2025-01-31 20:55
30

ថៃ៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra (ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា) កាលពីថ្ងៃពុធ បានថ្លែងថា៖ «លោកសន្យាលះបង់ខ្លួនឯងក្នុងរយៈពេល៣ឆ្នាំទៅមុខទៀត ដើម្បីធ្វើឱ្យសេដ្ឋកិច្ចរស់ឡើងវិញ។ លោកបានចាត់ទុកថា ការដឹកនាំ និងគ្រប់គ្រងសេដ្ឋកិច្ចរបស់ថៃនាពេលបច្ចុប្បន្នមិនត្រឹមត្រូវទាល់តែសោះ»។

លោក ថាក់ស៊ីន ថ្លែងទៅកាន់ហ្វូងមនុស្សជាច្រើម នៅក្នុងស្រុកផាន នៃខេត្តឈៀងរ៉ៃ ពេលដែលលោកបានជួយឃោសនាឱ្យបេក្ខជនមកពីគណបក្សភឿថៃ ដែលត្រូវប្រកួតប្រជែងនឹងការបោះឆ្នោតថ្នាក់មូលដ្ឋាន នាពីថ្ងៃទី០១ ខែកុម្ភៈ ខាងមុខនេះ ដើម្បីរកសំឡេងឆ្នោត ដោយបានបញ្ជាក់ថា៖ «សេដ្ឋកិច្ចជាតិកំពុងទទួលរងគ្រោះដោយសារអតុល្យភាព»។

លោក ថាក់ស៊ីន បានបញ្ជាក់ថា៖ «សេដ្ឋកិច្ចបានដួលរលំនៅទូទាំងប្រទេស ខណៈពេលដែលប្រាក់ចំណូលរបស់ប្រជាជនធ្លាក់ចុះ ប្រាក់ចំណេញរបស់ធនាគារពាណិជ្ជបានកើនឡើង ១៤% ធៀបនឹងកំណើន GDP ៣% ដែលបង្ហាញពីអតុល្យភាពសេដ្ឋកិច្ចដែលបណ្តាលមកពីការគ្រប់គ្រងមិនត្រឹមត្រូវកន្លងមក»។

លោកបន្តថា ស្ថានភាពសេដ្ឋកិច្ចនាពេលបច្ចុប្បន្នរបស់ប្រទេសថៃនាពេលនេះ គឺកាន់តែអាក្រក់ខ្លាំងជាងអំឡុងពេលមានវិបត្តិហិរញ្ញវត្ថុអាស៊ី កាលពីឆ្នាំ១៩៩៧ នៅពេលការខូចខាតនេះ ត្រូវបានកម្រិតត្រឹមតែក្រោមកម្រិតអតិបរមានៃសេដ្ឋកិច្ចជាតិ។

លោកថាក់ស៊ីន បាននិយាយថា៖ «កូនស្រីរបស់គាត់ គឺនាយករដ្ឋមន្ត្រី Paetongtarn Shinawatra កំពុងដឹកនាំរដ្ឋាភិបាលពេញលេញ ប៉ុន្តែគាត់កំពុងផ្តល់ការគាំទ្រនៅពីក្រោយនូវយោបលការដឹកនាំរដ្ឋាភិបាល ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើឱ្យសេដ្ឋកិច្ចរស់ឡើងវិញ»។

លោក ថាក់ស៊ីន គាត់បានសន្យាថា «ក្នុងរយៈពេលបីឆ្នាំខាងមុខ គាត់នឹងលះបង់ខ្លួនឯងក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ច និងស្តារឡើងវិញ នូវភាពរុងរឿងដូចអាណត្តិរបស់គាត់ដឹកនាំ នៅពេលដែលគាត់បានបម្រើការជានាយករដ្ឋមន្ត្រីរបស់ប្រទេសនេះ»។

លោក ថាក់ស៊ីន ណាវ៉ាត់ត្រា បាននិយាយថា៖ «ប្រទេសថៃក្រោមការដឹកនាំរបស់គាត់រីករាយនឹងកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ជាមួយនឹងថវិកាមានតុល្យភាពសម្រាប់រយៈពេលពីរឆ្នាំជាប់គ្នា បើប្រៀបធៀបទៅនឹងស្ថានភាពបច្ចុប្បន្ន ដែលប្រទេសនេះ បានជួបប្រទះឱនភាពថវិកាជាច្រើនឆ្នាំ និងបំណុលកើនឡើង»។

លោកបន្តថា ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យសេដ្ឋកិច្ចរស់ឡើងវិញ រដ្ឋាភិបាលគ្រោងនឹងពង្រីកការនាំចេញផលិតផលកសិកម្មទៅកាន់ប្រទេសចិន ដែលនៅពេលថ្មីៗនេះ បានយល់ព្រមក្នុងការទិញដំឡូងមី ចំនួន ៣០ ម៉ឺនតោន ដូច្នេះជំរុញឱ្យតម្លៃកើនឡើង។ គាត់ក៏បានសន្យាថា «នឹងរកវិធី ដើម្បីជំរុញតំលៃដំណាំផ្សេងទៀត រួមទាំងស្រូវ និងកៅស៊ូ ដោយធានាដល់ប្រជាជនថា មានវិធីផ្សេងៗ ដែលអាចជំរុញដល់តំលៃដំណាំ ជាពិសេសសំរាប់កៅស៊ូ»៕