2023-10-07 15:53
533

(ក្រចេះ)៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ និងលោក ឈឿន ប៊ុណ្ណារ័ត្ន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងក្រចេះ នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣នេះ បានដឹកនាំសហការី ធ្វើពិធីបួងសួងសុំសេចក្តីសុខនៅវត្តសិរីសុន្ធរវង្ស ហៅវត្តក្រចេះ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ និងឧទ្ទិសរំលឹកគុណជូនបុព្វការីជន និងដួងវិញ្ញាណក្ខន្ធយុទ្ធជន យុទ្ធនារី ដែលបានលះបង់តស៊ូដើម្បីបុព្វហេតុជាតិមាតុភូមិ និងជាការរំលឹកដឹងគុណចំពោះកុណបារមី ព្រះនាងក្រពុំឈូក ដែលបានជួយថែរក្សាការពារប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ លោក វ៉ា ថន និងលោក ឈឿន ប៊ុណ្ណារ័ត្ន បានអញ្ជើញអុជធូប ថ្វាយគ្រឿងសក្ការៈ ថ្វាយភ្លេងប្រពៃណីខ្មែរ ដល់បារមីព្រះនាងក្រពុំឈូក ដើម្បីសុំសេចក្តីសុខចម្រើន ជូនដល់ប្រទេសជាតិ និងបានប្រគេនទេយ្យទាន ទេយ្យវត្ថុ រួមនិងបច្ច័យមួយចំនួន ដល់ព្រះសង្ឃចូលរួមវេនកាន់បិណ្ឌ។

ជាពិសេសបានបួងសួង ថ្វាយព្រះពរជ័យថ្វាយព្រះមហាក្សត្រី សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និងប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរសម្ដេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងខេត្ត សូមឲ្យជួបសេចក្តីសុខចម្រើនគ្រប់ៗគ្នា ជៀសផុតនូវជំងឺកាចសាហាវផ្សេងៗ។

ពិធីសាសនានេះ អាចប្រព្រឹត្តទៅបានដោយសាតែប្រទេសជាតិមាន សុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងសម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំប្រទេសឲ្យមានការអភិវឌ្ឍ និងមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យព្រះពុទ្ធសាសនា ក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់។ក្នុងឱកាសដែរ លោក វ៉ា ថន អភិបាលខេត្ត ក៏បានចូលបច្ច័យចំនួន២លានរៀល ក្នុងវេនកាន់បិណ្ឌទី៨នេះផងដែរ៕