2025-02-19 20:38
31

បាត់ដំបង៖ ព្រឹកថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរោច ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានជួសជុល និងពង្រីកផ្លូវលើកំណាត់ផ្លូវជាតិលេខ៥ ប្រវែង១,៥០០ម៉ែត្រ ព្រមទាំងការស្ថាបនាប្រព័ន្ធលូតាមបណ្តោយផ្លូវជាតិលេខ៥ ដែលមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ លោកប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត កងកម្លាំងទាំង៣ប្រភេទ ព្រមទាំងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធផ្សេងទៀតផងដែរ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅបរិវេណសាលាវិទ្យាល័យជ្រៃ ស្ថិតក្នុងឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។

គួរបញ្ជាក់ផងដែរ ពិធីបើកការដ្ឋាននេះគឺដើម្បីដំណើរការជួសជុលកំណាត់តួថ្នល់ចាស់ទទឹង ១០ម៉ែត្រ និងពង្រីកតួផ្លូវទទឹង៣,៥ម៉ែត្រសងខាង ក្រាលកៅស៊ូ DBST លើកំណាត់ផ្លូវជាតិលេខ៥ ប្រវែង ១.៥០០ ម៉ែត្រ ចាប់ពី គ.ម២៩៨+៤៥០ ដល់គ.ម២៩៩+៩៥០ និងការងារស្ថាបនាប្រព័ន្ធលូតាមបណ្តោយផ្លូវជាតិលេខ៥ ដោយដាក់ លូមូលបេតុងសរសៃដែកមុខកាត់ ១ម៉ែត្រ ១ជួរ និងអណ្តូងលូ (រឺហ្គា) បេតុងសរសៃដែក ទំហំ ១,៦ម x ,៦ម ចំនួន ៤៨កន្លែង ប្រវែងសរុប ១.២០០ម៉ែត្រ ចាប់ពី គ.ម២៩៧+៥០០ ដល់គ.ម២៩៨+៧០០ (ខាងស្តាំ) ស្ថិតនៅក្នុងឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

ឆ្លៀតឱកាសនេះ ឯកឧត្តម សុខ លូ បានផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជូនដល់បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ដើម្បីចូលរួម ទប់ស្កាត់ ក៏ដូចជាកាត់បន្ថយចំនួនអ្នកស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យនៅកម្រិតទាប ដោយបើកបរបង្កើនការប្រុងប្រយ័ត្ន រក្សាសណ្តាប់ធ្នាប់ និងមានការយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ។

ឯកឧត្តមអភិបាលខេត្តស្នើឱ្យលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ត្រូវធ្វើជាគំរូល្អក្នុងការគោរពច្បាប់ចរាចរណ៍ ខណៈរាជរដ្ឋាភិបាលបានខិតខំខ្លាំងណាស់ឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិជំរុញការអភិវឌ្ឍន៍នៅតាមមូលដ្ឋាន ជាពិសេសផ្លូវថ្នល់ សាលារៀន  សួនច្បារ និងការរៀបចំសណ្តាប់ធ្នាប់សាធារណៈសំដៅបម្រើផលប្រយោជន៍សាធារណៈជូនបងប្អូនប្រជាពលរដ្ឋ។

ឯកឧត្តមអភិបាលខេត្តបានបន្តណែនាំដល់សិស្សានុសិស្សឱ្យខិតខំសិក្សារៀនសូត្រ ចៀសឆ្ងាយពីគ្រឿងញៀន ត្រូវចេះរក្សាអនាម័យបរិស្ថាន យកចិត្តទុកដាក់ថែរក្សាសុខភាព  និងចៀសឆ្ងាយអំពើអបាយមុខផ្សេងៗ។

ឯកឧត្តម សុខ លូ ក៏បានថ្លែងការកោតសរសើរដល់មន្ទីរសាធារណការ និងដឹកជញ្ជូនដែលបានស្ថាបនា និងពង្រីកផ្លូវតាមផែនការ និងតម្រូវការប្រជាពលរដ្ឋ ព្រមទាំងបានណែនាំដល់មន្ទីរសាធារណការ មន្ទីរអភិវឌ្ឍជនបទ និងមន្ទីរពាក់ព័ន្ធផ្សេងទៀត ត្រូវបន្តយកចិត្តទុកដាក់ជួយក្នុងការសម្រួលធ្វើផ្លូវនានាក្នុងមូលដ្ឋាន ដើម្បីអោយបងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរ និងដឹកជញ្ជូនដំណាំកសិផលបានរលូនជាងមុន៕