2023-10-08 16:31
475

(កំពង់ចាម)៖ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ ត្រូវនិងថ្ងៃបិណ្ឌ៩នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងលោកស្រី ញូង ចរិយា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម រួមទាំងសមាជិក សមាជិការ និងថ្នាក់ដឹកនាំមន្ត្រីរាជការ ជាច្រើនរូប បានចូលរួមសូត្រមន្តកាន់បិណ្ឌទី៩ នៅវត្តហាន់ជ័យ ក្នុងស្រុកកំពង់សៀម និងវត្តអន្លង់សំឡី នៅក្នុងស្រុកស្ទឹងត្រង់ ដើម្បីឧទ្ទិសមគ្គផលកុសលបុណ្យ ដល់អ្នកមានគុណទាំងឡាយ ដែលបានចែកឋានទៅហើយនោះ។
​​​​   បើតាមលោកតាអាចារ្យ បានលើកឡើងថា ការមកចូលរួមកាន់បិណ្ឌនេះ គឺដើម្បីបង្អោនចិត្ត គោរពដល់គុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ដើម្បីឧទ្ទិសមគ្គផលកុសលបុណ្យ ដល់ជីដូនជីតា ឪពុកម្តាយ បងប្អូន និងញាតិសន្តានទាំងឡាយ ដែលបានចែកឋានទៅហើយ និងដើម្បីឲ្យបានសេចក្តីសុខចម្រើន សិរីសួស្តី ដែលកើតពីផលទានរបស់ខ្លួនផង។
ពិធីបុណ្យនេះដែរ ក៏ដើម្បីឲ្យពុទ្ធបរិស័ទបានជួបជុំគ្នា ទទួលនូវពាក្យអប់រំទូន្មានរបស់ព្រះពុទ្ធ ដើម្បីឲ្យស្គាល់បាប បុណ្យ គុណ ទោស និងខិតខំសាងអំពើល្អ នៅក្នុងដំណើរចិញ្ចឹមជីវិតរស់នៅប្រចាំថ្ងៃ។
   លោកអាចារ្យឲ្យដឹងទៀតថា ពិធីកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ ជាពិធីមួយសំខាន់បំផុតនៅក្នុងព្រះពុទ្ធសាសនា តាំងពីបុរមបុរាណមក ដើម្បីផ្តល់ឱកាសឲ្យកូនចៅដែលនៅរស់ អាចឧទ្ទិសមគ្គផលកុសលបុណ្យ ជូនដល់បុព្វការីជន ដែលបានចែកឋានទៅកាន់លោកខាងមុខ នឹងដើម្បីឲ្យបានសេចក្តីសុខចម្រើន សិរីសួស្តីដែលកើតពីផលទានរបស់ខ្លួនផង ពោលគឺជឿលើកម្មផល បុណ្យ និងបាបជាដើម។
   សូមបញ្ជាក់ថា ទេយ្យទានដែលបាននាំយកប្រគេនព្រះសង្ឃទាំងពីរវត្តនោះ ក្នុងមួយវត្ត ៗ រួមមាន អង្ករ ១០០គីឡូក្រាម, មី ១ កេសធំ, ទឹកដោះគោខាប់ ១កេសធំ, ត្រីខ ១កេសធំ, ទឹកស៊ីអ៊ីវ ៥ យួរ, ទឹកត្រី ៥យួរ, ទឹកសុទ្ធ ៥កេស, ទឹកក្រូច ៥កេស, តែ ៥គីឡូ,ស្ករស ៥គីឡូ , និងបច្ច័យសម្រាប់កសាងផ្សេងៗ មួយចំនួនផងដែរ ៕