2025-02-03 10:04
6

ភ្នំពេញ៖ ចំការដាំដំណាំកញ្ចាចំនួន ០៧ ទីតាំង ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខេត្តតាកែវ ដឹកនាំដោយលោក វ៉ី សំណាង អភិបាលខេត្ត បានចុះបង្ក្រាប កាប់បំផ្លាញ និងដុតកម្ទេចចោលរហូតជាង ៣ ០០០ ដើម នៅលើកំបន់ភ្នំបាយ៉ង់កោ ក្នុងភូមិសាស្ត្រស្រុកគិរី។

ការចុះបង្ក្រាបទីតាំងលួចដាំដំណាំកញ្ចាខាងលើ ធ្វើឡើងនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ចំនួន ០៧ ទីតាំងផ្សេងៗគ្នា ដោយកាប់ដុតបំផ្លាញដើមកញ្ឆាស្រស់ចំនួន ៣ ៣៦៥ ដើម ស្មើនឹងផ្ទៃដីទំហំ ១ ៨៩០ ម៉ែត្រការ៉េ និង ៦ អាងទឹក នៅចំណុចថ្មចង្រ្កានជួរភ្នំបាយ៉ង់កោរ ស្ថិតក្នុងភូមិព្រៃធំ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។

លោក វ៉ី សំណាង អភិបាលខេត្តតាកែវ ជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំកម្លាំងចម្រុះមានស្នងការនគរបាល  កម្លាំងកងរាជអាវុធហត្ថ កម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកគិរីវង់ បានឆ្មក់ឡើងកាប់ដុតបំផ្លាញដាំណាំកញ្ឆាខុសច្បាប់ ដែលក្រុមឈ្មួញទុច្ចរិតជួលឱ្យប្រជាពលរដ្ឋដាំលើជួរភ្នំបាយ៉ង់កោតែម្តង។

សូមជម្រាបថា តាមជួរភ្នំបាយ៉ង់កោ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង មានព្រំប្រទល់ជាប់នឹងប្រទេសវៀតណាម ហើយតំបន់មានអំណោលផលសម្រាប់ដំណាំកញ្ចា ដែលប្រជាជននាំគ្នាលួចដាំរាប់ឆ្នាំកន្លងមកហើយ ទោះបីបង្ក្រាបយ៉ាងណាក៏មិនចេះសាបសូន្យឡើយ។ 

ចំពោះដំណាំកញ្ចាដែលដាំបានផលទាំងស្រស់ និងស្ងួតភាគច្រើនក្រុមឈ្មួញវៀតណាមជាអ្នកប្រមូលទិញគ្មានសល់នោះទេ ទោះជាយ៉ាងណាដំណាំប្រភេទនេះ ប្រទេសកម្ពុជាគ្មានច្បាប់អនុញ្ញាតិឱ្យមានការដាំដុះឡើយ ព្រោះរុក្ខជាតិប្រភេទនេះវាមានសារធាតុញៀន៕