តាមក្រុមមន្ត្រីជួយសង្គ្រោះរបស់សហរដ្ឋអាមេរិក បានអះអាងថា យ៉ាងហោចណាស់សាកសពជនរងគ្រោះ ចំនួន ២៨ នាក់ ត្រូវបានរកឃើញជាបន្តបន្ទាប់ ក្នុងចំណោមអ្នកដំណើរដែលជិះលើយន្តហោះ American Airlines ចំនួន ៦០ នាក់ និងអាកាសយានិក ០៤រូប ព្រមមន្ត្រីយោធា ចំនួន ០៣ រូបទៀត ដែលបញ្ជាការហោះហើរឧទ្ធម្ភាគចក្រ។ ចំពោះអ្នកដែលកំពុងបាត់ខ្លួននោះ នាពេលនេះ វាមិនមែនជាបេសកកម្មជួយសង្រ្គោះទៀតទេ ប៉ុន្តែជាបេសកកម្មស្វែងរកសាកសពក្រោយហេតុការណ៍នេះកើតឡើង។
គិតរហូតមកដល់ពេលនេះ អាជ្ញាធរដែលកំពុងប្រតិបត្តិរុករក និងជួយសង្គ្រោះមនុស្សនៅក្នុងឧប្បត្តិហេតុខាងលើ បានរកឃើញសាកសព យ៉ាងហោចណាស់ ចំនួន ២៨ នាក់ ក្នុងនោះក៏មានសាកសព ចំនួន ០៣ នាក់ ជាអ្នកបញ្ជាឧទ្ធម្ភាគចក្រយោធាត្រូវបានស្រង់ចេញពីទន្លេ Potomac។ ហេតុការណ៏ដ៏អាក្រក់នេះ បានកើតឡើងនៅពេលដែលឧទ្ធម្ភាគចក្រយោធាហោះចូលគន្លងផ្លូវរបស់យន្តហោះដឹកអ្នកដំណើររៀបចំចុះចត កាលពីយប់ថ្ងៃពុធ កន្លងទៅ នៅព្រលានយន្តហោះ Ronald Reagan នាទីក្រុងវ៉ាស៊ីនតោន ឌីស៊ី។
តាមមន្ត្រីនិយាយថា ឧប្បត្តិហេតុលើកអាកាស រវាងយន្តហោះដឹងអ្នកដំណើរ American Airlines និងឧទ្ធម្ភាគចក្រយោធា បណ្តាលឲ្យមនុស្សទាំង ៦៧ នាក់ ស្លាប់បាត់បង់ជីវិត។ មន្ត្រីជំនាញបានចាត់ទុកថា នេះជាគ្រោះថ្នាក់ក្នុងវិស័យអាកាសចរណ៍ដ៏អាក្រក់បំផុត នៅសហរដ្ឋអាមេរិក ក្នុងរយៈពេលជាង ២០ឆ្នាំចុងក្រោយនេះ។
សូមជម្រាបងា យន្តហោះ American Airlines បានហោះចេញពីក្រុង Wichita នៃរដ្ឋ Kansas សំដៅមករដ្ឋធានីវ៉ាស៊ិនតោន ដោយមានអ្នកដំណើរជិះ សរុបចំនួន ៦០នាក់ និងក្រុមអាកាសយានិក ចំនួន ០៤ រូប រីឯឧទ្ធម្ភាគចក្រយោធា សហរដ្ឋអាមេរិក មានអ្នកបញ្ជាលើយន្តហោះ ចំនួន ០៣ រូប ជាទាហានអាមេរិក ពេលកំពុងហោះហើរហ្វឹកហ្វឺនជំនាញរបស់ខ្លួន។
លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅសេតវិមាន ជនរងគ្រោះក្នុងឧបទ្ទវហេតុ នៃគ្រោះថ្នាក់យន្តហោះបុកគ្នានេះ ប្រហែលជាគ្មានអ្នករួចរស់ជីវិតនោះទេ គឺស្លាប់ទាំងអស់។ លោកត្រាំ បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ដោយចោទប្រកាន់លើការដឹកនាំយោបាយរបស់អតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និង រដ្ឋបាលអាកាសចរណ៍សហព័ន្ធ ថាពួកគេបានធ្វើឲ្យធ្លាក់ចុះស្តង់ដារក្នុងវិស័យអាកាសចរណ៍អាមេរិក ដោយសារការជួលមនុស្សឱ្យធ្វើកិច្ចការងារនេះ គ្មានចំណេះដឹង និងការទទួលខុសត្រូវលើកកិច្ចការងារ។
មេប៉ូលីសផ្នែកអគ្គិភ័យនៃក្រុងវ៉ាស៊ិនតោន លោក John Donnelly បានថ្លែងបញ្ជាក់ថា៖ «នាពេលនេះ វាមិនមែនជាបេសកកម្មជួយសង្រ្គោះទៀតទេ ប៉ុន្តែជាបេសកកម្មស្វែងរកសាកសព ដែលបានបាត់ខ្លួន ក្រោយហេតុការណ៍ធ្លាក់យន្តហោះនេះ កើតឡើង»។
គេជឿជាក់ថា មនុស្សចំនួន ៦៧ នាក់ នៅក្នុងគ្រោះមហន្តរាយផ្លូវអាកាសអាមេរិកដ៏គ្រោះថ្នាក់បំផុត ដែលមិនធ្លាប់កើតមានក្នុងរយៈពេលជាង ២០ឆ្នាំចុងក្រោយរបស់ សហរដ្ឋអាមេរិក គឺគ្មាននណាម្នាក់ អាចរស់រានមានជីវិតឡើយ៕