ខេត្តស្វាយរៀង៖ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៤៥នាទីយប់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
មានអគ្គិភ័យមួយបានឆាបឆេះហាងកាត់សក់យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិរាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋានមកធ្វើអន្តរាគមន៍ យករថយន្តពន្លត់អគ្គិភ័យ២គ្រឿងមកបាញ់ទឹកពន្លត់រហូតគ្រប់គ្រងស្ថានការណ៍បាន មិនរាលដាលដល់ផ្ទះអ្នកដទៃនិងរងគ្រោះដល់មនុស្សឡើយ។
យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថា ម្ចាស់ហាងរងគ្រោះមានឈ្មោះសួស ស៊ីត្រា ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ ស្ថិតនៅក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
ប្រភពបន្តថា បន្ទាប់ពីមានសេចក្តីរាយការណ៍ថាមានអគ្គិភ័យឆាបឆេះនៅហាងកាត់សក់ភ្លាមកម្លាំងសមត្ថកិច្ច កងរាជអាវុធហត្ថ សហការជាមួយកម្លាំងនគរបាលបានចេញប្រតិបត្តិការពន្លត់អគ្គិភ័យបាញ់ទឹកពន្លត់បានទាន់ពេលវេលា ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០២គ្រឿង មានរថយន្ត កងរាជអាវុធហត្ថក្រុងបាវិតចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០១រថយន្តនិងរថយន្តកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិតចំនួន០១គ្រឿង ប្រើប្រាស់ទឹកចំនួន០១ឡាន ។
ចំពោះការឆាបឆេះរួមមាន ហាងកាត់សក់មានទំហំទទឹង៤ម៉ែត្រគុណនឹងបណ្តោយ៦ម៉ែត្រ ធ្វើអំពីឈើប្រក់សង្ក័សី បណ្តាលឲ្យខូចខាតសម្ភារ រួមមាន : ម៉ូតូ Scoopy សេ៊រីឆ្នាំ២០២៣ ចំនួន០១គ្រឿង ម៉ាស៊ីនបោកខោអាវចំនួន០១គ្រឿង ទូទឹកកកចំនួន០១គ្រឿង ប្រាក់ចំនួនជាង១០០០០ដុល្លារ(មួយម៉ឺនដុល្លារអាមេរិក) និងសម្ភារ:ប្រើប្រាស់មួយចំនួនទៀត។
សមត្ថកិច្ចនគរបាលបានបញ្ជាក់ទៀតថា ករណីអគ្គិភ័យឆាបឆេះខាងលើនេះគឺ មូលហេតុបណ្តាលមកពីការធ្វេសប្រហែសក្នុងអុជធូបមូស ហើយ ឆាបឆេះរាលដាលដល់សម្លៀកបំពាក់ ប៉ុន្តែសំណាងមិនរាលដាលដល់ផ្ទះអ្នកដទៃនិងរងគ្រោះដល់មនុស្សនោះទេ៕