2025-02-19 16:15
64

       ព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាពមនុស្សធម៌រវាងក្រុមបាល់ទាត់ពិធីករកម្ពុជា និងក្រុមបាល់ទាត់គុនខ្មែរ បានប្រព្រឹត្តទៅនាល្ងាចថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញនេះ នៅមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ​ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា។ 

          សម្រាប់ព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាពក្រោមប្រធានបទ «យើងចូលរួមបរិច្ចាគឈាម ១០០០សាក់ ដើម្បីសង្គ្រោះជីវិត» ត្រូវបានរៀបចំឡើងក្រោមការចង្អុលបង្ហាញណែនាំ និងគាំទ្រដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងចែករំលែកក្ដីស្រលាញ់ ជំរុញ និងបង្កើតទម្លាប់ល្អ សម្រាប់កីឡាករ និងប្រជាជនទូទាំងប្រទេស ក្នុងការចូលរួមបរិច្ចាគឈាម ដើម្បីធានាឲ្យការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់សម្រាប់អ្នកជំងឺ ដែលត្រូវការឈមគ្រប់មន្ទីរពេទ្យ ដោយគ្មានការរើសអើង ឬប្រកាន់ពូជន៍សាសន៍ និងនិន្នាការនយោបាយអ្វីឡើយ។

     តួយ៉ាងលើសពីការំពឹងទុក តាមរយៈលទ្ធនៃការបរិច្ចាគឈាមដ៏ច្រើនលើសលប់ពីសំណាក់មន្ត្រីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ កីឡាករកីឡាការិនីតាមបណ្ដាប្រភេទកីឡារបស់កងយោធពលខេមរភូមិន្ទ ក្រុមយុវជនស្ម័គ្រចិត្ត ក្រុមកីឡាករ ក្រុមពិធីករតាមបណ្ដាស្ថានីយ៍ទូរទស្សន៍នានា ម្ចាស់ឧបត្ថម្ភកម្មវិធី រួមទាំងសិស្ស និស្សិត និងសាធារណជនសរុបប្រមាណ ១២៥៧ សាក់ ហើយឯកឧត្តមប្រធានកិត្តិយសក៏បានទទួលកំណត់ត្រាបរិច្ចាគឈាម ពីមជ្ឈមណ្ឌលជាតិផ្ដល់ឈាមនាឱកាសនោះដែរ។ 

ក្នុងឳកាសដ៏វិសេសវិសាលនោះ ឯកឧត្តមប្រធានក៏បានផ្ដល់កិត្តិយសប្រគល់លិខិតថ្លែងអំណរគុណដល់អ្នករៀបចំ និងម្ចាស់ឧបត្ថម្ភកម្មវិធីទាំងអស់ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការៀបចំព្រឹត្តិការណ៍នេះ។

     គួររម្លឹកផងដែរថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាពមនុស្សធម៌រវាងក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា និងក្រុមបាល់ទាត់គុនខ្មែរ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងក្រុមពិធីករកីឡាកម្ពុជា មជ្ឈមណ្ឌលជាតិផ្ដល់ឈាម កាកបាទក្រហមកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា និង សហព័ន្ធប្រដាល់គុនខ្មែរ រួមទាំងភាគីពាក់ព័ន្ធនានា ដែលបានរួមចំណែកឱ្យព្រឹត្តិការណ៍នេះប្រព្រឹត្តទៅបានដោយរលូន និងទទួលបានគាំទ្រយ៉ាងច្រើនពីបងប្អូនគ្រប់មជ្ឈដ្ឋាន។