2025-02-03 10:14
5

ភ្នំពេញ៖ មានការភ្ញាក់យ៉ាងខ្លាំង នៅក្នុងបរិវេនពហុកីឡដ្ឋានជាតិអូឡាំពិក (ដំបូលបី) មុនមានការប្រកួតបាល់ទាត់ជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ២០២៤/២០២៥ (Cambodian Premier League 2024/2025) ដោយសារមានបុរសម្នាក់បានធ្វើអត្តឃាតចាក់សាំងដុតខ្លួនឆេះយ៉ាងសន្ធោសន្ធៅ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា មានករណីអត្តឃាតដុតខ្លួនឯងបណ្ដាលឲ្យរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចទំនាក់ទំនងទៅកាន់រថយន្តសង្រ្គោះដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រ កាលពីវេលាម៉ោង ០៧និង២០នាទីព្រឹក ថ្ងៃទី០២កុម្ភៈ ឆ្នាំ២០២៥នៅចំណុច ពហុកីឡដ្ឋានជាតិអូឡាំពិក (ដំបូលបី) សង្កាត់វាលវង់ ខណ្ឌ៧មករា។

បុរសរងគ្រោះមានឈ្មោះ កែវ សុខពៅ ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះទីលំនៅបច្ចុប្បន្ន៖ ផ្លូវលេខ ១៦១ ភូមិ០៣ សង្កាត់វាលវង់ ខណ្ឌ៧មករា ត្រូវបានប្រជាពលរដ្ឋ ដើរហាត់ប្រាណប្រទះឃើញបានធ្វើសកម្មភាពដុតខ្លួនឯង ខណៈនោះប្រជាពលរដ្ឋ ក៏បាននាំគ្នាជួយសង្រ្គោះ និងបានទំនាក់ទំនងសមត្ថកិច្ចហៅរថយន្តពេទ្យដើម្បីសង្រ្គោះ។

តាមការបំភ្លឺរបស់ស្ត្រីឈ្មោះ កែវ ស្រីតូច អាយុ ៤៦ឆ្នាំ ត្រូវជាបងស្រីបុរសរូបនោះ បានបញ្ជាក់ប្រាប់សមត្ថកិច្ចថា៖ «ប្អូនប្រុសរបស់គាត់មានជំងឺផ្លូវចិត្ត និងធ្លាប់ប្រើប្រាស់គ្រឿងញៀន ហើយបានចេញបាត់ពីផ្ទះ០២ថ្ងៃកន្លងមកហើយ។ ស្រាប់តែថ្ងៃកើតហេតុត្រូវបានប្រទះឃើញធ្វើអត្តឃាតដុតសម្លាប់ខ្លួនបែបនេះ»។

តាមការបញ្ជាក់ពីក្រុមគ្រូពេទ្យបានឲ្យដឹងថា «បុរសខាងលើក៏ធ្លាប់ធ្វើសកម្មភាពដុតខ្លួនឯងម្តងរួចមកហើយនៅម្តុំវិមានឯករាជ្យប៉ុន្តែមិនបានសម្រេចទើបព្យាយាមដុតខ្លួនម្តងទៀត ហើយពេលនេះកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ»៕