ភ្នំពេញ៖ តំបន់ទឹកដីកំពង់ភ្លុក និងប្រាសាទមួយចំនួនក្នុងខេត្តសៀមរាប បានក្លាយជាទីតាំងមួយសម្រាប់ថតភាពយន្តមានចំណងជើងថា «The Creator» របស់ Hollywood ដែលជាភាពយន្តល្បី និងបានចាក់បញ្ចាំងនៅរោងភាពយន្តនានាទូទាំងពិភពលោក។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ដោយមានការអនុញ្ញាតថតពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងដោយមានការសម្របសម្រួលពីអជ្ញាធរពាក់ព័ន្ធភាពយន្តខ្នាតវែងមានចំណងជើងថា « The Creator» ដែលជាភាពយន្តបែបវិទ្យាសាស្ត្ររបស់អាម៉េរិក ផលិត និងដឹកនាំដោយលោក Gareth Edwards បានថតឈុតឆាកមួយចំនួននៅកំពង់ភ្លុក និងប្រាសាទមួយចំនួនទៀតក្នុងខេត្តសៀមរាប កាលពីឆ្នាំ២០២២ កន្លងមក។
ភាពយន្តបែបវិទ្យាសាស្ត្ររបស់អាម៉េរិក ផលិត និងដឹកនាំដោយលោក Gareth Edwards មានការចូលរួមសម្តែងពីតារាភាពយន្តល្បីៗមួយចំនួន ក្នុងនោះមានតួក្មេងស្រីសំខាន់ម្នាក់ អាយុ ០៩ឆ្នាំ គឺជាកូនកាត់ខ្មែរ។
សូមបញ្ជាក់ថា The Creator ត្រូវបានចាប់ផ្តើមចាក់បញ្ចាំងកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ហើយត្រឹមតែថ្ងៃទី០៥ ខែតុលានេះ ភាពយន្តនេះទទួលបានចំណូលពីការចាក់បញ្ចាំងទូទាំងពិភពលោករហូតដល់ ៣៧លានដុល្លារសហរដ្ឋអាម៉េរិក៕