(ពោធិ៍សាត់)៖ ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ៣២០គ្រួសារ រស់ក្នុងភូមិចំនួន២១ និង៥ឃុំ នៅស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ បានទទួលអំណោយពីកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣នេះ។
លោកវេជ្ជ. អ៊ុយ សំអុន នាយករង នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ, លោក លឹម សុតូ អភិបាលរងខេត្ត និងលោក កាង ប៉េងហាក់ អនុប្រធានអចិន្ត្រៃយ៍គណៈ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ក្រុមប្រតិបត្តិសាខា អនុសាខាស្រុកភ្នំក្រវ៉ាញ បានអញ្ជើញចុះទៅជួបសំណេះសំណាល និងផ្ដល់អំណោយដោយផ្ទាល់ជូនប្រជាពលរដ្ឋ។
លោកវេជ្ជ. អ៊ុយ សំអុន បានឲ្យដឹងថា នេះជាបេសកកម្មថ្ងៃទី៣ ក្នុងទឹកដីខេត្តពោធិ៍សាត់ ដែលមានប្រជាពលរដ្ឋរងគ្រោះសរុប ១,៨៤៥គ្រួសារ តាមការស្នើសុំរបស់សាខាកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣។
លោកវេជ្ជ. បានមានប្រសាសន៍ថា កាកបាទក្រហមកម្ពុជា មានព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងផ្តាំផ្ញើសួរសុខទុក្ខនិងក្ដីនឹករលឹកដល់កូនចៅ ប្រជានុរាស្ត្រ និងបងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់អនុសាសន៍ថា នៅពេលដែលប្រជាពលរដ្ឋជួបការលំបាក់ និងមានការស្នើសុំពីបណ្តាសាខា ត្រូវប្រញាប់រួសរាន់ជួយដល់ប្រជាពលរដ្ឋដែលត្រូវការឲ្យជួយ ដូចពាក់ស្លោកមួយបានពោលថា “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់-ដោយមិនទុកនរណាម្នាក់ចោល។
ឆ្លៀតក្នុងឱកាសនេះដែរ លោកវេជ្ជ អ៊ុយ សំអុន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ព្រោះនៅពេលចុះពិនិត្យស្ថានភាពទឹកលិចដោយជំនន់ទឹកភ្លៀង តែងតែឃើញថង់ប្លាស្ទិកគ្រប់ទីកន្លែងដែលផ្តល់ផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងបរិស្ថាន ជាក់ស្តែងថ្មីៗកន្លងទៅនេះ កាកបាទក្រហមកម្ពុជា ទើបបានចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នៅកំពង់ឆ្នាំង។
សម្រាប់គ្រួសារនីមួយៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ឃីត១កញ្ចប់ (មុង ភួយ សារុង ក្រមា) និងទឹកស៊ីអ៊ីវ ឬទឹកត្រី ៦ដប។
សូមជម្រាបថាបន្ទាប់ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្ដល់អំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ១,៨៤៥គ្រួសារ ក្នុងឃុំចំនួន១៦នៃក្រុងពោធិ៍សាត់ ស្រុកកណ្ដៀង វាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣, នៅថ្ងៃទី៤-៥-៦ ខែតុលានេះ មន្ដ្រីស្នាក់ការកណ្ដាល និងសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានចុះទៅចែកអំណោយមនុស្សធម៌ដល់ទីតាំងគ្រួសាររងគ្រោះដោយផ្ទាល់៕