(កំពង់ចាម)៖ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ដ្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញប្រកាសតែងតាំង លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី សមាជិកគណៈអចិន្ដ្រៃយ៍ គណៈកម្មាធិការកណ្ដាល ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ដកំពង់ចាម និងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ជាអនុប្រធានទី១។
ពិធីនេះ ត្រូវបានធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ដោយមានការចូលរួមពី អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ប្រធានក្រុមការងារស្រុក ក្រុងទាំងអស់ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ជាច្រើនរូបទៀតផងដែរ។
ថ្លែងក្នុងឱកាសនោះ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ បានលើកឡើងថា ពិធីផ្ទេរតំណែងប្រធាន និងអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ចាមនេះ ស្ថិតក្នុងបរិយាកាសរីករាយ សាមគ្គី និងសុទិដ្ឋិនិយមខ្ពស់ ស្របពេលដែលរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា សម្រេចបានជោគជ័យក្នុងការអនុវត្ត សង្គមសេដ្ឋកិច្ចលើគ្រប់វិស័យ និងសម្រេចបានជ័យជំនះ យ៉ាងភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងមកនេះ ធ្វើឲ្យយើងមានលទ្ធភាព ពេញលេញក្នុងការបង្កើត រដ្ឋសភានីតិកាលទី៧ និងរៀបចំរាជរដ្ឋាភិបាលបន្តវេន ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
សម្ដេចវិបុលសេនាភក្តី សាយ ឈុំ បានយកឱកាសនោះ ថ្លែងអំណរគុណដល់គណៈកម្មាធិការគណបក្ស គ្រប់ថ្នាក់ គ្រប់ផ្នែក សមាជិក សមាជិកាគណបក្ស មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តកំពង់ចាមទាំងមូល ដែលបានខិតខំយកអស់ពីកម្លាំងកាយ កម្លាំងចិត្ត កម្លាំងប្រាជ្ញា និងកម្លាំងធនធានផ្ទាល់ខ្លួន សម្រេចបាននូវសមិទ្ធផលដ៏ថ្លៃថ្លាកន្លងមកនេះ ដែលធ្វើឲ្យខេត្តកំពង់ចាម ទាំងនៅក្នុងក្រុង ទាំងនៅជនបទទទួលបាននូវការរីកចម្រើន ជាបន្តបន្ទាប់គួរជាទីមោទនភាព។គួរជម្រាបថា ក្នុងពិធីនោះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះវត្តមានរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និង ជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍ គណៈកម្មធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា ដែលបានឆ្លៀតពេលវេលាដ៏មានតម្ល ចូលរួមជាអធិបតី នៅក្នុងពិធីប្រកាសតែងតាំង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត កំពង់ចាមនាពេលនេះ។
លោកក៏សូមយកឪកាសនេះ សម្ដែងនូវអំណរគុណ និងកត្តាញូតាធម៌ដ៏ជ្រាលជ្រៅជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាទាំងអស់ ដែលបានផ្តល់សេចក្តីទុកចិត្ត ចាត់តាំងរូបលោកឲ្យដឹកនាំ ជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ចាម។ លោកបានចាត់ទុក ការតែងតាំងនេះ ជាមហា កិត្តិយសដ៏ធំធេងមួយ ក៏ដូចជាភារកិច្ចដ៏សំខាន់មួយរបស់គណបក្ស ដែលលោកត្រូវតែពុះពារសម្រេចឲ្យបានជោគជ័យ។
ក្នុងនាម ប្រធានក្រុមការងារគណបក្សខេត្ត ដែលទើបទទួលបានការតែងតាំងថ្មី លោកសន្ដិបណ្ឌិត នេត សាវឿន បានសម្ដែងនូវការប្តេជ្ញាយ៉ាងមុតមាំ បូជាកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់ដូចខាងក្រោម៖
*១៖ បន្តថែរក្សាស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងខេត្តកំពង់ចាមទាំងមូលឲ្យបានរឹងមាំ
*២៖ ពង្រឹងអង្គការចាត់តាំងបក្សដោយគិតលើ គុណាធិបតេយ្យ សមត្ថភាព និងប្រជាប្រិយភាព
*៣៖ សហការជាមួយគណបក្សខេត្ត គណបក្សមូលដ្ឋាន ដើម្បីកសាងពង្រឹងពង្រីកសមាជិក គណបក្សពីថ្នាក់លើរហូតដល់ថ្នាក់ក្រោម និងកំណត់យកសមាជិកបក្សមានប្រជាប្រិយភាពកន្លងមក ធ្វើជាគំរូល្អ ដល់សមាជិកថ្មី
*៤៖ ជំរុញការអភិវឌ្ឍគ្រប់ហេដ្ឋារចនាសម្ព័ន្ធ និងលើកស្ទួយជីវភាពប្រជាពលរដ្ឋ ដោយជ្រកក្រោមម្លប់សន្តិភាព និងគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព
*៥៖ រួមគ្នាដោះស្រាយសំណូមពរ បញ្ហាប្រឈម និងជំរុញការផ្តល់សេវាសាធារណៈឆាប់រហ័ស ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ស្របតាមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា
*៦៖ ប្តេជ្ញាដណ្ដើមជ័យជម្នះក្នុងការបោះឆ្នោតព្រឹទ្ធសភានីតិកាលទី៥ និងបោះឆ្នោតគ្រប់អាណត្តិ នាពេលខាងមុខ ស្របតាមផែនការយុទ្ធសាស្ត្ររបស់គណៈកម្មាធិការកណ្តាល
*៧៖ ពង្រឹងធ្លុងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ក្នុងជួរក្រុមការងារជាមួយគណបក្សគ្រប់ថ្នាក់នៅមូលដ្ឋាន ពង្រឹងទស្សនៈគោលជំហរ សកម្មភាព និងរបៀបរបបធ្វើការងារ ជាកត្តាចម្បងឈានទៅសម្រេចជោគជ័យកាន់តែប្រសើរ៕