2023-10-08 15:18
323

ភ្នំពេញ៖ បន្ទាប់ពីកើតមានសភាពការប៉ះទង្គិចគ្នាដោយចុងអាវុធទ្រង់ទ្រាយធំរវាងកងទ័ពអ៊ីស្រាអែលជាមួយក្រុមហាម៉ាស អ៊ិស្លាមបណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់ ក្នុងនោះមាននិស្សិតខ្មែរម្នាក់ផងដែរ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានផ្តល់បច្ចុប្បន្នភាពបន្ថែមអំពីការវិវត្តសភាពការណ៍ពាក់ព័ន្ធនឹងនិស្សិត និងពលរដ្ឋកម្ពុជា នៅប្រទេសអ៉ីស្រាអែល។
    ក្រសួងការបរទេស បច្ចុប្បន្នភាពបន្ថែមអំពីការវិវត្តសភាពការណ៍ពាក់ព័ន្ធនឹងនិស្សិត និងពលរដ្ឋកម្ពុជា នៅប្រទេសអ៊ីស្រាអែល ដូចតទៅ៖
១- នៅប្រទេសអ៊ីស្រាអែល មានពលរដ្ឋកម្ពុជា ដែលភាគច្រើនជានិស្សិត កំពុងស្នាក់នៅនិងសិក្សា ចំនួនប្រមាណ ៤៥០រូប ក្រសួងការបរទេស សូមសម្តែងនូវការសោកស្តាយជាពន់ពេកចំពោះសេចក្តីរាយការណ៍អំពីការបាត់បង់ជីវិតនិស្សិតកម្ពុជាចំនួន ០១រូប នៅក្នុងហេតុការណ៍ ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់ និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយគ្រួសារសពជនរងគ្រោះ។
២- តាមរយៈកិច្ចអន្តរាគមន៍ដោយផ្ទាល់ និងយកចិត្តទុកដាក់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និស្សិតកម្ពុជា ចំនួន ០៣រូប ត្រូវបានរំដោះចេញពីតំបន់ប្រយុទ្ធគ្នា និងបានមកដល់ទីតាំងមានសុវត្ថិភាព នៅទីក្រុងតែលអាវីវ រួចហើយ «សុវត្ថិភាពរបស់ពលរដ្ឋកម្ពុជា គឺជាអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាល»។
៣- ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំ ប្រទេសតួកគី និងប្រចាំប្រទេសអេហ្ស៊ីប បាននឹងកំពុងបន្តទំនាក់ទំនងដោយផ្ទាល់ជាមួយនិស្សិត និងពលរដ្ឋកម្ពុជានៅទីនោះ ព្រមទាំងបន្តទំនាក់ទំនងដោយផ្ទាល់ និងជិតស្និទ្ធជាមួយអាជ្ញាធរអ៊ីស្រាអែល ដើម្បីស្នើសុំកិច្ចសហប្រតិបត្តិការផ្ដល់កិច្ចការពារសុវត្ថិភាពជូននិស្សិត និងពលរដ្ឋកម្ពុជាទាំងអស់។
៤- ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមបន្តអំពាវនាវនិស្សិត និងពលរដ្ឋកម្ពុជា ដែលកំពុងស្នាក់នៅប្រទេសអ៊ីស្រាអែល គោរពនិងអនុវត្តដាច់ខាតតាមការណែនាំរបស់ អាជ្ញាធរអ៊ីស្រាអែល ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។
៥- ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមថ្កោលទោសគ្រប់ទម្រង់នៃអំពើហិង្សា និងសកម្មភាពភេរវកម្ម។
   សូមបញ្ជាក់ថា ក្រុមភេវករហាម៉ាស់ បានបើកការវាយប្រហារដោយគ្រាប់រ៉ីកែត ទាំងតាមផ្លូវគោក សមទ្រ និងអាកាសទ្រង់ទ្រាយធំមិនធ្លាប់មាន កាលពីថ្ងៃសៅរ៍ ទី០៧ ខែតុលា ឆ្នាំ២០២៣ កន្លងមកនេះ៕