2025-02-19 15:56
71

ភ្នំពេញ ៖ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានឲ្យដឹងថា ករណីពលអាវុធហត្ថរាជធានីភ្នំពេញម្នាក់ ដែលបានប្រព្រឹត្តអំពើឆ្គាំឆ្គង រំលោភក្រមសីលធម៌វិជ្ជាជីវៈកងរាជអាវុធហត្ថនៅវត្តសំបួរមាស ត្រូវបានអង្គភាពសម្រេចដាក់ទណ្ឌកម្មវិន័យ។

ក្រៅពីការដាក់ទណ្ឌកម្មវិន័យស្ដីបន្ទោសដោយលាយលក្ខណ៍អក្សរហើយនោះ ពលបាលឯក សយ ច័ន្ទស័ក្ដដារ៉ា ក៏បានទទួលស្គាល់នូវកំហុសឆ្គងរបស់ខ្លួន និងព្រមសងសំណងជំងឺចិត្តដល់តំណាងសាមណេរទាំងបីអង្គផងដែរ។

ខាងក្រោមនេះ ជាខ្លឹមសារសំណេរទាំងស្រុងដែលបង្ហាញអំពីការពន្យល់របស់លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អំពីសាវតារឿង អង្គហេតុ និងអង្គច្បាប់ ក្នុងហេតុការណ៍ដែលបានកើតឡើងនៅវត្តសំបួរមាស៖

«យោងតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមធ្វើសេចក្តីប្រកាសព័ត៌មានគោរពជម្រាប ជូនសាធារណជន អ្នកសារព័ត៌មាន និងបុគ្គលពាក់ព័ន្ធ អំពីករណីពលបាលឯក សយ ច័ន្ទស័ក្តដារ៉ា បានប្រព្រឹត្តអំពើឆ្គាំឆ្គង រំលោភក្រមសីលធម៌ វិជ្ជាជីវៈកងរាជអាវុធហត្ថ នៅវត្តសំបួរមាសមេត្តាជ្រាបដូចខាងក្រោម៖

ក-អំពីសាវតារ៖ ឈ្មោះ សយ ច័ន្ទស័ក្តដារ៉ា ធ្លាប់បានបួសជាសង្ឃនៅវត្តសំបួរមាស ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០២៣ ហើយបានសឹកពីសាមណេរ ដាក់ពាក្យចូលបម្រើកងរាជអាវុធហត្ថនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣។ ក្នុងអំឡុងពេលបួសជាសង្ឃនៅឆ្នាំ២០១៣ ខ្លួនបានយកក្មេងប្រុស ១នាក់ ឈ្មោះ យ៉ាន មករា អាយុ៦ឆ្នាំ ធ្វើជាកូនសិស្សស្នាក់នៅក្នុងកុដិជាមួយគ្នា (ក្មេងប្រុសនោះរស់នៅភូមិជាមួយគ្នា, ម្តាយក្រីក្រ, កំព្រាឪពុក)។ លុះដល់ឆ្នាំ២០២១ ឈ្មោះ យ៉ាន មករា ក៏បានបួសជានេននៅវត្តសំបួរមាស ស្នាក់នៅក្នុងកុដិជាមួយគ្នារហូតដល់ឆ្នាំ២០២៣។

ខ-អំពីអង្គហេតុ៖ នៅវេលាម៉ោង១១និង៤០នាទីយប់ ឈានចូលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ឈ្មោះ សយ ច័ន្ទស័ក្តដារ៉ា បានជូនមិត្តភក្តិចំនួន២នាក់ ចេញពីកន្លែងកម្មវិធីខួបកំណើតមកសម្រាកនៅវត្ត (១-ឈ្មោះ ពៅ រ៉ាវី មុខរបរអ្នកដុតសពនៅវត្ត, ២-ឈ្មោះ មេន ថាមុំ មុខរបរអ្នកបើកបររថយន្តរបស់វត្ត)។ ហើយឈ្មោះ សយ ច័ន្ទស័ក្តដារ៉ា ក៏បានឱ្យឈ្មោះមេន ថាមុំ យកម៉ូតូ ឌុបជូនខ្លួនទៅបន្ទាយវិញ ពេលចេញដំណើរក៏បានឃើញនេនព្រះនាម យ៉ាន មករា គង់លើបង់ថ្មនៅមុខកុដិ ឈ្មោះ សយ ច័ន្ទស័ក្តដារ៉ា ក៏ឱ្យឈប់ម៉ូតូហើយសួរសុខទុក្ខលោកនេនព្រះនាម យ៉ានមករា និងបានជជែកប្រកែកគ្នា បង្កឱ្យមានជម្លោះ មិនបណ្តាលឱ្យមានរបួស ស្លាកស្នាមទេ។

គ-/ អំពីអង្គច្បាប់៖ -មាត្រា២១៧ បទហិង្សាដោយចេតនា ជាអំពើហិង្សាប្រព្រឹត្តដោយចេតនាលើអ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានរៀល ទៅ៦លានរៀល។ -មាត្រា២២៨ បទហិង្សាស្រាល ជាអំពើប្រព្រឹត្តទៅលើអ្នកដទៃនូវហិង្សាស្រាល ដែលមិននាំឱ្យរបួសទេនោះ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី៥ពាន់រៀល ទៅ១សែនរៀល។ យោងតាមអង្គហេតុខាងលើពលបាលឯក សយ ច័ន្ទស័ក្តដារ៉ា បានប្រព្រឹត្តទង្វើឆ្គាំឆ្គង រំលោភក្រមសីលធម៌ វិជ្ជាជីវៈកងរាជអាវុធហត្ថ។

ឃ- អំពីទណ្ឌកម្មវិន័យ៖ -មាត្រា៤១ ទណ្ឌកម្មផ្នែកវិន័យមាន៖១-ចំពោះនាយទាហាន និងនាយទាហានរងៈ -ការព្រមាន, -ការស្តីបន្ទោស, -ការបន្ទោសដោយលាយលក្ខណ៍អក្សរ ឬការផ្អាកមុខដំណែង។ ២-ចំពោះពលទាហាន៖ -ការព្រមាន, -ការជាប់បញ្ញត្តិ, -ការផ្អាកមុខដំណែង។ -មាត្រា៤២ ការបន្ថយឋានន្តរសក្តិត្រូវធ្វើចំពោះយោធិនដែលមានកំហុសធ្ងន់ និងប្រព្រឹត្តល្មើសបទបញ្ញត្តិច្រើនដង។ ការបន្ថយឋានន្តរសក្តិនេះត្រូវវិនិច្ឆ័យ និងផ្តល់យោបល់ពីក្រុមប្រឹក្សាវិន័យ។ យោងតាមអង្គហេតុខាងលើ ពលបាលឯក សយ ច័ន្ទស័ក្តដារ៉ា បានប្រព្រឹត្តអំពើឆ្គាំឆ្គង រំលោភក្រមសីលធម៌ វិជ្ជាជីរៈទៅលើព្រះសង្ឃ ទោះបីខ្លួនធ្លាប់បួសឬជាគ្រូរបស់លោកនេនអង្គនោះក្តី ខ្លួនបានសឹកពីភិក្ខុ គឺពីបព្វជិតមកជាគ្រហស្ថហើយ មិនត្រូវប្រព្រឹត្តទង្វើបែបនោះទេ។

ង-ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង១៥និង៣០នាទី នៅសាលាអនុគុណខណ្ឌដង្កោ បានប្រារព្ធពិធីរម្ងាប់អធិករណ៍ ករណីជម្លោះនៅវត្តសំបួរមាស មានសមាសភាពដូចខាងក្រោម៖

១- ព្រះវិន័យមុនី ចឹក ចុន្ន ព្រះអនុគុណខណ្ឌបង្កោ និងជាព្រះចៅអធិការវត្តស្លែង

២- លោក មាស ញិល មន្ត្រីមន្ឌីរធម្មការ និងសាសនា រាជធានីភ្នំពេញ

៣- លោក ស្រ៊ាន ម៉ៃ ប្រធានការិយាល័យព្រះពុទ្ធសាសនាមន្ទីរធម្មការ

៤- ព្រះកិរិយាភិបាល កុង ពិសី ព្រះចៅអធិការវត្តសំបួរមាស រួមទាំងមន្ត្រីសង្ឃប្រចាំខណ្ឌដង្កោ និងសាមណេរដែលពាក់ព័ន្ធករណីជម្លោះ

៥- លោកឧត្តមសេនីយ៍ត្រី ពូ ដាវី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងសហការី

៦- តំណាងភាគីពាក់ព័ន្ធករណីជម្លោះខាងលើ។

បន្ទាប់ពីព្រះអនុគុណមានសង្ឃដីកាសួរនាំអំពីអង្គហេតុទៅកាន់សាមណេរចំនួន៣អង្គ ហើយសាមណេរទាំងបីអង្គព្រមអនុគ្រោះ និងទទួលយកនូវការសុំខមាទោស ព្រមទាំងព្រះចៅអធិការ និងព្រះគ្រូសូត្រទាំងពីរព្រះអង្គក្នុងវត្តសំបួរមាស បានឯកភាពតាមសំណូមពររបស់សាមណេរទាំងបីអង្គ ដើម្បីរំលត់អធិករណ៍។ ក្នុងនាមព្រះអនុគុណក៏បានទទួលយកការអភ័យទោសពីពលបាលឯក សយ ចាន់ស័ក្តដារ៉ា ដោយបានថ្វាយបង្គំសុំខមាទោសចំពោះព្រះអនុគុណ ព្រមទាំងសាមណេរទាំងបីអង្គ។

ច- អំពីដំណោះស្រាយ និងចំណាត់ការ៖

១- ពលបាលឯក សយ ច័ន្ទស័ក្តដារ៉ា បានទទួលខុសត្រូវនូវកំហុសរបស់ខ្លួន ដែលបានប្រព្រឹត្តទង្វើឆ្គាំឆ្គង រំលោភក្រមសីលធម៌ វិជ្ជាជីវៈទៅលើលោកនេនទាំង៣អង្គ យល់ព្រមសងសំណង ជំងឺចិត្តដល់ភាគីតំណាងសាមណេរទាំងបីអង្គ។

២- ត្រូវបានដាក់ទណ្ឌកម្មផ្នែកវិន័យដូចមានចែងក្នុងមាត្រា៤១ នៃបទវិន័យទូទៅសម្រាប់យោធិននៃកងយោធពលខេមរភូមិន្ទ៖ ពលបាល ឯក សយ ច័ន្ទស័ក្តដារ៉ា ទទួលការបន្ទោសដោយលាយលក្ខណ៍អក្សរ»