
(កំពត)៖ នៅព្រឹកថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានលើកឡើងនៅក្នុងពិធីសម្ពោធថាដោយសា ប្រទេសកម្ពុជានៅក្រោមម្លប់នៃសុខសន្តិភាពបានធ្វើឱ្យប្រទេសមានការរីកចម្រើន និងមានការអភិវឌ្ឍឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រប្រៀបដូចផ្កាកំពុងរីកស្គុសស្គាយពាស់ពេញប្រទេស។
ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានប្រាប់ទៅកាន់អាជ្ញាធរគ្រប់មូលដ្ឋាននិងបងប្អូន ប្រជាពលរដ្ឋត្រូវរួមគ្នាចូលរួមថែរក្សា និងថែទាំផ្លែផ្កានៃសុខសន្តិភាពនេះឱ្យបានគង់វង្សយូរអង្វែងសម្រាប់កូនចៅជំនាន់ក្រោយ។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សាលាធម្មសភា និងសមិទ្ធផលនានាក្នុងវត្ត សិរីសោភ័ណ (ហៅវត្តព្រៃលើ) ស្ថិតក្នុងភូមិព្រៃលើ ឃុំបន្ទាយមាសខាងលិច ស្រុកបន្ទាយមាស ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា ក្រោយពីប្រទេសកម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញ ដែលរកបានមកដោយលំបាកពីការលះបង់គ្រប់បែបយ៉ាងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រី ថ្នាក់ដឹកនាំប្រទេសបានខិតខំប្រឹងប្រែងធ្វើការអភិវឌ្ឍលើគ្រប់វិស័យ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។ ឯកឧត្តមអភិបាលខេត្តបានបន្ត បច្ចុប្បន្នការអភិវឌ្ឍក្នុងវិស័យពុទ្ធចក្រដែលមានការកសាងវត្តអារាម ការកសាងសមិទ្ធផលនានាដែលបំរើដល់វិស័យព្រះពុទ្ធសាសនាត្រូវបានរាជរដ្ឋាភិបាល ក៏ដូចជាប្រជាពុទ្ធបរិស័ទបានរួមគ្នាកសាងនៅគ្រប់ទីកន្លែង មិនថាទីក្រុង ទីប្រជុំជន ទីជនបទ ឬទីដាច់ស្រយាលណានោះទេ គឺមានស្ទើតែគ្រប់មូលដ្ឋានសម្រាប់ប្រជាពលរដ្ឋខ្មែរដែលកាន់ព្រះពុទ្ធសាសនាគោរពប្រណិបត្តិ។
ឯកឧត្តម ម៉ៅ ធនិន បានបន្ថែមថា កម្ពុជាចាប់តាំងពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន រហូតបន្តមកដល់ការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី គឺនៅតែបន្តរក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ ការអភិវឌ្ឍប្រទេស កំណើនសេដ្ឋកិច្ច ពិសេសបានធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានការរីកចម្រើនជាបន្តបន្ទាប់ ដែលនេះហើយជាផ្លែផ្កាដែលយើងទទួលបានពីសុខសន្តិភាព។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានត្រូវបន្តរួមគ្នាចូលរួមថែរក្សា និងថែទាំផ្លែផ្កានៃសុខសន្តិភាពនេះឱ្យបានគង់វង្សយូរអង្វែងសម្រាប់កូនចៅជំនាន់ក្រោយ ហើយក៏ត្រូវរួមគ្នាប្រឆាំងដាច់ខាតចំពោះជនអគតិមួយចំនួនតូចដែលមានបំណងមិនល្អ ចង់ក្តិចត្រួយ ឬចង់បំផ្លាញផ្លែផ្កានៃសុខសន្តិភាពដែលយើងកំពុងតែមានដូចសព្វថ្ងៃនេះ។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តក៏បានជំរុញ និងរំលឹកដល់អាជ្ញាធរមូលដ្ឋានទាំងអស់ដែលមានតួនាទីបំរើប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ក្នុងការផ្តល់ភាពកក់ក្តៅ តាមរយៈការផ្តល់សេវាសាធារណៈផ្សេងៗឱ្យបានទាន់ពេលវេលា លឿន រហ័ស ដើម្បីកុំឱ្យមានការថ្នាំងថ្នាក់ពីពួកគាត់។
ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត កំពតក៏បានប្រគេនបច្ច័យចំនួន ៤៣លានរៀល ជូនដល់វត្ត សិរីសោភ័ណ (ហៅវត្តព្រៃលើ) ដើម្បីចាត់ចែងសម្រាប់ការកសាងសាលាធម្មសភា និងបានផ្តល់ការចាក់ដីបំពេញទីតាំងសម្រាប់សាងសង់មណ្ឌលសុខភាពភូមិព្រៃលើ ឃុំបន្ទាយមាសខាងលិច ស្រុកបន្ទាយមាសផងដែរ។(សឹង រ៉ាត់)
