន ២ កញ្ចប់ (ធំ និងតូច) ស្មើទម្ងន់ ២៣០ក្រាម, ជញ្ជីងថ្លឹងគ្រឿងញៀន ចំនូន ០១ គ្រឿង, អាវុធខ្លី ០១ដើម គ្រាប់ ២០គ្រាប់, ឧបករណ៍សម្រាប់ប្រើប្រាស់ និងថង់វេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត។ សរុបសារធាតុញៀនទាំង ៣ ប្រភេទ៖ ទម្ងន់ ៤៧ គីឡូក្រាម ៦៧៤.៥០ ក្រាម ក្នុងនោះរួមមាន ១៖ កេតាមីន ទម្ងន់ ៣គីឡូក្រាម ៦៩៤ក្រាម, ២៖ អ៉ិចស្តាស៉ី ទម្ងន់ ៣គីឡូក្រាម ៤១៤.៣៩ក្រាម និង៣៖ មេតំហ្វេតាម៉ីន ៤០ គីឡូក្រាម ៥៦៦.១១ក្រាម និងដោយឡែកកញ្ឆាក្រៀម ២៣០ក្រាមផងដែរ។

កម្លាំងសមត្ថកិច្ចជំនាញបង្ក្រាបករណីជួញដូរទ្រង់ទ្រាធំទទួលបានលទ្ធល្អបែបនេះ ដោយអនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលសហការដឹកនាំមន្ទីរប្រឆាំងគ្រឿងញៀន និងដឹកនាំបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន, កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន។

បច្ចុប្បន្នជនល្មើស និងវត្ថុតាង ត្រូវបានកម្លាំងជំនាញរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕